ប្រែសម្រួលៈវាសនា/សៀងហៃ៖បន្ទប់បំរុងរាប់ពាន់ត្រូវបានសាងសង់ឡើងលើវាលមួយនៅជាយក្រុងស៊ីជាហ្សួងរបស់ចិន នៅពេលកម្មករសំណង់ធ្វើការដំឡើងមណ្ឌលធ្វើចត្តាឡីស័កធំមួយពេញ២៤ម៉ោងដើម្បីទប់ស្កាត់កំណើននៃការឆ្លងកូវីដ១៩។
កម្មករសំរុកសាងសង់មណ្ឌលចត្តាឡីស័កទាំងថ្ងៃទាំងយប់នៅភាគឦសាន្តប្រទេសចិន ដើម្បីដាក់អ្នកប៉ះពាល់ឬប្រាស្រ័យទាក់ទងជិតដិតជាមួយអ្នកជំងឺកូវីដ១៩ ដែលមួយថ្ងៃឆ្លងជាង១០០នាក់អស់៧ថ្ងៃមកហើយ
ចិននៅថ្ងៃអង្គារនេះ បានរាយការណ៍អ្នកឆ្លងកូវីដ១៩ចំនួនជាង១០០នាក់ជាថ្មីទៀតដល់ថ្ងៃទី៧ជាប់ៗគ្នា ក្នុងការផ្ទុះជំងឺឆ្លងសកលនេះដ៏អាក្រក់បំផុតចាប់តាំងពីខែមីនាឆ្នាំមុន ដោយខេត្តភាគឦសាន្តមួយឃើញកំណើននៃការឆ្លងជារៀងរាល់ថ្ងៃ។
នៅថ្ងៃ១៨មករា ចិនមានអ្នកឆ្លងថ្មី១១៨ករណី ដោយកើនពី១០៩នាក់កាលពីមួយថ្ងៃមុន ហើយក្នុងចំនួននេះ ១០៦ករណីជាការឆ្លងក្នុងស្រុក ដោយ៤៣ករណីនៅក្រុងជីលីន និង៣៥ករណីនៅក្នុងខេត្តហឺប៉ី ជិតក្រុងប៉េកាំង។
សូមបញ្ជាក់ថាកន្លងមក ចិនបានគ្រប់គ្រងកូវីដ១៩បានល្អដោយមិនមានការឆ្លងខ្ទង់រយនាក់អស់ពេលរាប់ខែនៅពេលពិភពលោកជួបការឆ្លងនិងស្លាប់ក្នុងមួយប្រទេសខ្ទង់រយ ពាន់និងម៉ឺននាក់ក្នុងមួយថ្ងៃៗ។តែការឆ្លងជាចង្កោមតូចៗមួយចំនួននៅក្នុងសហគមន៍ បណ្តាលអោយមន្ត្រីចិនចាត់វិធានការធ្វើតេស្តិ៍ទ្រង់ទ្រាយធំ បិទខ្ទប់ទីក្រុងយ៉ាងតឹងរឹង និងត្រៀមបញ្ជូនភូមិនានាទៅជាមណ្ឌលធ្វើចត្តាឡីស័ក ដើម្បីបំបាត់ចោលការផ្ទុះជំងឺជាថ្មីនេះភ្លាមៗ។
ទិដ្ឋភាពនៅក្រៅក្រុង ស៊ីជាហ្សួង នៅចិនឦសាន្ត ធ្វើអោយនឹកឃើញដល់កិច្ចខិតខំរបស់ចិនប៉េកាំងនៅពេលកូវីដ១៩ផ្ទុះឡើងដំបូងកាលពីឆ្នាំមុន ដើម្បីសាងសង់មន្ទីរពេទ្យបណ្តោះអាសន្នអោយហើយក្នុងរយៈពេលតែប៉ុន្មានថ្ងៃនៅទីក្រុងវូហាន។
អាគារចត្តាឡីស័កនៅ ស៊ីជាហ្សួង បំពាក់ដោយបន្ទប់ទឹក Wi-fi ម៉ាស៊ីនត្រាជាក់ហើយនឹងដាក់ជនដែលបានប្រាស្រ័យទាក់ទងជិតដិតជាមួយអ្នកជំងឺកូវីដ១៩នៅពេលវាត្រូវសាងសង់រួចរាល់នៅប៉ុន្មានថ្ងៃខាងមុខ។
ទីតាំងដែលអាចដាក់មនុស្សជាង៤ពាន់នាក់នេះទើបចាប់ផ្តើមសាងសង់កាលពីថ្ងៃ១៣មករា នៅពេលបណ្តាទីក្រុងចិនភាគខាងជើងកំពុងដាក់មនុស្សរាប់លាននាក់នៅក្រោមការរឹតត្បិតការធ្វើដំណើរក្នុងពេលចំនួនឆ្លងនៅតំបន់នេះមួយថ្ងៃជាង១០០នាក់ជាប់។
មនុស្សជាង២ម៉ឺននាក់នៅក្នុងភូមិនៅខេត្តហឺប៉ីជាប់នោះ ត្រូវបានបញ្ជូនទៅមណ្ឌលចត្តាឡីស័ក នៅពេលមនុស្សរាប់ លាននាក់បានធ្វើតេស្តិ៍រកវីរុសកូរ៉ូណាជាច្រើនលើក៕
ចិនកំពុងប្រុងប្រយ័ត្នខ្ពស់អំពីកំណើននៃការឆ្លងកូវីដ១៩ បង្កឡើងដោយការធ្វើដំណើរធំបំផុតប្រចាំឆ្នាំក្នុងអំឡុងពេលចូលឆ្នាំថ្មីនៅខែក្រោយ