ប្រែសម្រួល : កញ្ញាដាលីស ៖ ក្រុមមន្ត្រីសុខាភិបាលនិយាយថា មនុស្សចំនួន ៣៣ នាក់ដែលស្លាប់បន្ទាប់ពីទទួលវ៉ាក់សាំងកូវីដ១៩នៅក្នុងប្រទេសន័រវែស គឺមានអាយុលើសពី ៧៥ ឆ្នាំ មានជំងឺធ្ងន់ធ្ងរ ហើយមិនមានភស្តុតាងណាមួយបង្ហាញពីការជាប់ទាក់ទងគ្នាដោយផ្ទាល់រវាងវ៉ាក់សាំងនិងការស្លាប់របស់ពួកគេនោះទេ។
ទីភ្នាក់ងារវេជ្ជសាស្ត្រន័រវេសបានព្យាយាមធានាទំនុកចិត្តដល់ប្រជាជនកាលពីថ្ងៃចន្ទបន្ទាប់ពីរបាយការណ៍កាលពីចុងសប្តាហ៍បានបង្ហាញថាមនុស្សវ័យចំណាស់មួយចំនួនបានស្លាប់បន្ទាប់ពីទទួលវ៉ាក់សាំងរបស់ក្រុមហ៊ុនហ្វាយហ្សឺ ។
នាយកវេជ្ជសាស្ត្រនៃទីភ្នាក់ងារវេជ្ជសាស្ត្រ លោក ស្តេនណា ម៉ាដសេន បានប្រាប់សារព័ត៌មាន Bloomberg ថា “អ្នកជំងឺទាំងអស់នេះមានជំងឺធ្ងន់ធ្ងរ” ដោយបន្ថែមថា ពួកគេមានអាយុលើសពី ៧៥ ឆ្នាំ។
លោកបន្ថែមថា “ច្បាស់ណាស់ កូវីដ១៩មានគ្រោះថ្នាក់ខ្លាំងចំពោះអ្នកជំងឺភាគច្រើនជាងការចាក់វ៉ាក់សាំង។ យើងមិនភ័យតក់ស្លុតទេ”។
លោកម៉ាដសេនទទួលស្គាល់ថា ផលប៉ះពាល់កម្រិតស្រាលនៃវ៉ាក់សាំងតាមទ្រឹស្តីអាចរុញអ្នកជំងឺឱ្យកាន់តែជំងឺធ្ងន់ធ្ងរចំពោះជំងឺដែលមានស្រាប់របស់ពួកគេ។
ហើយក្រុមមន្ត្រីសុខាភិបាលនិយាយថាឥឡូវនេះវាអាស្រ័យលើក្រុមវេជ្ជបណ្ឌិតត្រូវសម្រេចចិត្តថាតើអ្នកជំងឺវ័យចំណាស់និងអ្នកដែលមានជំងឺប្រចាំកាយនឹងត្រូវទទួលយកវ៉ាក់សាំងឬអត់៕
នាយកវេជ្ជសាស្ត្រនៃទីភ្នាក់ងារវេជ្ជសាស្ត្រ លោក ស្តេនណា ម៉ាដសេន បដិសេធទំនាក់ទំនងផ្ទាល់រវាងការស្លាប់របស់មនុស្សចាស់និងវ៉ាក់សាំងកូវីដ១៩របស់ក្រុមហ៊ុនហ្វាយហ្សឺ