​យក​អំណោយ​សម្តេច​កិត្តិ​ព្រឹទ្ធ​បណ្ឌិត ចែកជូន​ពលរដ្ឋ​ក្រីក្រ ៥០ គ្រួសារ រស់នៅ​សង្កាត់​ជើងឯក​

​ដោយៈ រ៉ា​ម៉ន / ភ្នំពេញៈ លោកស្រី គឹម ញឹ​ប អភិបាល​ខណ្ឌដង្កោ រួមជាមួយ​ព្រះសង្ឃ មន្ត្រីរាជការ សាលាខណ្ឌ សង្កាត់ បាន​នាំយក​អំណោយ កាកបាទក្រហមកម្ពុជា ទៅ​ចែកជូន ដល់​ជន​ចាស់ជរា និង​ប្រជាពលរដ្ឋ​ទីទ័លក្រ ប្រមាណ ៥០ គ្រួសារ រស់នៅ​សង្កាត់​ជើងឯក ខណ្ឌដង្កោ ដែល​កំពុង​ប្រឈម នឹង​ការខ្វះខាត ស្បៀងអាហារ ក្នុងអំឡុងពេល នៃ​ជំងឺ​កូ​វីដ​១៩ ។​

​អំណោយ​ដែល​លោកស្រី អភិបាលខណ្ឌ ចែកជូន​ពលរដ្ឋ​ក្រីក្រ​ទាំង ៥០​គ្រួសារ នា​ព្រឹក​ថ្ងៃទី​១៩ ខែមករា ឆ្នាំ​២០២១ នោះ ដោយ​ក្នុង​មួយ​គ្រួសារៗ ទទួលបាន អង្ករ ២៥ គីឡូក្រាម មី​១​កេស ទឹកស៊ីអ៊ីវ​១ យួរ ឆ្នាំងបាយ ចានស្រាក់ កំសៀវ​ទឹក បំពង់​ទឹក​ក្ដៅ ខ្ទះ​ឆា វែក​ឆា ឃី​ត ១​កញ្ចប់ និង​ថវិកា ២០.០០០ រៀល​។​

​ក្នុងឱកាស​នោះ លោកស្រី គឹម ញឹ​ប អភិបាល​ខណ្ឌដង្កោ បាន​ពាំ​នាំនូវ​ការសាកសួរ​សុខទុក្ខ ពី​សំណាក់​សម្តេច​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃ​ព្រះរាជាណាចក្រ​កម្ពុជា និង​សម្តេច​កិត្តិ​ព្រឹទ្ធ​បណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ប្រធាន​កាកបាទក្រហមកម្ពុជា ជូន​ដល់​បងប្អូន ប្រជាពលរដ្ឋ​ក្រីក្រ​ទាំងអស់ ដែលជា​និច្ចកាល សម្តេច​ទាំងពីរ តែង​បាន​គិតគូរ និង​យកចិត្តទុកដាក់ ចំពោះ​បងប្អូន​ប្រជាពលរដ្ឋ​ទាំងអស់ នៅ​តាន​មូលដ្ឋាន​នានា ជាពិសេស​ចំពោះ​បងប្អូន​ក្រីក្រ ជួប​ការលំបាក ទុរគតជន ជនពិការ អ្នក​ផ្ទុកមេរោគ​អេដស៍ ជំងឺអេដស៍ ជាពិសេស​ក្នុងអំឡុងពេល នៃ​ជំងឺ​កូ​វីដ ១៩ នេះ ជាដើម ហើយ​សម្តេច​ទាំង​ទ្វេ បាន​ផ្តាំផ្ញើ​ដល់​អាជ្ញាធរ គ្រប់លំដាប់​ថ្នាក់ ឲ្យ​គិតគូរ​ពី​សុខទុក្ខ និង​ការលំបាក​នានា របស់​បងប្អូន ដើម្បី​ដោះស្រាយ ឲ្យ​បាន​ទាន់ពេលវេលា​។​

​លោកស្រី ក៏បាន​លើកឡើង អំពី​ការអភិវឌ្ឍ ឥតឈប់ឈរ​របស់​ប្រទេសជាតិ ពីមួយថ្ងៃ​ទៅមួយថ្ងៃ ក្រោម​ការដឹកនាំ​ប្រកបដោយ គតិបណ្ឌិត របស់​សម្តេច អគ្គមហាសេនាបតី​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី ហើយ​ជាមួយគ្នានេះ លោកស្រី ក៏បាន​ផ្តាំផ្ញើ​ឲ្យ​បងប្អូន​ទាំងអស់ ពិសេស​លោកតា លោកយាយ សូម​យកចិត្តទុកដាក់ ថែរក្សា​សុខភាព អនាម័យ ការរស់នៅ​ជាប្រចាំ ដើម្បី​រស់នៅ​បានយូរ​អង្វែង មើល​ការអភិវឌ្ឍ របស់​ជាតិ​យើង បន្តទៀត​៕/V​.mara

ទីតាំងផ្សាយពាណិជ្ជកម្ម

- Advertisment -

Most Popular