ដោយ: រ៉ាម៉ន / ភ្នំពេញ: អនុវត្តតាមការណែនាំពីលោក ឃួង ស្រេង អភិបាលភ្នំពេញ ដែលបានបញ្ជាឱ្យអង្គភាពលូទឹក បូមទឹក នៃមន្ទីរសាធារណការ និងដឹកជញ្ជូនរាជធានីភ្នំពេញ ធ្វើការស្ដារប្រព័ន្ធលូចំនួន២០ខ្សែ ក្នុងខណ្ឌចំនួន៨ នៅកណ្ដាល និងនៅជាយរាជធានីភ្នំពេញបានបញ្ចប់ជាស្ថាពរហើយជាគម្រោងរបស់ ឆ្នាំ២០២០ ដើម្បីសម្រួលប្រព័ន្ធផ្លូវទឹកហូរ ជៀសវាងការជន់លិចលំនៅដ្ឋានប្រជាពលរដ្ឋនៅរដូវវស្សាឆ្នាំ២០២១ខាងមុខនេះ។
លោក ដួង ចាន់សារ៉ាត់ ប្រធានអង្គភាពលូទឹក បូមទឹក នៃមន្ទីរសាធារណការនិងដឹកជញ្ជូនរាជធានីភ្នំពេញ បានឱ្យដឹងនៅព្រឹកថ្ងៃទី១៩0មករានេះថា៖ ការងារស្ដារប្រព័ន្ធលូនេះ សម្រាប់ឆ្នាំ២០២០ ដោយចាប់ផ្ដើមដំណើរការតាំងពីខែកក្កដា ឆ្នាំ២០២០មក ក្រុមការងារអង្គភាពលូទឹកបូមទឹក នៃមន្ទីរសាធារណការ និងដឹកជញ្ជូនរាជធានីភ្នំពេញ ក្រោយពីមានការណែនាំពីលោក ឃួង ស្រេង អភិបាលភ្នំពេញ អង្គភាពលូទឹកបូមទឹក បានធ្វើការស្ដារលូចំនួន២០ខ្សែនៅក្នុងរាជធានីភ្នំពេញ បានបញ្ចប់កាលពីចុងឆ្នាំ២០២០ ដើម្បីបើកមុខទឹករំដោះទឹកភ្លៀងនៅរដូវវស្សាឆ្នាំ២០២១ខាងនេះ ឲ្យបានល្អប្រសើរជៀសវាងនូវការលិចលង់លំនៅដ្ឋានរបស់បងប្អូនប្រជាពលរដ្ឋ ក្នុងខណ្ឌចំនួន៨ នៅក្នុងរាជធានីភ្នំពេញ។ ក្នុងនោះ មានខណ្ឌចំនួន៥នៅកណ្ដាលក្រុងនិងខណ្ឌ៣ទៀត នៅជាយក្រុង គឺខណ្ឌសែនសុខ ខណ្ឌពោធិ៍សែនជ័យនិងខណ្ឌមានជ័យ។
លោកក៏បានបញ្ជាក់ផងដែរថា៖ ក្នុងឆ្នាំ២០២០កន្លងទៅ ក្រុមការងារស្ដារប្រព័ន្ធលូទាំង២០ខ្សែនេះ បានបញ្ចប់ការងាររបស់ខ្លួនជាស្ថាពរហើយ។ ក្រៅពីនេះ ក្រុមការងារក៏បានធ្វើសកម្មភាពលើការជួសជុលគម្របលូ អណ្ដូងលូដែលបាក់ ខូចខាតផងដែរ បើទោះបីគម្របលូខ្លះត្រូវកប់ក្នុងដីនិងធ្លាក់ចូលលូក្តី ក៏ក្រុមការងាររុករកនឹងធ្វើការជួសជុលឡើងវិញរួចរាល់ហើយដែរ។
ពាក់ព័ន្ធពាក់ព័ន្ធនឹងការស្ដារប្រព័ន្ធលូ ក្នុងរាជធានីភ្នំពេញនេះដែរ លោកដួង ចាន់សារ៉ាត់ក៏បានបញ្ជាក់ថា៖ សម្រាប់ឆ្នាំ២០២១នេះ យើងមិនទាន់មានគម្រោងក្នុងការស្តារប្រព័ន្ធលូ បន្តទៀតនោះទេ។
ទោះបីជាមានការស្តារប្រព័ន្ធលូ រួចរាល់យ៉ាងណាក្តី ប៉ុន្តែលោក ដួង ចាន់សារ៉ាត់ នៅតែស្នើសុំឲ្យបងប្អូនប្រជាពលរដ្ឋចូលរួមសហការ ក្នុងការកាយសំរាមចេញពីមុខឬមាត់លូពេលមានភ្លៀងធ្លាក់ម្តងៗ និងជៀសវាងឲ្យបាននូវការបិទមាត់លូ ព្រោះតែខ្លាចមានក្លិនស្អុយ។ នេះជាទម្លាប់មិនល្អនឹងធ្វើអោយមានការលិចលង់លំនៅដ្ឋាន៕