កុមារ​បីនាក់​បងប្អូន ក្រិន​ខ្វិន​ពិកា​ដៃជើង ចង់បាន​អាហារូបករណ៍ ដើម្បី​បាន​បន្ត​ការសិក្សា​

​ដោយៈ វ៉ៃ​កូ / ស្វាយរៀងៈ ពលរដ្ឋ​ក្រីក្រ មួយ​គ្រួសារ មានកូន​នៅក្នុង​បន្ទុក បីនាក់ ក៏ប៉ុន្តែ​កុមារ​បីនាក់​បងប្អូន ក្រិន ខ្វិន​ពិការ​ដៃជើង ខ្នង​គម ត្រូវ​ឪពុក​រត់ចោល ទុក​ឲ្យ​ប្រពន្ធ ចិញ្ចឹម​កូន​តែម្នាក់ឯង ហើយ ៨ ខែ​មុននេះ ស្ត្រី​នោះ បាន​ដួល​បាក់ដៃ​ម្ខាង​ទៀត ធ្វើ​ឲ្យ​ជួប​ការលំបាក ខ្វះ​ស្បៀងអាហារ​ចិញ្ចឹម​កូនៗ​។ ចំណែក​កូនៗ ទាំងបី​នាក់ ចង់​បន្ត​ការសិក្សា រក​ចំណេះដឹង ដើម្បី​ប្រកបមុខរបរ​ចិញ្ចឹមជីវិត​។​

​នៅ​រសៀល​ថ្ងៃទី​១៨ ខែមករា ឆ្នាំ​២០២១ នេះ ក្មេង​ពិការ​បីនាក់​បងប្អូន បាន​អំពាវនាវ​សុំ​ក្តីមេត្តា ពី​លោក​ឧកញ៉ា លោកជំទាវ សប្បុរសជន មេត្តា​អាណិត​ជួយផ្តល់ គ្រឿងឧបភោគ បរិភោគ និង​ប្រាក់កាស ដើម្បី​បាន​បន្ត​ការសិក្សា រក​ចំណេះវិជ្ជា ដើម្បី​ប្រកបមុខរបរ ចិញ្ចឹមជីវិត ទៅមុខទៀត​។​

​បើតាម​ម្តាយ​របស់​កុមារ ទាំងបី​នាក់ ឈ្មោះ ប្រាក់ ម​ន្ថា អាយុ​៥១​ឆ្នាំ ជា​ស្ត្រី​មេម៉ាយ រស់នៅ​ភូមិ​កណ្តាល ឃុំ​ខ្សែ​ត្រ ស្រុក​កំពង់រោទិ៍​ខេត្តស្វាយរៀង បាន​ប្រាប់​ឲ្យ​ដឹងថាៈ គាត់​មាន​ប្តី​ឈ្មោះ អ៊ុ តេង អាយុ​៤៦​ឆ្នាំ មានកូន បីនាក់ ជា​ចំណងដៃ ។ ក៏ប៉ុន្តែ​កូន​ទាំងបី​នាក់ អភ័ព្វ​ណាស់ កើតមក​ក្រិន ពិការ​ខ្វិន​ដៃជើង គួរ​ឲ្យ​អាណិត​ណាស់​។

កុមារ​បីនាក់​បងប្អូន ក្រិន​ខ្វិន​ពិការ​ដៃជើង ចង់បាន​អាហារូបករណ៍ ដើម្បី​បាន​បន្ត​ការសិក្សា​

​ប្រភព​ដដែល បាន​បន្តថាៈ កូន​ទី​១.​ឈ្មោះ តក់ ធារ៉ា ភេទ​ស្រី អាយុ​២៤​ឆ្នាំ ពិការ ។ នៅពេល​នាង បាន​កើតមក គឺមាន​សុខភាព​ធម្មតា លុះ​អាយុ ៤​ឆ្នាំ ស្រាប់​តែមាន​អាកា​រៈទ​ន់ ហើយ​បាន​ដួល​បាក់ដៃ បាក់ជើង ជាច្រើន​កំណាត់ ។ គាត់​បាន​យកទៅ​ព្យាបាល នៅ​មន្ទីរពេទ្យ​ខេត្ត ។ ក្រោយមក​បានជា ស្រាប់តែ​ឆ្អឹង​ដៃជើង កោង​ក្ងិងក្ងង់ ក្រិន​គម​ខ្នង លែង​លូត​កម្ពស់​តែម្តង​។ នៅពេល​អាយុ​១៧​ឆ្នាំ នាង​បាន​សុំ​ម្តាយ​ទៅ​រៀន បាន​ថ្នាក់​ទី​៥ ហើយក៏​បាន​ឈប់ ដោយ​ជីវភាព​គ្រួសារ​។ ទី​២.​ឈ្មោះ តក់ ធា​រី ភេទ​ស្រី អាយុ​២០​ឆ្នាំ ។ នៅពេល​នាង កើតមក មាន​សុខភាព​ធម្មតា លុះ​បាន​អាយុ ៦​ខែ ស្រាប់តែ​នាង​មាន​ជំងឺ​ទន់ ឈឺ​ច្រើន ហើយ​នៅពេល​នាង មាន​អាយុ ២ ឆ្នាំ ទើប​ចេះ​ដើរ​តតេះតតះ ក្រោយមក ក៏​ដួល​បាក់ជើង កោង​ដៃ ក្ងិងក្ងង់ តែម្តង ហើយ​ក្រិន​លែង​ធំ ។ នៅពេល​នាង មាន​អាយុ ១៥ ឆ្នាំ បាន​ទៅ​រៀន មកដល់​ឆ្នាំ​២០២០ រៀន​បាន​ថ្នាក់​ទី​៦ ហើយ​បានទទួល​ការ​ជូ​យ​ឧបត្ថម្ភ ពី​អង្គការ LAVALA នៅ​ជិត​ក្រុង​តាខ្មៅ ខេត្តកណ្តាល ដោយបាន​នាំ​នាង​ទៅ​រៀន​បន្ត នៅ​ក្រុង​តាខ្មៅ​។ ទី​៣.​ឈ្មោះ តក់ រាត្រី ភេទ​ប្រុស អាយុ​១២​ឆ្នាំ ។ កុមារា​នេះ កើតមក​ភ្លាម មាន​សុខ​ភាពល្អ​ធម្មតា លុះ​បាន​អាយុ ២​ខែ ចាប់ផ្តើម​ទន់ រហូតដល់​អាយុ ២​ឆ្នាំ ស្រាប់តែ​ក្រិន ហើយ​ឆ្អឹង​ដុះ មក​ទាញ​កោង​បាក់ដៃ បាក់ជើង ខ្វិន ខ្នង​គម​តែម្តង ហើយ​បច្ចុប្បន្ន មិនទាន់បាន​ទៅ​រៀន​ទេ​។​

កុមារ​បីនាក់​បងប្អូន ក្រិន​ខ្វិន​ពិការ​ដៃជើង ចង់បាន​អាហារូបករណ៍ ដើម្បី​បាន​បន្ត​ការសិក្សា​

​ស្ត្រី​មេម៉ាយ​ម្នាក់នេះ បាន​បន្តថាៈ នៅពេល​កូន​ទី​បី ចាប់ផ្តើម​មាន​ជំងឺ​ទន់ៗ ស្រាប់តែ​ប្តី​របស់គាត់ ឈ្មោះ អ៊ុ តេង រត់ចោល​គាត់ និង​កូនៗ ទៅតាម​ស្រី​ផ្សេង​បាត់ ទុក​ឲ្យ​គាត់​ចិញ្ចឹម​កូន​ម្នាក់ឯង យ៉ាង​លំបាក​វេទនា ។ គាត់​ក៏​ចាប់ផ្តើម​ប្រកបមុខរបរ បិតស្រា និង​ចិញ្ចឹម​ជ្រូក ហើយ​លក់ដូរ បន្តិចបន្តួច ក៏ប៉ុន្តែ​មិនសូវមាន​ម៉ូយ ទិញ​ទេ ដោយ​ផ្ទះ​របស់គាត់ នៅក្រោយ​ឆ្ងាយ​ពី​គេ គ្មាន​ផ្ទះ​អ្នកស្រុក​ច្រើន​។​

​ក្រោយមក អង្គការ​ជនពិការ បានផ្តល់​ប្រាក់​ចំនួន ២០០ ដុល្លារ តាមរយៈ​លោកស្រី សំ សំបា​ត់ ប្រធាន​សមាគម​ជនពិការ ស្រុក​កំពង់រោទិ៍ ដើម្បី​ធ្វើ​ដើមទុន ទិញ​អីវ៉ាន់​ចាប់ហួយ លក់ដូរ​ផ្គត់ផ្គង់​ជីវភាព​។ នៅ​ថ្ងៃទី​១៥ ខែតុលា ឆ្នាំ​២០២០ គាត់​បាន​ដើរ​ដួល​បាក់ដៃ ខាងស្តាំ មិនអាច​ធ្វើ​អ្វី​កើត ទើប​សូម​អំពាវនាវ សូម​ឲ្យ​សប្បុរសជន មេត្តាជួយ​ឧបត្ថម្ភ​ស្បៀងអាហារ ដើម្បី​ចិញ្ចឹម​កូនៗ ជា​បន្តទៀត​។​

កុមារ​បីនាក់​បងប្អូន ក្រិន​ខ្វិន​ពិការ​ដៃជើង ចង់បាន​អាហារូបករណ៍ ដើម្បី​បាន​បន្ត​ការសិក្សា​

​នៅពេល​មាន​វិបត្តិ​កូ​វីដ​-១៩​នេះ រាជរដ្ឋាភិបាល បានផ្តល់​ប្រាប់​ឧបត្ថម្ភ​ដល់​គ្រួសារ​គាត់ បាន ៥ ខែ​មកហើយ ក្នុង ១ ខែ ទទួលបាន ១៩២.០០០ រៀល និង​មានការ​ជួយឧបត្ថម្ភ ពី​កាកបាទក្រហមកម្ពុជា និង​អង្គការ​មនុស្សធម៌ ខ្លះៗ​ដែរ ក៏ប៉ុន្តែ​គ្រាន់តែ​ជួយ​សម្រាល ដល់​ជីវភាព​មួយគ្រាៗ​ប៉ុណ្ណោះ​។​

​បច្ចុប្បន្ននេះ គ្រួសារ​គាត់ កំពុង​ជួប​ការលំបាក ក្នុង​ជីវភាព ហើយ​កូនៗ ចង់ទៅ​រៀន តែ​រូបគាត់ គ្មាន​លទ្ធភាព​ឲ្យ​កូន អាយុ​១២​ឆ្នាំ ទៅ​រៀន និង​កូន​ធំ ទៅ​រៀន​បន្ត នៅ​សាលា​ឆ្ងាយ ដោយ​គ្មាន​អ្នក​រុញ​គាត់ ឲ្យ​ទៅ​រៀន ម្យ៉ាង​ជីវភាព​ក្រីក្រ​ទៀត ដូច្នេះ​មានតែ​សុំ​សប្បុរសជន ផ្តល់​ក្តីមេត្តា​៕/V​

កុមារ​បីនាក់​បងប្អូន ក្រិន​ខ្វិន​ពិការ​ដៃជើង ចង់បាន​អាហារូបករណ៍ ដើម្បី​បាន​បន្ត​ការសិក្សា​

ទីតាំងផ្សាយពាណិជ្ជកម្ម

- Advertisment -

Most Popular