Home ព័ត៌មានជាតិ សន្តិសុខ សម្ដេច​ក្រឡាហ...

សម្ដេច​ក្រឡាហោម : បញ្ហា​គ្រឿងញៀន​នៅតែ​ជា​បញ្ហា​ធំ រីឯ​ទីផ្សារ​វិញ​ក៏​កាន់តែ​ធំ​

ដោយៈ មុនី​រ័ត្ន​/​ភ្នំពេញៈ សម្ដេច​ក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ដ្រី និង​ជា​រដ្ឋមន្ដ្រី​ក្រសួងមហាផ្ទៃ បាន​បញ្ជាក់ថា បញ្ហា​គ្រឿងញៀន​ក៏​នៅតែ​ជា​បញ្ហា​ធំ និង​ទីផ្សារ​គ្រឿងញៀន​រីក​រាលដាល​កាន់តែ​ធំ ហើយ​ជន​ប្រព្រឹត្ត​បទល្មើស ឬក៏​វត្ថុតាង​គ្រឿងញៀន ចាប់​យកមក​ផ្តន្ទាទោស​ក៏​កាន់តែច្រើន តែ​មិនទាន់​ធូរស្រាល​។​

​ការបញ្ជាក់​របស់​សម្ដេច​ក្រឡាហោម ស ខេង បាន​ធ្វើឡើង​នៅក្នុង​កម្មវិធី​ប្រកាស​ផ្សព្វផ្សាយ​ដាក់​ឲ្យ​ប្រើប្រាស់​ជា​ផ្លូវការ ផែនការ​សកម្ម​ភាពជា​តិ ស្ដីពី​ការទប់ស្កាត់​អំពើហិង្សា​លើ​ស្ដ្រី ២០១៩-២០២៣ នៅ​ព្រឹក​ថ្ងៃទី​១៩ ខែមករា ឆ្នាំ​២០២០ នៅ​សណ្ឋាគារ សូ​ហ្វី​តែ​ល ភ្នំពេញ ភូ​គី​ត្រា​។​

​សម្ដេច​ក្រឡាហោម ស ខេង បាន​បញ្ជាក់ថា “​នៅមាន​បញ្ហា​ខ្លះ ដែល​នៅជាប​ញ្ហា ដោយសារ​វា​អាច​ធំ​ជាង​មុន​ថែមទៀត ឧទាហរណ៍​បញ្ហា​គ្រឿងញៀន ដែល​ស្ថិតនៅក្នុង​គោលនយោបាយ​ភូមិ ឃុំ មាន​សុវត្ថិភាព ប៉ុន្តែ​ដោយសារ​ទីផ្សារ​គ្រឿងញៀន​វា​រីក​រាល​ល​ដាល​កាន់តែ​ធំ អីចឹង​ហើយ​ចំនួន​ចាប់​ជន​ប្រព្រឹត្ត​បទល្មើស ឬក៏​វត្ថុតាង​គ្រឿងញៀន មក​ផ្តន្ទាទោស​កាន់តែច្រើន តែ​មិនទាន់​ធូរស្រាល​”​។​

​សម្តេច​ក្រឡាហោម​បានបញ្ជាក់​ទៀតថា “​បញ្ហា​អំពើហិង្សា​ក្នុង​គ្រួសារ ការរំលោភ​សេពសន្ថវៈ អំពើ​ជួញដូរ​មនុស្ស និង​អំពើ​ធ្វើ​អាជីវកម្ម​ផ្លូវភេទ​លើ​ស្ត្រី និង​កុមារ ព្រមទាំង​បញ្ហា​គ្រឿងញៀន នៅតែ​ជា​កង្វល់​ចំពោះមុខ​របស់​យើង​នៅឡើយ​។ បញ្ហា​ទាំងអស់នេះ ទាមទារ​ឱ្យ​យើងទាំងអស់គ្នា​ជា​អ្នកពាក់ព័ន្ធ បន្ត​យកចិត្តទុកដាក់​ខិតខំ​ប្រឹងប្រែង​ពុះពារ​ជំនះ និង​ដោះស្រាយ​ប្រកបដោយ​យុត្តិធម៌ និង​កាន់​តែមាន​ប្រសិទ្ធភាព​ថែមទៀត​ដើម្បីឱ្យ​ប្រជាជន​យើង ជាពិសេស​ស្ត្រី​កម្ពុជា​ដែលមាន​ចំនួន រហូតដល់​៥២​ភាគរយ នៃ​ប្រជាជន​សរុប​រស់នៅ​ប្រកបដោយ​ការគោរព​សិ​ទិ្ធ សេចក្តីសុខ និង​សុវត្ថិភាព​ក្នុង​ជីវិត និង​ភាពសុខដុមរមនា​ក្នុងសង្គម​”​។​

​សម្ដ​ចក្រ​ឡា​ហោ​បាន​បន្ដថា ដើម្បី​សម្រេចបាន​គោលបំណង​នេះ រាជរដ្ឋាភិបាល​បាន​នឹង​កំពុង​អនុវត្ត​យ៉ាង​ខ្ជាប់ខ្ជួន​នូវ​យុទ្ធសាស្ត្រ​ចតុកោណ​ដំណាក់កាល ទី​១ ទី​២ ទី​៣ និង​ទី​៤ ផែនការ​យុទ្ធសាស្ត្រ​អភិវឌ្ឍន៍​ជាតិ កម្មវិធី​កំណែទម្រង់​ច្បាប់ និង​ប្រព័ន្ធយុត្តិធម៌ គោលនយោបាយ និង​កម្មវិធី​តាម​វិស័យ ជាពិសេស ការអនុវត្ត​គោលនយោបាយ ភូមិ​-​ឃុំ មាន​សុវត្ថិភាព ដែល​លក្ខ​ណៈស​ម្ប​តិ្ត​ទី​៣​ចែងថា «​គ្មាន​អំពើ​អនាចារ ការជួញដូរ​ស្ត្រី​និង​កុមារ និង​អំពើហិង្សា​ក្នុង​គ្រួសារ » ព្រមទាំង បាន​បង្កើត​យន្តការ លិខិតបទដ្ឋាន​គតិយុត្ត គោលនយោបាយ និង​ផែនការ​សកម្មភាព​ជាតិ​នានា ដើម្បី​ឆ្លើយតប​ចំពោះ​អំពើហិង្សា​គ្រប់​ទម្រង់​លើ​ស្ត្រី និង​ក្មេងស្រី និង​លើកកម្ពស់​គុណភាព​និង​ប្រសិទ្ធភាព​នៃ​ការផ្តល់ សេវា​ជា​ពហុ​វិស័យ​ជួយ​ស្ត្រី​រងគ្រោះ​ដោយ​អំពើហិង្សា​ឱ្យបាន​ទាន់ពេលវេលា​៕​

ទីតាំងផ្សាយពាណិជ្ជកម្ម

- Advertisment -

Most Popular