ដោយ: យោធិន / ភ្នំពេញ: រាជរដ្ឋាភិបាលកម្ពុជាតាមរយៈអាជ្ញាធរមីន បានទទួលនូវសម្ភារៈជាជំនួយមនុស្សធម៌វិស័យសកម្មភាពមីន ពីសាធារណរដ្ឋប្រជាមានិតចិន ក្នុងគោលបំណងរួមចំណែកជួយដល់កម្ពុជា បង្កើនបាននូវសក្តានុពលលើវិស័យបោសសំអាតមីន។
ពិធីផ្ទេរប្រគល់នាព្រឹកថ្ងៃទី១៩ ខែមករា ឆ្នាំ២០២១ នៅទីស្នាក់ការអាជ្ញាធរមីនក្រោមវត្តមានលោកទេសរដ្ឋមន្តីលី ធុជ តំណាងដ៏ខ្ពង់ខ្ពស់សម្តេចតេជោហ៊ុនសែននាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា និងជាប្រធានអាជ្ញាធរមីន អនុប្រធានទី១ អាជ្ញាធរមីននិងលោកWang Wentian ឯកអគ្គរដ្ឋទូតវិសាមញ្ញនិងពេញសមត្ថភាពនៃសាធារណរដ្ឋប្រជាមានិតចិនប្រចាំនៅកម្ពុជា ជាអធិបតីក្នុងពិធីប្រគល់-ទទួលនូវសម្ភារៈជាជំនួយឥតសំណងរបស់រដ្ឋាភិបាល និងប្រជាជនចិន ជូនចំពោះរាជរដ្ឋាភិបាលកម្ពុជា តាមរយៈអាជ្ញាធរមីន។
សូមបញ្ជាក់ថា ពិធីប្រគល់-ទទួលនេះ មានការអញ្ជើញចូលរួមពីតំណាងក្រសួងការបរទេសនិងសហប្រតិបត្តិការអន្តរជាតិ តំណាងទីស្តីគណៈរដ្ឋមន្ត្រី មន្ត្រីស្ថានទូតចិនប្រចាំនៅកម្ពុជា និងថ្នាក់ដឹកនាំអាជ្ញាធរមីនជាច្រើនរូបផងដែរ។
ថ្លែងក្នុងនាមរាជរដ្ឋាភិបាលកម្ពុជា លោកទេសរដ្ឋមន្ត្រីលីធុជបានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅ និងវាយតម្លៃខ្ពស់ជូនចំពោះរដ្ឋាភិបាល និងប្រជាជនចិន ដែលជានិច្ចកាលតែងតែយកចិត្តទុកដាក់ និងគាំទ្រជួយដល់ការអភិវឌ្ឍនៅកម្ពុជាគ្រប់កាលទេសៈ ក្នុងនោះរួមមានទាំងការផ្តល់ជំនួយឥតសំណងដ៏ថ្លៃថ្លា សម្រាប់វិស័យសកម្មភាពមីនមនុស្សធម៌ ទាំងសម្ភារបច្ចេកទេស ហិរញ្ញវត្ថុ និងបណ្តុះបណ្តាលធនធានមនុស្ស ក្រោមការខិតខំប្រឹងប្រែងរបស់ លោក Wang Wentian ឯកអគ្គរដ្ឋទូតនៃសាធារណៈរដ្ឋប្រជាមានិតចិនប្រចាំនៅកម្ពុជា ក្នុងការចូលរួមនិងសម្របសម្រួលក្នុងវិស័យសកម្មភាពមីននៅកម្ពុជា។
លោកទេសរដ្ឋមន្ត្រីបានបន្តថា កម្ពុជានៅតែត្រូវការជាចាំបាច់នូវជំនួយដ៏សប្បុរសរបស់មហាមិត្តចិន សម្រាប់ការងារបោសសម្អាតមីននៅកម្ពុជា។ ជាមួយនឹងការរួមចំណែកជាជំនួយមនុស្សធម៌វិស័យសកម្មភាពមីនពីមិត្តចិនជាបន្តបន្ទាប់ រាជរដ្ឋាភិបាលកម្ពុជា ក្រោមការដឹកនាំរបស់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា មានជំនឿយ៉ាងមុតមាំថា កម្ពុជា នឹងទទួលបានជោគជ័យ ក្នុងការអនុវត្តនូវផែនការយុទ្ធសាស្ត្រជាតិសកម្មភាពមីន ២០១៨-២០២៥ គឺឆ្ពោះទៅរកកម្ពុជាមួយដែលគ្មានមីនឆ្នាំ២០២៥ ជាពិសេសចូលរួមដល់ការជួយសង្គ្រោះជីវិតមនុស្ស ការចូលរួមកាត់បន្ថយភាពក្រីក្រ និងការកសាងជីវភាពរស់នៅរបស់ប្រជាពលរដ្ឋឲ្យកាន់តែប្រសើរឡើង។
លោក Wang Wentian បានមានប្រសាសន៍ថា ប្រទេសចិន មានសេចក្តីសប្បាយរីករាយ និងពេញចិត្តក្នុងការចូលរួមជាមួយរាជរដ្ឋាភិបាលកម្ពុជា តាមរយៈអាជ្ញាធរមីន សំដៅគាំទ្រដល់វិស័យបោសសម្អាតមីនមនុស្សធម៌នៅកម្ពុជា ហើយប្រទេសចិន នឹងបន្តគាំទ្រទាំងសម្ភារៈ ថវិកា និងការបណ្តុះបណ្តាលធនធានមនុស្សដល់អាជ្ញាធរមីន ដើម្បីឲ្យកម្ពុជាអាចសម្រេចនូវគោលដៅរបស់ខ្លួនគ្មានមីនឆ្នាំ២០២៥។
ឯកអគ្គរដ្ឋទូតចិនបានចាត់ទុកការងារបោសសម្អាតមីន ពិតជាមានសារៈសំខាន់ណាស់សម្រាប់គាំទ្រដល់ការអភិវឌ្ឍ និងជួយសង្គ្រោះជីវិតមនុស្ស ហើយឯកអគ្គរដ្ឋទូត នឹងជួយជម្រុញដល់រដ្ឋាភិបាលប្រទេសចិន ឲ្យបន្តការគាំទ្រ និងពិចារណារាល់ការស្នើសុំរបស់អាជ្ញាធរមីន។ លោកឯកអគ្គរដ្ឋទូត បានបន្តទៀតថាៈទោះបីពិភពលោកមានការរីករាលដាលនៃជម្ងឺឆ្លងកូវីដ-១៩ ប៉ុន្តែការងារបោសសម្អាតមីនមនុស្សធម៌នៅតែបន្ត និងមិនមានផលប៉ះពាល់ឡើយ។
ឆ្លៀតក្នុងឱកាសនោះ ក្នុងនាមរាជរដ្ឋាភិបាលកម្ពុជាអនុប្រធានទី១អាជ្ញាធរមីនក៏បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅជូនចំពោះរដ្ឋាភិបាលនៃសាធារណរដ្ឋប្រជាមានិតចិន ដែលបានផ្តល់នូវជំនួយវ៉ាក់សាំងជម្ងឺឆ្លងកូវីដ-១៩លើកដំបូងចំនួនមួយលានដុស ជូនដល់រាជរដ្ឋាភិបាល និងប្រជាជនកម្ពុជា និងសូមកោតសរសើរមហាមិត្តចិនចំពោះការរីកចម្រើនសេដ្ឋកិច្ច និងការអភិវឌ្ឍលើគ្រប់វិស័យក្នុងកំឡុងពេលការរីករាលនៃជម្ងឺកូវីដ-១៩នេះ។
លោកទេសរដ្ឋមន្ត្រីបានបញ្ជាក់បន្តថាៈជំនួយឥតសំណងនេះ គិតជាប្រាក់ប្រមាណ មួយលានដុល្លារអាមេរិក រួមមានៈ ១/.រថយន្ត Pick Up ចំនួន ០៨ គ្រឿង ២/.ឧបករណ៍រាវមីន ចំនួន ១៣០ គ្រឿង ៣/.ប្រអប់សម្ភារៈចំនួន ១០០ ឈុត ៤/.ប្រអប់សម្ភារៈបំផ្ទុះគ្រាប់ (EOD) ចំនួន ២០ ឈុត ៥/.សម្លៀកបំពាក់ការពារចំនួន ១០ កំផ្លេ ៦/.មួកការពារចំនួន ១០ ៧/.ដ្រូន (UAV) ចំនួន ០៤ គ្រឿង ៨/.ឯកសណ្ឋាន ស្បែកជើង និងមួក ចំនួន ៥០០ កំផ្លេ និង៩/.តង់ចំនួន ៥០០តង់។
សូមបញ្ជាក់បន្ថែមថា ក្រៅពីប្រទេសចិន បច្ចុប្បន្ននេះ កម្ពុជា មានការគាំទ្រពីប្រទេសម្ចាស់ជំនួយដទៃទៀត រួមមានៈ សហរដ្ឋអាមេរិក អូស្ត្រាលី អង់គ្លេស ជប៉ុន ន័រវែស កាណាដា អាល្លឺម៉ង់ ស្វីស ណូវែលហ្សឺឡង់ សាធារណរដ្ឋកូរ៉េ អៀរឡង់ UNDP និង UNICEF ព្រមទាំងមូលនិធិ អង្គការសង្គមស៊ីវិល និងសប្បុរសជន ដល់វិស័យសកម្មភាពមីននៅកម្ពុជា ផងដែរ។
សូមបញ្ជាក់ផងដែរ គិតត្រឹមឆ្នាំ២០២០ កម្ពុជាបានបោសសម្អាតផ្ទៃដីចំនួន ២,១៣៨គីឡូម៉ែត្រក្រឡា បានបំផ្លាញចោលគ្រាប់មីនប្រឆាំងមនុស្ស ១,០៩៥,៧៥០គ្រាប់ មីនប្រឆាំងរថក្រោះ ២៥,៤៨៨គ្រាប់ និងសំណល់ជាតិផ្ទុះពីសង្គ្រាមរាប់បញ្ចូលទាំងគ្រាប់បែកចង្កោម ២,៨៨៥,២៩៤ គ្រាប់ ដោយមានអ្នកទទួលផល៦,៣៥៧,៨៥៣នាក់។ ទោះបីជាមានការខិតខំប្រឹងប្រែងយ៉ាងណាក៏ដោយ ប្រទេសកម្ពុជា នៅតែមានបញ្ហាប្រឈមដ៏ធំធេងលើផ្ទៃដី២,១៥២ គីឡូម៉ែត្រក្រឡា ដែលក្នុងនោះ ៨៣៥ គីឡូម៉ែត្រក្រឡា រងផលប៉ះពាល់ដោយគ្រាប់មីន៕