ដោយៈ មុនីរ័ត្ន / ភ្នំពេញៈ សម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ដ្រី រដ្ឋមន្ដ្រីក្រសួង មហាផ្ទៃ បានបញ្ជាក់ថាៈ ក្នុងរយៈពេល ១០ កន្លងមក ចាប់ពីឆ្នាំ ២០១០ រហូតដល់ឆ្នាំ ២០២០ ការងារគោលនយោបាយ ភូមិ-ឃុំ មានសុវត្ថិភាព ទទួលបានជោគជ័យ យ៉ាងធំធេង ហើយក៏មានបញ្ហាខ្លះ ដែលភាគីពាក់ព័ន្ធ ត្រូវរួបរួមគ្នា ដោះស្រាយបន្ដទៀត ដើម្បីឲ្យកាន់តែ ទទួលជោគជ័យ បន្ថែមទៀត។
ការបញ្ជាក់របស់ សម្ដេចក្រឡាហោម ស ខេង បានធ្វើឡើង នៅក្នុងកម្មវិធីប្រកាស ផ្សព្វផ្សាយ ដាក់ឲ្យប្រើប្រាស់ ជាផ្លូវការ ផែនការសកម្មភាពជាតិ ស្ដីពីការទប់ស្កាត់ អំពើហិង្សាលើស្ដ្រី ២០១៩-២០២៣ នៅព្រឹកថ្ងៃទី១៩ ខែមករា ឆ្នាំ២០២០ នៅសណ្ឋាគារ សូហ្វីតែល ភ្នំពេញ ភូគីត្រា។
សម្ដេចក្រឡាហោម ស ខេង បានមានប្រសាសន៍បន្តថាៈ នាពេលកន្លងមក គោលនយោបាយ ភូមិ-ឃុំ មានសុវត្ថិភាព ភាគីពាក់ព័ន្ធ បានរួមគ្នាដោះស្រាយទទួលបាន ជោគជ័យ គួរឲ្យកត់សំគាល់ តាមរយៈការបូកសរុប លទ្ធការងាររបស់ អគ្គស្នងការដ្ឋាន នគរបាលជាតិ។ “យើងឃើញថា ក្នុងរយៈពេល១០ឆ្នាំ ឆ្នាំ២០១០-២០២០គឺលទ្ធផលនៃ ការអនុវត្ត គោលនយោបាយ ភូមិ-ឃុំ មានសុវត្ថិភាពនេះ គឺទទួលបានជោគជ័យធំណាស់។ ប៉ុន្ដែទោះបីយ៉ាងណាយើង ឃើញថា នៅមានបញ្ហាខ្លះ ដែលនៅតែជាបញ្ហាហើយអាច ធំជាង ពីមុនថែមទៀត”។
សម្ដេចក្រឡាហោម ស ខេង ក៏បានលើកឧទាហរណ៍ថាៈ ដូចជា បញ្ហាគ្រឿងញៀន ក៏ស្ថិតនៅក្នុងកម្មវិធី គោលនយោបាយ ភូមិ-ឃុំ មានសុវត្ថិភាព ក្នុងការអនុវត្តនាពេល កន្លងទៅ ទទួលបានលទ្ធផលច្រើន ហើយចំនួន ចាប់ជនល្មើសជួញដូរគ្រឿងញៀន និងវត្ថុតាងគ្រឿងញៀន មកដាក់ទោស ក៏បានកាន់តែច្រើនដែរ ប៉ុន្ដែមិនទាន់ធូរស្រាល។ សម្ដេចក្រឡាហោម បានបន្ដថាៈ បញ្ហាខ្លះ ត្រូវដកចេញពី គោលនយោបាយ ភូមិ-ឃុំ មានសុវត្ថិភាព ដើម្បីដាក់បញ្ចូល បញ្ហាបច្ចុប្បន្នភាពវិញ។
សម្ដេចក្រឡាហោម ក៏បានធ្វើការកោតសរសើរ ចំពោះក្រុមការងារអន្តរក្រសួងឆ្លើយតប ទៅនឹងអំពើហិង្សាទាក់ទងនឹងយេនឌ័រ ដែលមានក្រសួងកិច្ចការនារី ជាអ្នកសម្របសម្រួល ក្នុងការរៀបចំឡើងវិញ នូវផែនការសកម្មភាពជាតិ ស្តីពីការទប់ស្កាត់ អំពើហិង្សាលើស្ត្រី ដ៏មានសារៈប្រយោជន៍នេះ ដើម្បីជំរុញការអនុវត្ត ឱ្យសម្រេចបាននូវ គោលនយោបាយរបស់ រាជរដ្ឋាភិបាលកម្ពុជា ដោយបានចាត់ទុក ការលុបបំបាត់អំពើហិង្សាលើស្ត្រីជាការងារ អទិភាព។
រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ បានបន្តទៀតថាៈ គ្រប់ក្រសួងស្ថាប័នរដ្ឋ ឯកជន និងអង្គការសង្គម ស៊ីវិល ត្រូវតែចូលរួមអនុវត្ត ឱ្យបានម៉ឺងម៉ាត់ និងគ្រប់ជ្រុងជ្រោយ ដើម្បីទប់ស្កាត់លុបបំបាត់ គ្រប់ទម្រង់ នៃអំពើហិង្សាលើស្ត្រី និងក្មេងស្រី និងការពារជនរងគ្រោះឱ្យបានទាន់ពេល វេលា និងប្រកបដោយប្រសិទ្ធភាព សំដៅអភិវឌ្ឍន៍ធនធានមនុស្ស ដែលជាគន្លឹះសម្រាប់ ទ្រទ្រង់កំណើនសេដ្ឋកិច្ច និងភាពប្រកួតប្រជែង របស់ប្រទេស និងធានាកិច្ចអភិវឌ្ឍន៍ ប្រកបដោយចីរភាព ស្របតាមយុទ្ធសាស្ត្រ ចតុកោណដំណាក់កាលទី៤ ដើម្បីកំណើន ការងារសមធម៌ និងប្រសិទ្ធភាព ដែលមានចំណងជើង កសាងមូលដ្ឋាន ឆ្ពោះទៅសម្រេច ចក្ខុវិស័យកម្ពុជា ឆ្នាំ២០៥០៕/V-PC