អ៊ិន​អ៊ី​អេ គ្រោង​ផ្សព្វផ្សាយ​បន្ថែម​អំពី​ឱកាស​ការងារ​ដល់​ពល​ករ​ខ្មែរ​មកពី​ថៃ​

ដោយ​: ពៅ​និមល / ភ្នំពេញ​: លោក​ប្រធាន​ទីភ្នាក់ងារ​ជាតិ​មុខរបរ និង​ការងារ (NEA) បាន​បញ្ជាក់ថា បន្ទាប់ពី​ប្រកាស​ត្រៀម​ការងារ​ចំនួន​០២​ម៉ឺន​កន្លែង ជូន​ដល់​ពលករ​ខ្មែរ​ធ្វើដំណើរ​ត្រឡប់​ពី​ប្រទេស​ថៃ ក្រោយ​បញ្ចប់​ការធ្វើ​ច​ត្តា​ឡី​ស័ក​។ NEA នឹង​បង្កើត​ព្រឹ​តិ្ត​ការណ៍​ស្តីពី​ឱកាស​ការងារ​នៅតាម​មូលដ្ឋាន ដើម្បី​ផ្សព្វផ្សាយ​ដល់​ពលករ​ខ្មែរ ទទួលបាន​ព័ត៌មាន​ការងារ​។​

​ប្រាប់​រស្មី​កម្ពុជា កាលពី​រសៀល​ថ្ងៃទី​១៨ ខែមករា ឆ្នាំ​២០២១​កន្លងទៅ លោក ហៃ ហ៊ុន​ឡេង ប្រធាន NEA នៃ​ក្រសួង​ការងារ​និង​បណ្តុះបណ្តាល​វិជ្ជាជីវៈ បានឱ្យដឹងថា ទី NEA បាន​ទាក់ទង​ជាមួយ​អាជ្ញាធរ ក៏ដូចជា​បច្ចេកទេស​ច​ត្តា​ឡី​ស័ក ប៉ុន្តែ​ក្រុមការងារ​ពិបាក​ក្នុងការ​ស្រង់​តួលេខ​ពលករ ឬក៏​ទទួលបាន​ការចុះឈ្មោះ ដោយសារ​បងប្អូន​ពល​ករ​ដែល​បញ្ចប់​ច​ត្តា​ឡី​ស័ក បានធ្វើ​ដំណើរ​ចាក​ចេញពី​មណ្ឌល​។ លោក​បន្តថា សម្រាប់​ការងារ​ដែល​ត្រៀម​ជូន​បងប្អូន​ពលក​រ គឺ​ការងារ​ប្រមូលផ្តុំ​ទៅលើ​ផ្នែក​ឧស្សាហកម្ម​កាត់ដេរ កម្មន្តសាល សំណង់ សេវាកម្ម និង​ផ្នែក​កសិកម្ម​ជាដើម ដែលមាន​នៅតាម​កសិដ្ឋាន​មួយចំនួន​ដែល​បានធ្វើ​ការប្រកាស​រើស​នាពេល​កន្លងមក​។​

​ពាក់ព័ន្ធ​បញ្ហា​នេះ លោក​បានលើកឡើង​ទៀតថា NEA បាន​ចុះ​សហការ ព្រមទាំង​បង្កើត​ជន​បង្គោល​ដើម្បី​ទំនាក់ទំនង​ជាមួយ​អាជ្ញាធរ​រាជធានី​-​ខេត្ត ស្រុក​-​ខណ្ឌ ឃុំ​-​សង្កាត់ ភូមិ ក្នុងការ​ប្រមូល​ទិន្នន័យ​ចំនួន​ពលក​រដែ​ល​ទើប​វិលត្រឡប់​មកពី​ថៃ និង​ចងក្រង​ជា​មូលដ្ឋាន​ទិន្នន័យ ដើម្បី​ងាយស្រួល​ក្នុងការ​ស្វែងរក​ព័ត៌មាន​ការងារ​ព្រមទាំង​សំដៅ​ឆ្លើយតប​ឱ្យបាន​ទាន់ពេលវេលា​ក្នុង​ការផ្តល់សេវា​ការងារ និង​ជួយ​ស្វែងរក​ការងារ​ធ្វើ​គ្រប់​ប្រភេទ ជូន​ដល់​ពលករ​ទាំងអស់​ដែល​ចង់បាន​ការងារ​ពិតប្រាកដ​។

​គិត​ត្រឹម​ថ្ងៃទី​៧ ខែមករា ឆ្នាំ​២០២១ ចំនួន​ពលករ​ខ្មែរ​ដែល​ត្រឡប់​មកពី​ប្រទេស​ថៃ មក​កម្ពុជា​សរុប​ចំនួន​ប្រមាណ​ជាង ១២,០០០​នាក់​៕​

ទីតាំងផ្សាយពាណិជ្ជកម្ម

- Advertisment -

Most Popular