សូម​មើល​ព្យាករណ៍​អាកាសធាតុ​លើក​ទី​១​សម្រាប់ ឆ្នាំ​២០២១

​ដោយៈ​ប​.​ខុន​/​ភ្នំពេញៈ​នា​រដូវប្រាំង​ឆ្នាំ​២០២១​នេះ មាន​ភ្លៀង​កក់ខែ​ធ្លាក់​ច្រើនជាង​មធ្យមភាគ​ច្រើន​ឆ្នាំ រីឯ​ធាតុ​អាកាស​ក្តៅ​បំផុត​ក្នុង​រង្វង់​៣៩​អង្សា​សេ ចំណែកឯ​រដូវវស្សា​នឹង​ចូលមក​ដល់ នៅ​សប្តាហ៍​ទី​១ នៃ​ខែឧសភា ហើយ​​​នៅក្នុង​រដូវវស្សា​របាយ​ទឹកភ្លៀង​ជាទូទៅ​មាន​ក្នុង​កម្រិត​ពី​មធ្យម​ទៅ​ច្រើន ជារួម​អាកាសធាតុ​មាន​អំ​ណោយ​ផល​ល្អ​។ នេះ​បើ​យោង ទៅតាម​ការ​ព្យាករ​អាកាសធាតុ​លើក​ទី​១​សម្រាប់​រដូវប្រាំង (២០២០-២០២១) និង ដើមរដូវ​វស្សា​ឆ្នាំ​២០២១ របស់​ក្រសួង​ធនធានទឹក និង​ឧតុនិយម​។​

​ក្រសួង​ធនធានទឹក និង​ឧតុនិយម​នៅ​ថ្ងៃទី​១៩ ខែមករា ឆ្នាំ​២០២១​បាន​ជូន​ដំ ណឹ​ង​ស្តីពី​ការ​ព្យាករ​អាកាសធាតុ​លើក​ទី​១ សម្រាប់​រដូវប្រាំង (២០២០-២០២១) និង ដើមរដូវ​វស្សា​ឆ្នាំ​២០២១​ថា ផ្អែក​តាម​ការវាយតម្លៃ​ជា​អន្តរ​ជាតិ​ក៏ដូចជា​តំបន់ ស្តីពី ស្ថានភាព​សីតុណ្ហភាព​លើ​ផ្ទៃសមុទ្រ​ប៉ាស៊ីហ្វិក​ក្បែរ​ខ្សែ​អេក្វាទ័រ បានបង្ហាញ​ឲ្យ ឃើញថា​ប្រទេស​កម្ពុជា​យើង​នឹង​ទទួលរង​នូវ​ឥទ្ធិពល​ពី​បាតុភូត​អែន​សូ​(ENSO) ។

​តាមរយៈ​នៃ​ការវាយតម្លៃ​បាតុភូតធម្មជាតិ ដែលមាន​ឥទ្ធិពល​មកលើ​អាកាសធាតុ ព្រះរាជាណាចក្រ​កម្ពុជា មាន​បាតុភូត La Nina ( ត្រជាក់ ) មាន ៥០​ភាគរយ និង Neutral (​ចន្លោះ​ភាព​ក្តៅ និង​ត្រជាក់​) មាន​៥០​ភាគរយ​។ ពិនិត្យ​លើ​ឥទ្ធិពល​នៃ​បាតុភូត​ទាំងពីរ​ខាងលើ​ឃើញថា ស្ថានភាព​អាកាសធាតុ​សម្រាប់​រដូវ​ប្រាំង និង​ដើម រដូវ​វស្សា​ឆ្នាំ​២០២១​នេះ នឹង​អាចមាន​លក្ខណៈ​អំណោយផល​ល្អ ។

​នៅក្នុង​សេចក្តីជូនដំណឹង​ដែល​ចុះហត្ថលេខា​ដោយ លោក លឹម គានហោ រដ្ឋមន្ត្រីក្រសួង​ធនធានទឹក​និង​ឧតុនិយម​នេះ​បានសរសេរថា នៅក្នុង​រដូវប្រាំង​សីតុណ្ហភាព​សីតុណ្ហភាព អាច​ទាប ឬ​ប្រហាក់ប្រហែល​នឹង​មធ្យម​ភាគច្រើន​ឆ្នាំ​។ នៅ ក្នុង​ខែកុម្ភៈ បណ្តា​ខេត្ត​នៅ​តំបន់​ទំនាប​កណ្តាល សីតុណ្ហភាព​អប្បបរមា អាច​ស្ថិត​នៅក្នុង​រង្វង់​ពី​១៦-១៩​អង្សា​សេ​។ នៅ​តំបន់​ខ្ពង់រាប និង​តំបន់​ជួរ​ភ្នំ​សីតុណ្ហភាព អប្បបរមា​នឹង​អាច​ស្ថិតនៅក្នុង​រង្វង់​ពី ១៣-១៦​អង្សា​សេ​។ ដោយឡែក​សម្រាប់​តំបន់​មាត់សមុទ្រ សីតុណ្ហភាព​អប្បបរមា​នឹង​អាច​ស្ថិតក្នុង​រង្វង់​ពី​១៩-២២​អង្សា​សេ​។

​ចាប់ពី​ខែមីនា​ដល់​ខែមេសា​ធាតុអាកាស អាច​នឹង​កើន​កម្តៅ​ជា​បន្តបន្ទាប់ ក្នុង នោះ​បណ្តា​ខេត្ត​នៅ​តំបន់​ទំនាប​កណ្តាល សីតុណ្ហភាព​មធ្យម​អតិបរមា​អាច​នឹងមាន​ពី​៣៤-៣៧​អង្សា​សេ​, នៅ​តំបន់​ខ្ពង់រាប និង​តំបន់​ជួរ​ភ្នំ​សីតុណ្ហភាព​មធ្យម អតិបរមា​អាចមាន​ពី​៣៣-៣៦​អង្សា​សេ ដោយឡែក​សម្រាប់​តំបន់​មាត់សមុទ្រ សីតុណ្ហភាព​មធ្យម​អតិបរមា​អាច​នឹងមាន​ពី​៣០-៣៣​អង្សា​សេ​។

ពី​ខែមេសា​ដល់​ដើមខែ​ឧសភា កម្រិត​សីតុណ្ហភាព​អតិបរមា អាច​នឹង​កើនឡើង​ខ្ពស់បំផុត​ក្នុង​រង្វង់​ត្រឹម​៣៩​អង្សា​សេ (​ទាប​ជាង​បណ្តា​ឆ្នាំមុនៗ​)​។ បរិមាណ ទឹកភ្លៀង​អាច​នឹងមាន​កម្រិត​ខ្ពស់ជាង​មធ្យមភាគ​ច្រើន​ឆ្នាំ​។ នៅក្នុង​ខែមីនា និង ខែមេសា​អាចមាន​ភ្លៀង​កក់ខែ​ធ្លាក់​ច្រើន និង​អាចមាន​បាតុភូត​ផ្គរ រន្ទះ និង ខ្យល់ កន្ត្រាក់​ក៏​ច្រើន​ដែរ​៕​

ទីតាំងផ្សាយពាណិជ្ជកម្ម

- Advertisment -

Most Popular