ដោយៈបញ្ញាសាស្ដ្រ/ភ្នំពេញៈលោកស្រី Devyani Uttam Khobragadeឯកអគ្គរដ្ឋទូតថ្មីនៃប្រទេសឥណ្ឌាប្រចាំកម្ពុជាបានធ្វើការកត់សម្គាល់ពីការអភិវឌ្ឍថ្មីៗនៅក្នុងវិស័យហិរញ្ញវត្ថុកម្ពុជា។ជាពិសេសតួនាទីដ៏សំខាន់របស់ធនាគារជាតិនៃកម្ពុជាក្នុងការរក្សាលំនឹងម៉ាក្រូសេដ្ឋកិច្ចនិងហិរញ្ញវត្ថុនិងគាំទ្រសកម្មភាពសេដ្ឋកិច្ចក្នុងស្ថានភាពដែលកម្ពុជាក៏ដូចជាប្រទេសនានាលើពិភពលោកកំពុងរងនូវវបត្តិសុខាភិបាលនិងសេដ្ឋកិច្ច។លោកស្រីក៏បានកោតសរសើរនិងអបអរផងដែរចំពោះលោកទេសាភិបាលធនាគារជាតិនៃកម្ពុជាដែលទទួលថ្នាក់ដឹកនាំធនាគារកណ្តាលឆ្នើមឆ្នាំ២០២១ នៅតំបន់អាស៊ីប៉ាស៊ីហ្វិក។
ការថ្លែងបែបនេះបានធ្វើឡើងកាលពីព្រឹកថ្ងៃទី១៩ ខែមករា ខណៈលោកស្រីជួបសម្តែងការគួរសមនិងពិភាក្សាការងារលោក ជា ចាន់តូ ទេសាភិបាលធនាគារជាតិនៃកម្ពុជា ។
លោក ជា ចាន់តូ ទេសាភិបាលធនាគារជាតិនៃកម្ពុជា បានទទួលជួបសម្តែងការគួរសមនិងពិភាក្សាការងារ ជាមួយលោកស្រី Devyani Uttam Khobragade ឯកអគ្គរដ្ឋទូតថ្មីនៃប្រទេសឥណ្ឌាប្រចាំកម្ពុជា(រូបបថតធនាគារជាតិ)
មន្ត្រីបានប្រាប់ថាក្នុងជំនួបនេះលោកស្រីបានសម្តែងការអបអរសាទរជូនចំពោះលោកទេសាភិបាលធនាគារជាតិនៃកម្ពុជាដែលកាលពីពេលថ្មីៗនេះទស្សនាវដ្តីអន្តរជាតិដែលមានទីតាំងនៅប្រទេសអង់គ្លេសផ្តល់ចំណាត់ថ្នាក់ជាថ្នាក់ដឹកនាំធនាគារកណ្តាលឆ្នើម ឆ្នាំ២០២១ នៅតំបន់អាស៊ីប៉ាស៊ីហ្វិកក្នុងចំណោមទេសាភិបាលប្រាំរូបនៅលើពិភពលោក។លោកស្រីមានបំណងពង្រឹងកិច្ចសហប្រតិបត្តិការក្នុងវិស័យធនាគាររវាងប្រទេសទាំងពីរឱ្យកាន់តែស៊ីជម្រៅបន្ថែមទៀតដើម្បីជាប្រយោជន៍ដល់ភាគីទាំងពីរ។លោកស្រីក៏បានថ្លែងការកោតសរសើរពីការអភិវឌ្ឍថ្មីៗនៅក្នុងវិស័យហិរញ្ញវត្ថុកម្ពុជា។ជាពិសេសតួនាទីដ៏សំខាន់របស់ធនាគារជាតិនៃកម្ពុជាក្នុងការរក្សាលំនឹងម៉ាក្រូសេដ្ឋកិច្ចនិងហិរញ្ញវត្ថុនិងគាំទ្រសកម្មភាពសេដ្ឋកិច្ក្នុងស្ថានភាពដែលកម្ពុជាក៏ដូចជាប្រទេសនានាលើពិភពលោកកំពុងរងនូវវបត្តិសុខាភិបាលនិងសេដ្ឋកិច្ច។
លោកស្រីបានអបអរសាទរនូវការធ្វើទំនើបកម្មប្រព័ន្ធទូទាត់ដូចជា ការដាក់ឱ្យប្រព័ន្ធបាគង ដែលជាប្រព័ន្ធទូទាត់កន្លោងដែលជួយសម្រួលការទូទាត់ទូទៅនិងឆ្លងគ្រឹះស្ថាន ដោយបានបន្ថយកម្រៃប្រតិបត្តិការនិងធ្វើឱ្យទឹកប្រាក់ទូទាត់ទទួលបានភ្លាមៗ។
លោក ជា ចាន់តូ ទេសាភិបាលធនាគារជាតិនៃកម្ពុជា បានទទួលជួបសម្តែងការគួរសមនិងពិភាក្សាការងារ ជាមួយលោកស្រី Devyani Uttam Khobragade ឯកអគ្គរដ្ឋទូតថ្មីនៃប្រទេសឥណ្ឌាប្រចាំកម្ពុជា(រូបបថតធនាគារជាតិ)
ចំណែកលោកទេសាភិបាល បានសម្តែងការរីករាយនិងស្វាគមន៍ដែលលោកស្រី Devyani Uttam Khobragade មកបំពេញទស្សនកិច្ច ក្នុងនាមជាឯកអគ្គរដ្ឋទូតនៃប្រទេសឥណ្ឌាប្រចាំកម្ពុជា។លោកបានថ្លែងអំណរគុណចំពោះរដ្ឋាភិបាលឥណ្ឌា និងធនាគារកណ្តាលឥណ្ឌា ដែលកន្លងមកបានរួមចំណែកអភិវឌ្ឍធនធានមនុស្សនៅធនាគារជាតិនៃកម្ពុជាតាមរយៈការសិក្សារយៈពេលវែងនិងវគ្គបណ្តុះបណ្តាលរយៈពេលខ្លី។
ជាមួយគ្នានេះលោក៏បានជម្រាបផងដែរថាប្រទេសឥណ្ឌានិងកម្ពុជាធ្លាប់មានទំនាក់ទំនងសហប្រតិបត្តិការល្អនឹងគ្នាតាំងពីបុរាណកាលមកម្ល៉េះ ហើយក្រោយថ្ងៃរំដោះ ៧ មករា១៩៧៩ រដ្ឋាភិបាលឥណ្ឌាក៏បានជួយកម្ពុជាក្នុងដំណើរការស្តារនិងអភិវឌ្ឍន៍ប្រទេសកម្ពុជា។
លោកជា ចាន់តូ ទេសាភិបាលធនាគារជាតិនៃកម្ពុជា ក៏បានជម្រាបជូនភ្ញៀវអំពីស្ថានភាពម៉ាសេក្រូសេដ្ឋកិច្ចនិងវិស័យធនាគារថា រដ្ឋាភិបាលក្រោមការដឹកនាំរបស់សម្តេចអគ្គមហាសេនាបតីតេជោហ៊ុនសែននាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជាបានគ្រប់គ្រងការរីករាលដាលនៃជំងឺកូវីដ-១៩ យ៉ាងល្អប្រសើរ និងបានដាក់ចេញវិធានការកាត់បន្ថយផលប៉ះពាល់មកលើសេដ្ឋកិច្ចប្រកបដោយប្រសិទ្ធភាព។ អតិផរណាត្រូវបានរក្សាឱ្យស្ថិតក្នុងកម្រិតទាប ជាមួយនឹងស្ថិរភាពអត្រាប្តូរប្រាក់ និងកម្រិតគ្រប់គ្រាន់នៃទុនបម្រុងអន្តរជាតិ ដែលរួមចំណែករក្សាជំនឿទុកចិត្តមកលើសេដ្ឋកិច្ចកម្ពុជា។ចំពោះវិស័យធនាគារធនាគារជាតិនៃកម្ពុជាបានដាក់ចេញនូវវិធានការពង្រឹងសុខមាលភាពគ្រឹះស្ថានធនាគារនិងហិរញ្ញវត្ថុផ្តល់សន្ទនីយភាពនិងការធ្វើឥណទានឡើងវិញដែលបានជួយដល់អាជីវកម្មនិងប្រជាជនក្រីក្រដែលទទួលរងផលប៉ះពាល់។ ទន្ទឹមនេះ វិស័យធនាគារធានាបានគុណភាពឥណទានល្អប្រសើរ។
លោក ជា ចាន់តូ ទេសាភិបាលធនាគារជាតិនៃកម្ពុជា បានទទួលជួបសម្តែងការគួរសមនិងពិភាក្សាការងារ ជាមួយលោកស្រី Devyani Uttam Khobragade ឯកអគ្គរដ្ឋទូតថ្មីនៃប្រទេសឥណ្ឌាប្រចាំកម្ពុជា(រូបបថតធនាគារជាតិ)
ក្នុងឱកាសនេះលោកទេសាភិបាលនិងលោកស្រីឯកអគ្គរដ្ឋបានយល់ស្របគ្នាលើការបង្កើនកិច្ចសហប្រតិបត្តិការនៅក្នុងវិស័យធនាគារនៃប្រទេសទាំងពីរដូចជាលើការផ្លាស់ប្តូរបទពិសោធន៍ពីការអភិវឌ្ឍប្រព័ន្ធទូទាត់ការពង្រឹងយន្តការប្រឆាំងការសម្អាតប្រាក់និងហិរញ្ញប្បទានភេរវកម្ម និងការបណ្តុះបណ្តាល៕សរន