ប្រែសម្រួលៈវាសនា/បង់ក្លាដែស៖ ពួកមន្ត្រីបាននិយាយកាលពីថ្ងៃអង្គារថា សាលារៀន៤សាង់សង់ឡើងដោយអង្គការ UNICEFសំរាប់កុមាររ៉ូហ៊ីងយ៉ានៅក្នុងជំរំជនភៀសខ្លួននៅព្រំដែនបង់ក្លាដែសត្រូវបានបំផ្លាញក្នុងអគ្គិភ័យមួយ ហើយទីភ្នាក់ងារសំរាប់កុមារសហប្រជាជាតិនេះបានហៅវាថាជាការលួចដុតបំផ្លាញ។
វានៅមិនទាន់ច្បាស់ថានរណាជាអ្នកដុតបំផ្លាញសាលារៀននេះ ដែលមិនមានអ្នករៀនទេក្នុងពេលរងការវាយប្រហារ តែស្ថានភាពសន្តិសុខនៅក្នុងជំរំដែលដាក់មនុស្សប្រមាណ១លាននាក់កាន់តែអាក្រក់ទៅនៅប៉ុន្មានខែមកនេះ។
កាលពីសប្តាហ៍មុន អគ្គិភ័យមួយដែលគេគិតថាបានចាប់ផ្តើមចេញពីចង្ក្រានហ្គាសមួយ បានបំផ្លាញខ្ទមឬស្ស៊ីរាប់រយនៅក្នុងជំរំ ដោយបណ្តាលអោយជនភៀសខ្លួនរាប់ពាន់នាក់មកពីមីយ៉ាន់ម៉ាគ្មានទីជម្រក។
រ៉ាសវ៉ាន់ ហាយ៉ាត ស្នងការជនភៀសខ្លួនបង់ក្លាដែស បានប្រាប់ទីភ្នាក់ងារសារព័ត៌មានបារាំងថា លោកជឿថាអគ្គិភ័យចុងក្រោយនេះមិនមែនត្រូវគេលួចដុតទេ ដោយសារសាលារៀនធ្វើឡើងពីវត្ថុធាតុងាយឆេះ ទោះជាយ៉ាងណានឹងមានការស៊ើបអង្កេតមួយ។
ទោះជាយ៉ាងណា UNICEFបាននិយាយតាមទ្វីតធឺថា ឧបទ្ទវហេតុនេះជាការលួចដុត និងថាខ្លួននឹងធ្វើការជាមួយឪពុកម្តាយក្មេងដើម្បីវាយតំលៃការខូចខាតពីការវាយប្រហារនេះ ព្រមទាំងសាងសង់វាឡើងវិញ។
អង្គការUNICEFមានមណ្ឌលសិក្សាអប់រំប្រមាណ២.៥០០នៅក្នុងជំរំចំនួន៣៤នៅព្រំដែនភាគអាគ្នេយ៍របស់បង់ក្លាដែស។កុមាររ៉ូហ៊ីងយ៉ាប្រមាណ២៤០.០០០នាក់ បានសិក្សានៅក្នុងមណ្ឌលទាំងនេះមុនពេលផ្ទុះជំងឺឆ្លងកូវីដ១៩៕
សាលារៀងឆេះនៅប៉ុន្មានថ្ងៃក្រោយអគ្គិភ័យបំផ្លាញផ្ទះខ្ទមរាប់រយនៅក្នុងជំរំជនភៀសខ្លួនរ៉ូហ៊ីងយ៉ា