Home ព័ត៌មានអន្តរជាតិ អាម៉េរិក​និង​...

អាម៉េរិក​និង​ចិន​ប៉ះទង្គិច​គ្នា​នៅ​អង្គការ WHO ជុំវិញ​បេសកកម្ម​វិទ្យាសាស្ត្រ​នៅ​ទីក្រុង​វូ​ហាន

​ប្រែ​សម្រួល : កញ្ញា​ដា​លី​ស​/​ហ្សឺ​ណែវ ៖ សហរដ្ឋ​អាម៉េរិក​បាន​អំពាវនាវ​ដល់​ចិន​កាលពី​ថ្ងៃ​ចន្ទ (១៨ មករា​) ដើម្បី​អនុញ្ញាត​ឱ្យ​ក្រុម​ជំនាញ​មកពី​អង្គការ​សុខភាព​ពិភពលោក (WHO) ធ្វើ​ការសម្ភាសន៍ “​អ្នកផ្តល់​ការថែទាំ​អ្នកជំងឺ អតីត​អ្នកជំងឺ និង​អ្នកធ្វើការ​នៅ​មន្ទីរពិសោធន៍​” នៅ​ទីក្រុង​វូ​ហាន និង ធានា​ទទួលបាន​ទិន្នន័យ​វេជ្ជសាស្ត្រ​និង​សំណាក​។​

​ក្រុម​អ្នកជំនាញ​ឯករាជ្យ​ដែល​ដឹកនាំ​ដោយ WHO ដែល​កំពុង​ព្យាយាម​កំណត់​ប្រភពដើម​នៃ​វីរុស​កូរ៉ូណា បាន​មក​ដល់​នៅ​ថ្ងៃទី ១៤ ខែ​មករា​នៅ​ទីក្រុង​វូ​ហាន​កន្លែង​ដែល​ពួកគេ​កំពុង​ធ្វើ​កិច្ច​ពិភាក្សា​តាម​​តេ​ឡេ​ខុន​ហ្វើ​រិនជាមួយ​សម​ភាគី​ចិន​ក្នុង​អំឡុងពេល​ធ្វើ​ចត្តា​ឡី​ស័ក ២ សប្តាហ៍ មុនពេល​ចាប់ផ្តើម​ធ្វើការ​។​

​សហរដ្ឋ​អាម៉េរិក ដែល​ចោទប្រកាន់​ចិន​ថា​បាន​លាក់បាំង​វិសាលភាព​នៃ​ការផ្ទុះ​មេរោគ​ដំបូង បាន​អំពាវនាវ​ឱ្យ​មាន​ការស៊ើបអង្កេត​ដឹកនាំ​ដោយ WHO “​ប្រកបដោយ​តម្លាភាព​” និង​រិះគន់​លក្ខ​​ខណ្ឌ​នៃ​ដំណើរ​ទស្សនកិច្ច​នេះ ដែល​ក្នុងនោះ​អ្នកជំនាញ​ចិន​គឺជា​អ្នក​ធ្វើ​ការស្រាវជ្រាវ​នៅ​ដំណាក់កាល​ដំបូង​។​

​លោក​វេជ្ជបណ្ឌិត ហ្គា​រ៉េត ហ្គ្រី​កស៍ប៊ី នៃ​ក្រសួង​សុខាភិបាល​និង​សេវា​មនុស្ស​ជាតិ​នៃ​សហរដ្ឋ​អាម៉េរិក បាន​និយាយថា ចិន​គួរតែ​ចែករំលែក​ការសិក្សា​វិទ្យាសាស្ត្រ​ទាំងអស់​ទៅក្នុង​សំណាក​សត្វ មនុស្ស និង​បរិស្ថាន ដែល​បាន​ទាញ​យក​នៅក្នុង​ទីក្រុង​វូ​ហាន កន្លែង​ដែល​វីរុស SARS-CoV-2 ត្រូវ​គេ​ជឿ​ថា​បាន​លេចឡើង​ដំបូង​នៅ​ចុងឆ្នាំ ២០១៩ ។​

​លោក​បាន​ប្រាប់​ទៅ​កិច្ចប្រជុំ​ក្រុមប្រឹក្សា​ប្រតិបត្តិ​របស់ WHO ដែល​រំពឹង​បន្តធ្វើ​រហូតដល់​ថ្ងៃទី​២៦​ខែ​មករា យ៉ាង​ដូច្នេះ​ថា ការវិភាគ​បែប​ប្រៀបធៀប​ទិន្នន័យ​ហ្សែ​ន​បែបនេះ​អាច​ជួយ​”​រកឃើញ​ការត្រួត​​ស៊ីគ្នា​និង​ប្រភព​សក្តានុពល​” នៃ​ការផ្ទុះ​វីរុស ដែល​បណ្តាល​ឱ្យ​មាន​ការ​រីក​រាលដាល​នៃ​ជំងឺ​កូវី​ដ​១៩​។​

​ទោះយ៉ាងណា តំណាង​ចិន​បាន​ប្រាប់​ក្រុមប្រឹក្សា​នេះ​ថា “​ការសិក្សា​ពី​ប្រភពដើម​នៃ​វីរុស​កូរ៉ូ​ណា​គឺ​មាន​លក្ខណៈ​វិទ្យាសា​ស្ត្រ​។ វា​ត្រូវការ​ការសម្របសម្រួល និង កិច្ចសហប្រតិបត្តិការ​។​យើង​ត្រូវតែ​បញ្ឈប់​រាល់​​សម្ពាធ​នយោបាយ​ទាំងឡាយ​”​។​

​គណៈប្រតិភូ​អូស្ត្រាលី​ក៏​បាន​អំពាវនាវ​ផងដែរ​ដល់​ក្រុម​ជំនាញ WHO ដើម្បី​ទទួលបាន “​ទិន្នន័យ​ព័ត៌មាន​និង​ទីតាំង​សំខាន់ៗ​ដែល​ពាក់ព័ន្ធ​”៕

ក្រុម​អ្នកជំនាញ​ឯករាជ្យ​ដែល​ដឹកនាំ​ដោយ WHO បាន​មក​ដល់​នៅ​ថ្ងៃទី ១៤ ខែ​មករា​នៅ​ទីក្រុង​វូ​ហានដើម្បី​ព្យាយាម​កំណត់​ប្រភពដើម​នៃ​វីរុស​កូរ៉ូណា

ទីតាំងផ្សាយពាណិជ្ជកម្ម

- Advertisment -

Most Popular