រដ្ឋាភិបាល​នៅ​ឆ្នាំ​២០២០​បាន​ចំណាយ​ថវិកា​៣៨​លាន​ដុល្លារ​ជួយ​ដល់​មន្ទីរពេទ្យ​គន្ធបុប្ផា ខណៈ​គន្ធបុប្ផា​ព្យាបាល​ជំងឺ​ដល់​កុមារ​និង​ស្ត្រី​មាន​ផ្ទៃពោះ​ជាង៧៧ម៉ឺននាក់​

ដោយៈ​សុផល​/​ភ្នំពេញ​៖ រាជរដ្ឋាភិបាល​នៅ​ឆ្នាំ​២០២០​បាន​ចំណាយ​ថវិកា​ប្រមាណ​ ៣៨​លាន​ដុល្លារ​អាមេរិក​ដល់​មន្ទីរ​ពេទ្យ​គន្ធបុប្ផា​ទាំង​៥​សម្រាប់​គាំទ្រ​ដល់​ដំណើរការ​ពិនិត្យ​និង​ព្យាបាល​ជំងឺ​ដល់​កុមារ​និង​ស្ត្រី​មាន​ផ្ទៃពោះ​កម្ពុជា​ដោយ​ឥតគិតថ្លៃ​។​

ថ្លែង​នៅក្នុង​ពិធី​ប្រគល់​វិភាគទាននៃ​កម្មវិធី ​“​វី​តា​ល់​អ្នកជា​វីរបុរស​វគ្គ​២” ​ជូន​មូលនិធិ​គន្ធបុប្ផា​កម្ពុជា​នៅ​រសៀល​ថ្ងៃទី​១៨​ខែមករា​លោក រស់ សីល​វ៉ា រដ្ឋលេខាធិការ​ក្រសួងសេដ្ឋកិច្ច​និង​ហិរញ្ញ​វត្ថុ​និង​ជា​នាយក​ប្រតិបត្តិ​មូលនិធិ​គន្ធបុប្ផា​កម្ពុជា​បាន​មានប្រសាសន៍ថា​ក្នុង​ឆ្នាំ​២០២០​មាន​កុមារ​មក​ពិនិត្យ​និង​ព្យាបាល​ជំងឺ​ដោយ​ឥតគិតថ្លៃ​នៅក្នុង​ផ្នែក​ជំងឺ​ក្រៅ​របស់​មន្ទីរពេទ្យ​គន្ធបុប្ផា​ទាំង​៥​ចំនួន​៦៣៩២៦៨​ករណី​និង​ស្ត្រី​មាន​ផ្ទៃពោះ​មក​ទទួល​សេវា​ចំនួន​១៣២៤៤៣​ករណី​ដោយ​ចំណាយ​ថវិកា​ប្រមាណ​៣៨​លាន​ដុល្លារ​អាមេរិក​។​

​លោកស្រី ជឹ​ង សុគន្ធា​វី អគ្គនាយិកា ក្រុមហ៊ុន វ័ន ហ្វ្រេ​ត​ធើ​នី​ធី ឯ​.​ក (​វី​តា​ល់​) បាន​មានប្រសា សន៍ថា​ជាមួយនឹង​គោលបំណងនិង​ឆន្ទៈ​បន្ត​និរន្តរភាពនៃ​បេសកកម្ម​ពិនិត្យពិគ្រោះ​និង​ព្យាបាល​​កុមារ​កម្ពុជា​ដោយ​ឥតគិតថ្លៃ​និង​គ្មាន​ការរើសអើង​នៃ​មន្ទីរពេទ្យ​គន្ធបុប្ផា​ទាំង​៥​ទីតាំង​។​វី​តា​ល់​បាន​ពាំ​នាំនូវ​វិភាគទាន​សរុប​ជា​ទឹកប្រាក់​ចំនួន​១០១១៧៣០០០​រៀល​(​ជាង​១០១​លាន​រៀល​)ដែល​បាន​​មកពី​ប្រតិបត្តិការ​រយៈពេល ពេញ​មួយ​១​ឆ្នាំ នៃ​កម្មវិធី “​វី​តា​ល់ អ្នកជា​វីរបុរស វគ្គ​២”​និង​វិភាគ​ទាន​សមាជិកភាព​ប្រចាំឆ្នាំ​ពី​បុគ្គលិក និង​ថ្នាក់ដឹកនាំ​វី​តា​ល់​។​

​លោកស្រី​បាន​បន្តថា​ផ្អែកលើ​មូលនិធិ​២៥៛ វី​តា​ល់​បាន​បង្កើត​កម្មវិធី​សប្បុរសធម៌ បែប​ទំនើប​ជា​លើក​ទី​២ជាមួយ​គោលបំណងយ៉ាងច្បាស់​លាស់ក្នុងការ​បង្កលក្ខណៈ​ងាយស្រួលនិង​អំណោ​យ​ផល ដល់​អតិថិជន ដើម្បី​ចូលរួម​ធ្វើអំពើ​ល្អ​ដោយ​គ្រាន់តែ​ជាវ​វី​តា​ល់ តាម​ទូល​ក់​ភេសជ្ជៈ​ស្វ័យ​ប្រវត្តិ​ទាំង​១៨ នៅក្នុង​រាជធានី​ភ្នំពេញ​។ លោកស្រី​បាន​ថ្លែងអំណរគុណ ដល់​អតិថិជន​វី​តា​ល់ ដែល​បាន​ចូលរួម​គាំទ្រ​កម្មវិធី​នេះ យ៉ាងច្រើន​លើសពី​ការរំពឹងទុក ដើម្បី​ក្រុមហ៊ុន​មានលទ្ធភាព ក្នុងការ​ប្រមូល​ថវិកា​គាំទ្រ ដល់​បេសកកម្ម​ពិនិត្យ ពិ គ្រោះ និង​ព្យាបាល​កុមារ​កម្ពុជានៃ​មន្ទីរ​ពេ​ទ្យ​គន្ធបុប្ផា​ទាំង​៥​ទីតាំង​។ បន្ថែម​ពីនេះ លោកស្រី​ក៏បាន​ថ្លែង​អំណរ​អរគុណ​ដល់​បុគ្គលិក​វី​តា​ល់ និង​ថា្នក់​ដឹកនាំ​ក្រុមហ៊ុន ដែល​បាន​បន្ត​ចូលរួម​វិភាគទាន​ជា​សមាជិក​គាំទ្រ តាម​ការស្ម័គ្រចិត្ត និង​លទ្ធភាព​នៅក្នុង​ឆ្នាំ​ថ្មី​នេះ​។​

​លោក រស់ សីល​វ៉ា បានចាត់ទុក​កម្មវិធី វី​តា​ល់ អ្នកជា​វីរបុរស​នេះ​មិន​ត្រឹមតែ​ចូលរួម​ផ្សព្វផ្សាយ ពី​មូលនិធិ​គន្ធបុប្ផា​កម្ពុជា ដល់​ប្រជាពលរដ្ឋ​ទូទៅ​ប៉ុណ្ណោះ​ទេ ថែមទាំង​បាន​ផ្តល់ឱកាស និង​លក្ខណៈ​ងាយស្រួល ដល់​សាធារណជន​ក្នុង​ការចូល​រូ​ម​បរិច្ចាគ​ជូន​មន្ទីរពេទ្យ​គន្ធបុប្ផា​ថែមទៀត​ផង​។ ជាងនេះទៅទៀត លោក​រដ្ឋលេខាធិការ ក៏បាន​កោតសរសើរ​ដ​ល់​វី​តា​ល់ ដែល​តែងតែ​យកចិត្តទុកដាក់ ចំពោះ​សកម្មភាព​មនុស្សធម៌ និង​ការងារ​សង្គម​នានា ជាពិសេស​ជាមួយ មូលនិធិ​គន្ធបុប្ផា​កម្ពុជា​។

លោកបានបន្ថែមថា៖រាជរដ្ឋាភិបាល តាមរយៈមូលនិធិគន្ធបុប្ផាកម្ពុជា បាន និងកំពុង​បន្តកិច្ច​ខិត​ខំប្រឹងប្រែងយ៉ាងសកម្មភាពក្នុងការកៀរគរ ការចូលរួមបរិច្ចាគពីគ្រប់ទិសទី ព្រមទាំងជំរុញ និង​លើកទឹកចិត្តដល់ស្ថាប័នរដ្ឋ ឯកជន និងសាធារណៈជន ឱ្យចូលរួម និងបំផុសចលនាគាំទ្រ និង​បរិច្ចាគជូនមូលនិធិគន្ធបុប្ផាកម្ពុជាតាមលទ្ធភាពដែលអាចធ្វើទៅបាន។ជាក់ស្តែងក្រុមហ៊ុន​វីតាល់ គឺជាក្រុមហ៊ុនផលិតទឹកពិសាដំបូងគេ ក្នុងព្រះរាជាណាចក្រកម្ពុជា ដែលបានបំផុស​ចលនាក្នុង​ចំណោមគណៈគ្រប់គ្រង និងបុគ្គលិកទាំងអស់ចំនួន ៨០៨នាក់ ចូលរួមជាសមាជិកគាំទ្រ​របស់​មូលនិធិគន្ធបុប្ផាកម្ពុជា កាលពីខែកក្កដា ឆ្នាំ២០១៩ កន្លងទៅ។ គំនិតផ្តួចផ្តើមផ្សេងៗទៀត ជាពិសេស តាមរយៈ ការប្រគល់ថវិកាទទួលបានពីកម្មវិធី “វីតាល់ អ្នកជាវីរបុរស វគ្គ២” របស់​ក្រុមហ៊ុននៅថ្ងៃនេះសរបញ្ជាក់ឱ្យឃើញអំពីការចូលរួមដ៏ថ្លៃថ្លាក្នុងសកម្មភាពមនុស្សធម៌ដែល បាននិងកំពុងសង្រ្គោះកុមាររាប់លាននាក់។

​​គួរ​រំលឹក​ផងដែរ​ថា កាលពី​ខែកក្កដា ឆ្នាំ​២០១៩ វី​តា​ល់ បាន​បង្កើត​មោទនភាព​ថ្មី មួយ​ក្នុងការ​ក្លាយខ្លួន ជា​ក្រុមហ៊ុន​ផលិត​ទឹក​ពិសា​ក្នុងស្រុក​ដំបូង​គេ ដែលមាន​បុគ្គលិក​ទាំងអស់​ចំនួន​៨០៨​នាក់ ចុះឈ្មោះ ជា​សមាជិក​គាំទ្រ នៃ​មូលនិធិ​គន្ធបុប្ផា​កម្ពុជា យ៉ាងតិច​រយៈពេល​មួយឆ្នាំ ។

តាមរយៈ​ចលនានិង​ការលើកទឹកចិត្ត​ដល់​បុគ្គលិក​គ្រប់​ជាន់ថ្នាក់ ក្នុងការ​ចូលរួម​បរិច្ចាគ​វិភាគ​ទាន ដោយ​ស្ម័គ្រចិត្ត វី​តា​ល់​ប្រមូលបាន​វិភាគទាន​សរុប ៨៦,១៨០,០០០ រៀល ជូន​មូលនិធិ​គន្ធបុប្ផា​កម្ពុជា ក្នុង​ឆ្នាំ​២០១៩​។ ក្រោយ​៣​ខែ នៃ​ព្រឹត្តិការណ៍​ដ៏​មាន​អត្ថន័យ​នោះ វី​តា​ល់​បាន បន្ត​បេសក​កម្ម មនុស្ស​ធ​ម៍​របស់ខ្លួន​ថ្មី​១​ទៀត ជាមួយ​គ​ម្រោ ង “​វី​តា​ល់ អ្នកជា​វីរបុរស វគ្គ​២” ដែល​ត្រូវ​បាន​ដាក់​សម្ពោធ​ជា​ផ្លូវការនា​ព្រឹក​ថ្ងៃទី​២២ខែតុលាឆ្នាំ​២០១៩​នៅ​ផ្សារ​ទំនើប​អ៊ី​ដេ​ន​ហ្គា​ដិ​ន​។ ដោ​យ​​ឈរលើ​ស្មារតី “​ខ្មែរ​ជួយ​ខ្មែរ​” វី​តា​ល់​សូម​អំពាវនាវ ដល់​សាធារណជន​ទាំងអស់ មេត្តា​ចូលរួម​បរិច្ចាគ ដោយ​ទឹកចិត្ត​សប្បុរស តាមរយៈ​មធ្យោបាយ​វេរ​ប្រាក់​នានា របស់​មូលនិធិ​គន្ធបុប្ផា​។ ការចូលរួម​របស់លោក​អ្នក គឺជា​កាយវិការ​សប្បុរ​ស ដើម្បី​ស្នាមញញឹម​របស់​កុមារ ដែលជា​អនាគត​ដ៏​ភ្លឺស្វាង​របស់​កម្ពុជា​៕​Ph

ទីតាំងផ្សាយពាណិជ្ជកម្ម

- Advertisment -

Most Popular