ដោយៈតារារិទ្ធ/ភ្នំពេញ៖ប្រធានក្រុមប្រក្សាខេត្តត្បូងឃ្មុំលោក ស៊ាក ឡេង បានធ្វើការអំពាវនាវឲ្យអស់លោកលោកស្រី ជាឧកញ្ញ៉ា ដែលមានធនធានសម្លឹងមើលពីសក្តានុពល របស់ខេត្តដើម្បីចូលរួមអភិវឌ្ឍន៍ខេត្តមួយនេះឲ្យមានការរីកចំរើនដូចបណ្តាខេត្តជ្សេងៗ។ដោយលោកបានបញ្ជាក់ថាមកទល់ពេលនេះខេត្តមិនទាន់បង្កើតបាននូវទីរួមខេត្តមួយ ស្របច្បាប់នៅឡើយទេ ។
លោក ស៊ាក ឡេង បានលើកឡើងបែបនេះនៅក្នុងសន្និសីទសារព័ត៌មានស្តីពី «វឌ្ឍនភាពមូលដ្ឋានឃុំ សង្កាត់ និងទិសដៅការងារបន្តខេត្តត្បូងឃ្មុំ»នាព្រឹកថ្ងៃអង្គារ ទី១៩ខែ មករា ឆ្នាំ២០២១ ដែលរៀបចំឡើងដោយអង្គភាពអ្នកនាំពាក្យរាជរដ្ឋាភិបាល ។
លោក ស៊ាក ឡេង ក្នុងឆ្នាំ ២០២០ កន្លងទៅនេះគណកម្មាធិកាក្រុមប្រឹក្សាខេត្តបានអនុម័តនូវគម្រោងវិនិយោគខេត្តចំនួន ១៣ គម្រោងនិងគម្រោងវិនិយោគថ្នាក់ក្រុងស្រុក ចំនួន ៨១ គម្រោងដើម្បីធ្វើការអភិវឌ្ឍនិងកែលម្អខេត្តដើម្បីទាក់ទាញប្រជាពលរដ្ឋឲ្យមករស់នៅក្នុងទីរួមខេត្តត្បូងឃ្មុំ ។
លោក ស៊ាក ឡេង បានលើកឡើងថា៖«ក្រុមប្រឹក្សាខេត្តបានអនុម័តនូវគម្រោងកែលំអខេត្តដែលបានស្នើឡើងដោយគណៈអភិបាលខេត្តក្នុងការកែលំអទីរួមខេត្តថ្មីមួយនេះ ,តែយើងមិនទាន់បង្កើតបានជាទីរួមខេត្តនៅឡើយទេដោយសារថាទីនេះដើមឡើយវាជាព្រៃនៃចំការម៉ាក់សាក់ហើយមិនមានភូមិប្រជាជនរស់នៅទេ,មុននេះមានតែមន្ត្រីរាជ ការខេត្តបានទៅរស់នៅ ។ ដូចនេះហើយបានជាយើងខិតខំកែលំអខេត្តនេះដើម្បីទាក់ទាញប្រជាជនទៅរស់ដើម្បីបង្កើតឲ្យបានទៅជាទីរួមខេត្តមួយស្របច្បាប់» ។
លោក ស៊ាក ឡេង ក៏បានធ្វើការអំពាវនាវដល់អ្នកវិនិយោគទាំងក្នុងស្រុក និង ក្រៅស្រុកពិនិត្យមើលខេត្តត្បូងឃ្មុំ និង ចូលរួមអភិវឌ្ឍន៍ខេត្តមួយនេះឲ្យមានការរីកចំរើនឡើង ។ ជាមួយគ្នានេះលោកប្រធានក្រុមប្រឹក្សាខេត្តក៏បានឲ្យដឹងពីសក្តានុពលនៃតម្លៃដីនៅក្នុងទីរួមខេត្តត្បូងឃ្មុំ ដែលបច្ចុប្បន្ននេះប្រជាពលរដ្ឋដែលមានចំការកៅស៊ូមួយចំនួនបាន កាប់ដើមកៅស៊ូលក់(កៅស៊ូចាស់) និងយកដីមកពុះលក់ ។ លោកបានឲ្យដឹងថាតម្លៃដីនៅទីនោះថ្វីត្បិតមិនទាន់មានប្រជាជនទៅរស់នៅក៏មែនពិតតែតម្លៃដីគឺមិនជាថោកប៉ុន្មានទេ ១ ហិចតាលក់បានក្នុងតម្លៃ ១៥ ម៉ឺន ទៅ ១៦ ម៉ឺនដុល្លារ ចំណែកអ្នកពុះឡូតិ៍លក់រិតតែបានថ្លៃទៀត ,កន្លែងក្បាល១ម៉ែត្របណ្តាយ៥០ម៉ែត្រតម្លៃ ៣០០០ ដុល្លារ។
ខេត្តត្បូងឃ្មុំត្រូវបានបង្កើតឡើងតាមព្រះរាជក្រឹត្យលេខ នស/រកត/១២១៣/១៤៤៥ចុះថ្ងៃទី៣១ខែធ្នូឆ្នាំ២០១៣ដោ យបំបែកចេញពីខេត្តកំពង់ចាម ។ ដោយពិនិត្យឃើញភូមិសាស្ត្ររបស់ខេត្តកំពង់ចាមធំពេកប្រជាជនប្រមាណជា ២លាននាក់ដែលគ្របដណ្តប់ក្នុងប្រជាជនប្រមាណជា១៥លាននាក់ដូច្នេះតម្រូវការត្រូវបំបែកខេត្តនេះជា២ ។ ដើម្បី ងាយស្រួលក្នុងការគ្រប់គ្រង ងាយស្រួលក្នុងការផ្តល់សេវាសាធារណៈជូនប្រជាពលរដ្ឋ ។
ពិនិត្យពីអតីតកាលដ៏ជូរចត់របស់យើងមកដល់ពេលនេះយើងពិនិត្យឃើញថាខេត្តបានដើរឆ្ងាយណាស់មកហើយក្នុងស្ថានភាពដ៏លំបាកលំបិន ។ សមិទ្ធផលទាំងឡាយបាន កើតចេញជារូបរាងហើយក្នុងនោះវាជាភ័ព្វសំណាងមួយរបស់ខេត្តត្បូងឃ្មុំទន្ទឹមនឹងការកើតនូវទីរួមខេត្តនេះ រាជរដ្ឋាភិបាលក៏បានបង្កើតនូវសាកលវិទ្យាល័យមួយសម្រាប់ផ្តល់ឲ្យយុវជនកូនប្រជាពលរដ្ឋបានសិក្សានៅសាកលវិទ្យាល័យនៅជិតនេះ។នៅពេលខាងមុខមន្ទីរពេទ្យដ៏ធំមួយដែលជាអំណោយរបស់សាធារណរដ្ឋប្រជាមានិតចិនដែលមានលក្ខណៈជាមន្ទីរពេទ្យបង្អែកដ៏ធំមួយនិងកើតមានឡើង ៕