ដោយៈមុនីរ័ត្ន/ភ្នំពេញៈរដ្ឋមន្ត្រីក្រសួងកិច្ចការនារីលោកស្រីអ៊ឹងកន្ថាផាវីបានបញ្ជាក់ថាអំពើហិង្សាលើស្ត្រីគឺជាការរំលោភបំពានសិទ្ធិមនុស្សយ៉ាងធ្ងន់ធ្ងរដែលរិតត្បិតសិទ្ធិ និងសេរីភាពជាមូលដ្ឋានរបស់ស្ត្រី។
លោកស្រីបានអោយដឹងថាសកម្មភាពទាំងនោះរួមមានការប្រើប្រាស់ហិង្សាការគំរាមកំហែងការបង្ខិតបង្ខំឬការដកហូតសិទ្ធិសេរីភាពដែលអាចកើតមាននៅទីសាធារណៈ ឬក្នុងជីវិតឯកជន ហើយបុព្វហេតុចម្បងនៃអំពើហិង្សាលើស្ត្រី ត្រូវបានទទួលស្គាល់ជាទូទៅថា បណ្តាលមកពី “វិសមភាពយេនឌ័រនិងការរើសអើង”ក្នុងនោះក្រុមស្ត្រីងាយរងគ្រោះមានហានិភ័យខ្ពស់ក្នុងការទទួលរងនូវអំពើហិង្សាដូចជាអំពើហិង្សាផ្លូវកាយការបំពារបំពានផ្លូវភេទនិងការកេងប្រវ័ញ្ចជាដើម។ម្យ៉ាងវិញទៀតការមាក់ងាយនិងការរើសអើងក្នុងសហគមន៍ដែលអាចបង្កើនហានិភ័យនៃអំពើហិង្សា ឬបញ្ហាប្រឈមក្នុងការទទួលបានកិច្ចការពារ និងសេវាសំខាន់ផ្សេងៗ។
ការបញ្ជាក់របស់រដ្ឋមន្ត្រីក្រសួងកិច្ចការនារី បានធ្វើឡើងនៅក្នុងកម្មវិធីប្រកាសផ្សព្វផ្សាយដាក់ឲ្យប្រើប្រាស់ជាផ្លូវការ ផែនការសកម្មភាពជាតិ ស្ដីពីការទប់ស្កាត់អំពើហិង្សាលើស្ដ្រី ២០១៩-២០២៣ នៅព្រឹកថ្ងៃទី១៩ ខែមករា ឆ្នាំ២០២០ នៅសណ្ឋាគារ សូហ្វីតែល ភ្នំពេញ ភូគីត្រា។
លោកស្រីអ៊ឹងកន្ថាផាវីបានបន្តថាយោងតាមការស្រាវជ្រាវអំពីបទពិសោធន៍នៃបណ្តាប្រទេសអភិវឌ្ឍន៍មួយចំនួនបានឱ្យដឹងថាអំពើហិង្សាលើស្ត្រីគឺជាឧបសគ្គរារាំងដល់ការចូលរួមរបស់ស្ត្រីក្នុងកិច្ចអភិវឌ្ឍជាតិហើយជាការដាក់បន្ទុកផ្នែកសេដ្ឋកិច្ចនិងសង្គមយ៉ាងធ្ងន់ធ្ងរដល់រដ្ឋាភិបាលនៃប្រទេសនីមួយៗដែលនាំឱ្យមានការខាតបង់ថវិកាគិតជាទឹកប្រាក់រាប់សិបលានដុល្លារដោយថវិកាទាំងនេះត្រូវបានចំណាយលើសេវាសុខភាព ការបាត់បង់ផលិតភាព ជម្រកសុវត្ថិភាពសម្រាប់ស្ត្រីរងគ្រោះនិងកូនៗ សេវាសង្គមកិច្ចដើម្បីស្តារនីតិសម្បទាស្ត្រីរងគ្រោះ សេវាច្បាប់ និងសេវាចាំបាច់ផ្សេងៗទៀត ដើម្បីគាំទ្រជនរងគ្រោះ។
រដ្ឋមន្ត្រីក្រសួងកិច្ចការនារី បានបន្តថា អ្វីដែលគួរឱ្យកត់សម្គាល់ជាងនេះនៅក្នុងបរិការណ៍នៃការរីករាលដាលជំងឺកូវីដ១៩នៅក្នុងពិភពលោក បានបង្កឱ្យករណីអំពើហិង្សាលើស្ត្រីមានការកើនឡើងគួរឱ្យកត់សម្គាល់ដោយផ្អែកតាមរបាយការណ៍របស់អង្គការមូលនិធិសហប្រជាជាតិសម្រាប់ប្រជាជន(UNFPA)ចេញផ្សាយកាលពីចុងខែមេសាឆ្នាំ២០២០បានឱ្យដឹងថាប្រសិនបើវិធានការបង្ខាំងបន្តក្នុងរយៈពេល៣ខែករណីអំពើហិង្សាទាក់ទងនឹងយេនឌ័រនឹងអាចកើតមានបន្ថែមរហូតដល់ជាង១៥លានករណីហើយនឹងអាចកើតមានរហូតដល់ជាង៣១លានករណីបន្ថែមទៀតសម្រាប់ រយៈពេល៦ខែ ក្នុងនោះមូលហេតុសំខាន់២យ៉ាងដែលបណ្តាលឱ្យករណីអំពើហិង្សាទាក់ទងនឹងយេនឌ័រនេះកើនឡើងគឺ ទី១)
ការធ្លាក់ចុះនៃការអនុវត្តវិធានការបង្ការទប់ស្កាត់និងការផ្តល់កិច្ចការពារការផ្តល់សេវាថែទាំនិងសេវាសង្គមផ្សេងៗដល់ជនរងគ្រោះដោយអំពើហិង្សានិងទី២)ការកើនឡើងនូវហានិភ័យនៃអំពើហិង្សាក្នុងគ្រួសារដោយសារតែភាពនៅដាច់ដោយឡែក(Isolation)ការចំណាយពេលនៅជាមួយគ្នាយូរខណៈពេលដែលបញ្ហាផ្លូវចិត្តនិងភាពតានតឹងក្នុងអារម្មណ៍(Stress)បានកើនឡើងដោយសារតែការបាត់បង់ប្រាក់ចំណូលគ្រួសារ ការបិទសាលារៀនធ្វើឱ្យបន្ទុកការងារក្នុងគ្រួសារនិងការថែទាំកើនឡើងជាដើម។ ការកើនឡើងករណីថ្មីនៃអំពើហិង្សាក្នុងគ្រួសារនេះ នឹងធ្វើឱ្យទំហំនៃការខាតបង់ផ្នែកសេដ្ឋកិច្ច-សង្គម កាន់តែមានទំហំធំធេងជាងនេះ៕.mara