ដោយៈ ជាសីហៈ/ភ្នំពេញៈការវិនិយោគរបស់ចិនមកកាន់កម្ពុជាកាលពីឆ្នាំ២០២០ មានកំណើនកើនឡើងទោះបីជាស្ថិតក្នុងស្ថានភាពនៃជំងឺវីរុសកូវីដ-១៩ក៏ដោយ នេះបើតាម សេចក្តីរាយការណ៍របស់ស្ថានទូតចិន នៅកម្ពុជា ។
ចាប់ពីខែ មករា ដល់ ខែវិច្ឆិកា ឆ្នាំ២០២០ ការវិនិយោគដោយផ្ទាល់របស់ចិនក្នុងប្រទេស កម្ពុជាមានចំនួន ៨៦០ លានដុល្លារសហរដ្ឋអាមេរិក បើធៀបជាមួយនឹងរយៈពេលដូចគ្នា កាលពីឆ្នាំ ២០១៩ មានកំណើន ៧០%។
ប្រភពដដែលបានអះអាងថា គម្រោងវិនិយោគសំខាន់ៗនៅកម្ពុជាបានពុះពាររាល់ ផលប៉ះពាល់នៃជំងឺវីរុសកូវីដ-១៩ និងបានដំណើរការទៅមុខយ៉ាងរលូន ។
ប្រភពដដែលបានបន្តថា គម្រោងដែលលេចធ្លោរមានដូចជា ស្ថានីយ៍អគ្គិសនី Huadian ខេត្តព្រះសីហនុដែលដើរដោយថាមពលកម្តៅបានបញ្ចប់ការតម្លើងគ្រោងដែកនៃរោងចក្រ។ ផ្លូវល្បឿនលឿនពីភ្នំពេញ-ព្រះសីហនុបានបញ្ចប់ ៣៩% នៃសំណង់វិស្វកម្មសរុប។ ចំនួន សហគ្រាសក្នុងតំបន់សេដ្ឋកិច្ចពិសេសខេត្តព្រះសីហនុមានចំនួនកើនឡើងជាបន្តបន្ទាប់ ហើយបរិមាណនៃការនាំចូលនិងនាំចេញបានឈានដល់កម្រិតខ្ពស់ជាប្រវត្តិសាស្ត្រ។ អាកាសយានដ្ឋានអន្តរជាតិសៀមរាបអង្គរថ្មី(AIAI)បានចាប់ផ្តើមសាងសង់អគារ Terminal និងទីតំបន់សម្រាប់ការហោះហើរ។ ក្រុមហ៊ុន Sinomach Heavy Equipment Group CO.,Ltd បានចុះហត្ថលេខាលើកិច្ចព្រមព្រៀងលើគម្រោងវិនិយោគ BOTនៃស្ថានីយ៍វារីអគ្គិសនី ស្ទឹងតាតៃលើ៕/PC