ដោយ: ពៅនិមល/ភ្នំពេញ: មន្ត្រីជាន់ខ្ពស់នៃក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ បានអះអាងថា សម្រាប់កម្មករនិយោជិតដែលបាត់បង់ការងារដោយសាររោងចក្របិទទ្វារ ក៏ដូចព្យួរកិច្ចសន្យាការងារ អាចទំនាក់ទំនងបាននៅទីភ្នាក់ងារជាតិមុខរបរ និងការងារ (NEA) ដើម្បីជួយក្នុងការផ្គូរផ្គងការងារ ដែលអាចប្រើប្រាស់ដោយសេរី និងមិនមានការរើសអើង ឬក៏គិតកម្រៃសេវាផងដែរ។
លោក ហៃ ហ៊ុនឡេង ប្រធានទីភ្នាក់ងារនេះកាលពីថ្ងៃទី១៨ ខែមករា ឆ្នាំ២០២១កន្លងទៅ បានមានប្រសាសន៍ប្រាប់រស្មីកម្ពុជាថា “ជាទូទៅពាក់ព័ន្ធការព្យួរផ្អាកកិច្ចសន្យាការងារបណ្តោះអាសន្នកន្លងមក នឹងឈានដល់រោងចក្រ សហគ្រាស ជំរើសការងារអាចមាន សិន្នដ្ឋានផ្សេងៗសម្រាប់ស្វែងរកការងារប្រភេទផ្សេងគ្នាដែរ ដូច្នេះហើយសម្រាប់បងប្អូនយើងខ្លះ គាត់មានឱកាសនិងលទ្ធភាពឈានចូលដល់ឱកាសការងារដោយខ្លួនឯង គាត់អាចជ្រើសយកជំរើសរបស់គាត់។
ប៉ុន្តែដោយឡែក សម្រាប់កម្មករនិយោជិតដែលខ្វះព័តមាន ឬក៏អត់ដឹងពីជំរើសការងារច្រើន គួរតែទំនាក់ទំនង ឬប្រើប្រាស់សេវាទីភ្នាក់ងារជាតិមុខរបរ និងការងារ ក៏ដូចជាក្រសួងការងារនិងបណ្តុះបណ្តាលវិជ្ជាជីវៈដើម្បីគាត់អាចពង្រីកនូវឱកាសរបស់គាត់ ក្នុងន័យថា គាត់មានប្រភពព័ត៍មានច្រើន និងអាចសម្រេចចិត្តរើសយកព័ត៍មានណាមួយ ប្រសើរជាជាងគាត់ធ្វើការសម្រេចចិត្តដោយមានប្រភពព័ត៍មានតែមួយ ហើយសម្រាប់ការបាត់បង់ការងារជាបណ្តោះអាសន្ន ឬព្យួរកិច្ចសន្យាការងារ ខាងNEA ក៏ធ្វើការផ្សព្វផ្សាយទៅតាមបណ្តាញរោងចក្រសហគ្រាសក៏ដូចជាតាមរយះវគ្គបណ្តុះបណ្តាលនឹងដែរ។
លោកបានបន្ថែមថា ដោយសារការរីករាលដាលនៃមេរោគកូវីដ១៩ គិតត្រឹមបំណាច់ឆ្នាំ២០២០ រោងចក្រ សហគ្រាស ក្នុងវិស័យឧស្សាហកម្មកាត់ដេរនៅក្នុងប្រទេសកម្ពុជាដែលបានបិទទ្វារលែងដំណើរការសរុបចំនួន ១២៩រោងចក្រ៕