Home ព័ត៌មានសំខាន់ៗ ជាប់​ខ្នោះ! ខ...

ជាប់​ខ្នោះ! ខឹង​អតីត​សង្សារ​មាន​ថ្មី គំរាម​បង្ហោះ​រូបភាព​ដេក​ជាមួយគ្នា គំរាម​សម្លាប់ និង​ជម្រិត​ទារប្រាក់

​ដោយៈ ឫទ្ធិ​ស័ក្តិ​/​ភ្នំពេញៈ បុរស​ម្នាក់​ខឹង​អតីត​សង្សារ​មាន​ថ្មី បាន​ផ្ញើ​សារ​គំរាម​ទារប្រាក់ បង្ហោះ​រូបភាព​ដែល​ធ្លាប់​ដេក​ជាមួយគ្នា និង​គំរាម​សម្លាប់​ថែមទៀត ប៉ុន្តែ​ត្រូវបាន​នារី​ជា​អតីត​សង្សារ​ប្តឹង​សមត្ថកិច្ច​ចាប់ខ្លួន​។ ជន​សង្ស័យ​ត្រូវបាន​ឃាត់ខ្លួន​កាលពី​រសៀល​ថ្ងៃទី​១៨ ខែមករា ឆ្នាំ​២០២១ ស្ថិតនៅ​ចំណុច​កន្លែង​លាង​ម៉ូតូ ភូមិ​ខ្វា សង្កាត់​ដង្កោ រាជធានី​ភ្នំពេញ​។​

​សមត្ថកិច្ច​បានឱ្យដឹង​ថា ជនសង្ស័យ​ឈ្មោះ សឿ សារ៉ន ហៅ រាជ សុ​វណ្ណា​រាជ អាយុ​២៨​ឆ្នាំ ស្នាក់នៅ​ផ្ទះជួល​ស្ថិតនៅ​ភូមិ​ត្រពាំង​ថ្លឹង សង្កាត់​ចោមចៅ ខណ្ឌ​ពោធិ៍​សែន​ជ័យ ប្រកបមុខរបរ​បុគ្គ​លិ​ក នៃ​ក្រុមហ៊ុន​នាំ​ពលករ​ខ្មែរ​ទៅ​ប្រទេស​ជប៉ុន​។​

​ប្រភព​បាន​បន្តថា កាលពី​រសៀល​ថ្ងៃទី​១៧ ខែមករា ឆ្នាំ​២០២១ ជនសង្ស័យ​បាន​ទូរស័ព្ទ​គំរាម​ស្ត្រី​ជា​អតីត​សង្សារ អាយុ​៣១​ឆ្នាំ ធ្វើការ​ក្នុង​ក្រុមហ៊ុន​ជាមួយគ្នា បង្ហោះ​រូបភាព​អាសអាភាស ដែល​ខ្លួន​ដេក​ជាមួយ​ស្ត្រី​រងគ្រោះ កាលពី​អំឡុង​ចុងឆ្នាំ​២០២០ និង​គំរាម​សម្លាប់​ស្ត្រី​រងគ្រោះ ហើយ​បាន​ជេរប្រមាថ​ធ្ងន់ៗ​ជាច្រើន​ទៀត ខណៈដែល​ស្ត្រី​រងគ្រោះ​បាន​ដើរលេង​ជាមួយ​បុរស​ម្នាក់ទៀត​នៅ​ភ្នំ​តា​ម៉ៅ ខេត្តតាកែវ​។​

​កាលពី​ពាក់កណ្តាល​ខែធ្នូ ឆ្នាំ​២០២០ ជនរងគ្រោះ​ធ្លាប់​ត្រូវបាន​ជនសង្ស័យ​នាំទៅ​លេង​ផ្ទះ​នៅ​ខេត្តកំពង់ចាម ហើយ​ជនសង្ស័យ​ក៏បាន​រៀបចំ​បន្ទប់​ឱ្យ​ជនរងគ្រោះ​ដេក រួច​ធ្វើ​សកម្មភាព​ចាប់បង្ខំ​រួមភេទ​បានសម្រេច​០១​លើក និង​លួច​ថតរូប​ភាព​នៅពេល​ដេក​ជាមួយគ្នា​តាម​ទូរស័ព្ទ​។ នៅពេលនោះ​ជនសង្ស័យ​បាន​គំរាម​ជនរងគ្រោះ​ថា បើ​ហ៊ាន​ប្តឹង រឺ​ទៅប្រាប់​អ្នកដទៃ និង​បង្ហោះ​រូបភាព​នេះ ចូលក្នុង​ហ្វេ​ស​ប៊ុ​ក​ឱ្យ​ផ្អើល​តែម្តង​។ ដោយបាន​រូបភាព​នឹង​ដៃ​បែបនេះ ហើយ​ជនសង្ស័យ​ក៏បាន​តម្រូវឱ្យ​ជនរងគ្រោះ​ទិញ​ម៉ូតូ​ម៉ាក PGX ០១​គ្រឿង​តម្លៃ ២៥០០​ដុល្លារ ទៅឱ្យ​ជនសង្ស័យ​បើ​មិន​ធ្វើតាម​ទេ និង​យក​រូបភាព​នេះ​ទៅ​បង្ហោះ​។​

​ជនរងគ្រោះ​ខ្លាច​ខ្មាស់​គេ​ក៏បាន​ទិញ​ម៉ូតូ​តាម​ការចង់បាន​របស់​ជនសង្ស័យ​ដោយ​ធ្វើ​ការបង់​រំលស់​រយៈពេល​០៣​ឆ្នាំ​។ បន្ទាប់មក​នៅ​ថ្ងៃ​ខាងលើ​ដោយ​ការគំរាមកំហែង និង​គៀបសង្កត់​ពី​ជនសង្ស័យ​ខ្លាំងពេក ជនរងគ្រោះ​ទ្រាំ​ពុំបាន​ក៏​សម្រេចចិត្ត​ប្តឹង​រាយការណ៍​ទៅ​សមត្ថកិច្ច​ដើម្បី​យកទៅ​ចាត់ការ​តាមផ្លូវ​ច្បាប់​។​

​ជនសង្ស័យ​ឆ្លើយ​សារភាពថា ខ្លួន​ពិតជា​បាន​ផ្ញើ​សារ​ជេរប្រមាថ និង​គំរាម​ជនរងគ្រោះ ដោយ​វត្ថុតាង​តាមរយៈ​សម្លេង​ផ្ញើ​សារ​នៅក្នុង​ទូរស័ព្ទ​មិនអាច​ប្រកែក​បាន​។

​សមត្ថកិច្ច​បាន​ឲ្យ​ដឹងថា នៅ​ថ្ងៃទី​១៩ ខែមករា ឆ្នាំ​២០២១ នេះ ជនសង្ស័យ ត្រូវបាន​សមត្ថកិច្ច​ចាប់​បញ្ជូនទៅ​តុលាការ​ចាត់ការ​តាមផ្លូវ​ច្បាប់​ដោយ​រង​ការចោទប្រកាន់​ពីបទ​គំរាមកំហែង​ដោយមាន​បញ្ជា​ឱ្យបំពេញ​លក្ខខណ្ឌ​អ្វីមួយ​៕​

ទីតាំងផ្សាយពាណិជ្ជកម្ម

- Advertisment -

Most Popular