Home ព័ត៌មានជាតិ សេដ្ឋកិច្ច មុខងារ​សន្ធាន...

មុខងារ​សន្ធានកម្ម​ប្រព័ន្ធ​ស្វ័យប្រវត្តិកម្ម​ទិន្នន័យ​ប្រកាស​ដាក់ឱ្យ​ដំណើរការ​ចាប់ពីពេលនេះ​តទៅ​

ដោយ​: ពៅ​និមល / ភ្នំពេញ​: ក្រសួង​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ កាលពី​ថ្ងៃទី​១៨ មករា ឆ្នាំ​២០២១​កន្លងទៅ បានប្រកាស​ដាក់ឱ្យ​ដំណើរការ​ជា​ផ្លូវការ​នូវ​មុខងារ​សន្ធានកម្ម​ប្រព័ន្ធ​ស្វ័យប្រវត្តិកម្ម​ទិន្នន័យ ដែល​នឹង​រួមចំណែក​យ៉ាងសំខាន់​ក្នុង​ការជំរុញ​រដ្ឋាភិបាល​អេ​ឡិ​ក​ត្រូ​និក និង​បដិវត្តន៍​ឧស្សាហកម្ម​ទី​៤​។​

​ពិធី​ប្រកាស​ជា​ផ្លូវការ​នេះ បាន​ប្រារព្ធ​ធ្វើឡើង​រវាង​អគ្គនាយកដ្ឋាន​ពន្ធដារ និង​អគ្គនាយកដ្ឋាន​គយ​និង​រដ្ឋាករ​កម្ពុជា ក្រោម​វត្តមាន​របស់លោក ជូ វិ​ជិ​ត្ត រដ្ឋលេខាធិការ​ក្រសួង​សេដ្ឋកិច្ច​និង​ហិរញ្ញវត្ថុ​, លោក គង់ វិបុល អគ្គនាយក​នៃ​អគ្គនាយកដ្ឋាន​ពន្ធដារ​, លោក គុណ ញឹម អគ្គនាយក នៃ​អគ្គនាយកដ្ឋាន​គយ​និង​រដ្ឋាករ​កម្ពុជា និង​មានការ​ចូលរួម​ពី​មន្ត្រីជាន់ខ្ពស់​នៃ​ក្រសួង​សេដ្ឋកិច្ច សមាជិក នៃ​ក្រុមការងារ​ចម្រុះ និង​ក្រុមការងារ​បច្ចេកទេស​ត​ភ្ជាប់​ប្រព័ន្ធ​ស្វ័យប្រវត្តិកម្ម​រវាង​ប្រព័ន្ធ​បច្ចេកវិទ្យា​ព័ត៌មាន​នៃ​អគ្គនាយកដ្ឋាន​ទាំំ​ង​ពីរ​សរុប​ប្រមាណ​៥០​នាក់​។​

​នៅក្នុង​សេចក្តីប្រកាស​ព័ត៌មាន​ក្រោយ​ចប់​ពិធី អគ្គនាយកដ្ឋាន​គយ​និង​រដ្ឋាករ​កម្ពុជា បាន​បញ្ជាក់ថា ការដាក់ឱ្យ​ដំណើរការ​នូវ​មុខងារ​ថ្មី​រវាង​អគ្គនាយកដ្ឋាន​ទាំងពីរ​ខាងលើ បានបង្ហាញ​ពី​វឌ្ឍនភាព​ថ្មី នៃ​ការចាប់យក​នូវ​សក្តានុពល និង​កាលា​នុ​វត្ត​នៃ​បច្ចេកវិទ្យា ក្នុងការ​ពង្រឹង​កិច្ចសហប្រតិបត្តិការ​អន្តរ​ស្ថាប័ន ឱ្យ​កាន់តែ​ល្អប្រសើរ​បន្ថែម​លើ​ការចែករំលែក​ទិន្នន័យ​តាមរយៈ​ប្រព័ន្ធ​បច្ចេកវិទ្យា​ព័ត៌មាន ដោយ​ធ្វើ​ទំនើបកម្ម​ភាពទាន់សម័យ ទាន់សភាពការណ៍ នៃ​កំណើនសេដ្ឋកិច្ច និង​កាន់តែ​ច្បាស់លាស់ នៃ​ព័ត៌មាន ទិន្នន័យ ស្របតាម​កម្មវិធី​កែទម្រង់​ដ៏​មុត​ស្រួច​របស់​រដ្ឋាភិបាល ជាពិសេស​កម្មវិធី​កែទម្រង់ ការគ្រប់គ្រង​ហិរញ្ញវត្ថុ​សាធារណៈ និង​យុទ្ធសាស្ត្រ​កៀរគរ​ចំណូល​២០១៩- ២០២៣ របស់​រដ្ឋាភិបាល​។ ទន្ទឹមនេះ ក៏​ជាការ​ចូលរួមចំណែក​ដ៏​សំខាន់​ក្នុង​ការជំរុញ​រដ្ឋាភិបាល​អេ​ឡិ​ក​ត្រូ​និក និង​បដិវត្តន៍​ឧស្សាហកម្ម​ទី​៤ ជាពិសេស​ជាការ​ឆ្លើយតប​ប្រកបដោយ​ប្រសិទ្ធិភាព ទៅនឹង​ការសម្រួល​ផ្នែក​ធុរកិច្ច​ផង លើកតម្កើង​ឱ្យមាន​ភាពស្មើគ្នា​នៃ​ការវិនិយោគ​ផង ព្រមទាំង​ឆ្លើយតប​ទៅនឹង​ផលប៉ះពាល់​ពី​ជំងឺ​កូ​វីដ​១៩ ដែល​តម្រូវឱ្យ​រក្សា​គម្លាត​សង្គម និង​កាត់បន្ថយ​ការជួប​ជុំគ្នា​។​

​មុខងារ​សន្ធាន​កម្មនេះ នឹង​អនុញ្ញាតឱ្យ​អគ្គនាយកដ្ឋាន​ទាំងពីរ អាច​ទាញយក​ទិន្នន័យ​ចេញពី​ប្រព័ន្ធ​បច្ចេកវិទ្យា​ព័ត៌មាន​របស់​អគ្គនាយក​ដ្ឋា​ន​ពន្ធដារ ឬ​អគ្គនាយកដ្ឋាន​គយ​និង​រដ្ឋាករ​កម្ពុជា​បាន ស្របតាម​តម្រូវការ​ភ្លាមៗ ប្រកបដោយ​តម្លាភាព និង​សុវត្ថិភាព​ខ្ពស់​។ ទិន្នន័យ​ដែល​ត្រូវ​ចែករំលែក​តាម​មុខងារ​សន្ធានកម្ម​ប្រព័ន្ធ ស្វ័យប្រវត្តិកម្ម និង​តាម​ការស្នើសុំ រួមមាន​៖ ព័ត៌មាន​នៃ​ការចុះបញ្ជី​សហគ្រាស​, ព័ត៌មាន​នៃ​ការប្រកាស​សារពើពន្ធ​, ព័ត៌មាន​នៃ​ការប្រកាស​ប្រតិវេទន៍​ទំនិញ​នាំចេញ​-​នាំចូល​, ទិន្នានុប្បវត្តិ​ទិញ​-​លក់ និង​ព័ត៌មាន​ចាំបាច់​មួយចំនួនទៀត​៕​

ទីតាំងផ្សាយពាណិជ្ជកម្ម

- Advertisment -

Most Popular