Home ព័ត៌មានសំខាន់ៗ អន្ទាក់​ប្រមា...

អន្ទាក់​ប្រមាណ ៥ ម៉ឺន ត្រូវបាន​ដោះចេញ ពី​តំបន់ការពារធម្មជាតិ នៅក្នុង​ប្រទេស​កម្ពុជា ក្នុង​ឆ្នាំ​២០២០

ដោយៈ ដេប៉ូ / មណ្ឌល​គី​រីៈ មន្ត្រីជាន់ខ្ពស់ នៃ​ក្រសួងបរិស្ថាន និង​ក្រុម​អង្គការ​សង្គម​ស៊ីវិល បានឱ្យដឹងថាៈ អន្ទាក់​ជាច្រើន ត្រូវបាន​គេ​ដោះចេញ ពី​តំបន់​ការ​ធម្មជាតិ ដោយ​ក្នុងនេះ នៅ​ឆ្នាំ​២០២០ កន្លងមក ការ​ដោះ​អន្ទាក់​គ្រប់​ប្រភេទ សរុប​មាន​ចំនួន ប្រមាណ ៥ ម៉ឺន​អន្ទាក់ ហើយ​អន្ទាក់​ចំនួន​ជាង ៤ ម៉ឺន​ប្រភេទ​ទៀត ត្រូវបាន​ដោះចេញ នៅ​ឆ្នាំ ២០១៩​កន្លងទៅ​។​

​បញ្ជាក់​នៅក្នុង​ដំណើរ​ទស្សនកិច្ច​សិក្សា នៅ​ដែនជម្រកសត្វព្រៃ​ស្រែ​ពក និង​ភ្នំ​ព្រេច ខេត្តមណ្ឌលគិរី ដែល​រៀបចំ​ដោយ ក្រសួងបរិស្ថាន និង​អង្គការ WWF កាលពី​ថ្មីៗ​មកនេះ លោក សេង ទៀក បានឱ្យដឹងថាៈ នាពេល​បច្ចុប្បន្ននេះ អន្ទាក់​នៅតែ​ជា​ឃាតក បំផ្លិចបំផ្លាញ​សត្វព្រៃ​កម្ពុជា ដែល​ជនល្មើស តែងតែ​ឆ្លៀតឱកាស ក្នុងការ​លបលួច ចាប់​សត្វព្រៃ នៅ​កម្ពុជា​។​

អន្ទាក់​ប្រមាណ ៥ ម៉ឺន ត្រូវបាន​ដោះចេញ ពី​តំបន់ការពារធម្មជាតិ នៅក្នុង​ប្រទេស​កម្ពុជា ក្នុង​ឆ្នាំ​២០២០

​បើតាម​លោកនាយក​អង្គការ WWF រូបនេះ បានឱ្យដឹងថាៈ នាពេល​បច្ចុប្បន្ន មាន​អន្ទាក់ ចំនួន ៥ ប្រភេទ ដែល​ជនល្មើស តែង​បាន​ប្រើប្រាស់ សម្រាប់​ចាប់​សត្វ រៀងរាល់ថ្ងៃ ដោយ​នៅតែ​បង្ក​គ្រោះថ្នាក់ និង​គំរាមកំហែង ដល់​សត្វព្រៃ ដែលជា​សត្វ​កម្រ នៅ​កម្ពុជា ក៏ដូចជា ប្រភេទ​ពូជ​សត្វ ជិត​ផុត​ពូជ នៅលើ​ពិភពលោក យើង​នេះ​។​

​លោក​បាន​និយាយ​បន្តថាៈ ក្រៅពី​អន្ទាក់​ធម្មតា ជនល្មើស នៅ​ប្រើ​អន្ទាក់​ប្រភេទ ប្រើ​ចរន្តអគ្គិសនី ដើម្បី​សម្លាប់​សត្វព្រៃ ដ៏​គួរឱ្យ​ព្រួយបារម្ភ​ថែមទៀត​។ សម្រាប់​អន្ទាក់​ទាំង ៥ ប្រភេទ ដែល​តែង​បង្ក​គ្រោះថ្នាក់ ដល់​សត្វព្រៃ រៀងរាល់​ថ្ងៃនេះ មានដូចជា អន្ទាក់​ប្រើប្រាស់​ចរន្តអគ្គិសនី អន្ទាក់​ខ្សែ​កា​ប្លិ៍ អន្ទាក់​ខ្សែ​គោ អន្ទាក់​រ៉ឺ​ស័​រ អន្ទាក់​អង្គុប​ដែក ជាដើម​។ ព្រម​ជាមួយគ្នានេះ លោក​បាន​ចាត់ទុកថាៈ អន្ទាក់ គឺជា​ឃាតក លាក់​មុខ ដែល​វា​អាច​សម្លាប់​សត្វព្រៃ បាន​គ្រប់ពេលវេលា ហើយ​អន្ទាក់ ក៏​ជាការ​គំរាមកំហែង ដល់​ប្រភេទ​សត្វ មួយចំនួន ស្ថិតក្នុង​ប្រភេទ​កម្រ​ស្រាប់ ឱ្យ​បាត់បង់ និង​ផុត​ពូជ​ពីលើ​ផែនដី យើង​នេះ​ផងដែរ​។​

អន្ទាក់​ប្រមាណ ៥ ម៉ឺន ត្រូវបាន​ដោះចេញ ពី​តំបន់ការពារធម្មជាតិ នៅក្នុង​ប្រទេស​កម្ពុជា ក្នុង​ឆ្នាំ​២០២០

​ជាមួយគ្នានេះ លោក​បាន​អំពាវនាវ ដល់​ព្រានព្រៃ​ទាំងអស់ គប្បី​បញ្ឈប់​សកម្មភាព​បំផ្លិចបំផ្លាញ​សត្វព្រៃ​នេះ ជាបន្ទាន់​ដោយសារតែ​វា មិន​ត្រឹមតែ​បំផ្លាញ​សត្វព្រៃ ដ៏​មានតម្លៃ ក្នុងប្រទេស​ទេ ប៉ុន្តែ​វា​ក៏​នៅ​បំផ្លិចបំផ្លាញ ដល់​សេដ្ឋកិច្ច ប្រទេសជាតិ តាមរយៈ​វិស័យ​ទេសចរណ៍​ថែមទៀត​។​

​លោក នេត្រ ភក្ត្រា រដ្ឋលេខាធិការ និង​ជា​អ្នកនាំពាក្យ ក្រសួងបរិស្ថាន បានបញ្ជាក់​ថាៈ ” ក្នុង​មួយឆ្នាំៗ យ៉ាងហោចណាស់ អន្ទាក់​ចំនួន ៥ ម៉ឺន ត្រូវបាន​ដោះចេញ ពី​តំបន់ការពារធម្មជាតិ​របស់​យើង​។ អន្ទាក់ គឺជា​ឃាតក លាក់​មុខ ដែល​បានសម្លាប់​សត្វព្រៃ ជាច្រើន រាប់មិនអស់ ហើយ​អន្ទាក់​ជាច្រើន ត្រូវបាន​ក្រុម​ជនល្មើស បាន​ប្រើ​ដាក់​បង្កប់​ក្នុងព្រៃ ដែល​អាច​សម្លាប់ សត្វ​គ្រប់ពេលវេលា​។ អន្ទាក់​ប្រភេទ ខ្លះ​មិន​ត្រឹម​គ្រោះថ្នាក់ សត្វព្រៃ​ទេ ប៉ុន្តែ​វា​ក៏​នៅ​បង្ក​គ្រោះ​ថា្នក់ ដល់​ព្រានព្រៃ ខ្លួនឯង​ផង​”​។​

អន្ទាក់​ប្រមាណ ៥ ម៉ឺន ត្រូវបាន​ដោះចេញ ពី​តំបន់ការពារធម្មជាតិ នៅក្នុង​ប្រទេស​កម្ពុជា ក្នុង​ឆ្នាំ​២០២០

​ទាក់ទិន​រឿង​អន្ទាក់​នេះដែរ លោក​រដ្ឋលេខាធិការ បាន​មានប្រសាសន៍ថាៈ អន្ទាក់​មួយចំនួន មិន​ត្រឹមតែ​ជនល្មើស កែច្នៃ​ធ្វើ​ខ្លួនឯង​ទេ ប៉ុន្តែ​មួយចំនួនទៀត ត្រូវបាន​នាំចូល​មក ពី​ប្រទេសជិតខាង​។ ជុំវិញ​បញ្ហា​អន្ទាក់ ដែល​ជនល្មើស តែង​ប្រើ​ដាក់​នៅ ក្នុង​ខេត្ត​មណ្ឌល​គី​រី​វិញ ត្រូវបាន​រដ្ឋលេខាធិកា​រ លើក​មក​បញ្ជាក់ថា គឺមាន​អន្ទាក់ ចំនួន​ជិត ១ ម៉ឺន​អន្ទាក់ ត្រូវបាន​ដោះចេញ ពី​តំបន់ការពារធម្មជាតិ ក្នុង​ខេត្ត​នេះ កាលពី​អំឡុង​ឆ្នាំ ២០២០ កន្លងមក​។​

​លោក នេត្រ ភក្ត្រា បានបញ្ជាក់​បន្ថែមថាៈ ” បច្ចុប្បន្ននេះ តួនាទី​មន្ត្រី​ឧ​ទ្យា​នុ​រក្ស​យើង មិន​ត្រឹមតែ​ចុះ​ល្បាត ដើម្បី​ទប់ស្កាត់​បទល្មើស បំផ្លាញ​ធនធានធម្មជាតិ ការកាប់បំផ្លាញ ព្រៃឈើ​ប៉ុណ្ណោះ​ទេ ប៉ុន្តែ​មន្ត្រី​ឧ​ទ្យា​នុ​រក្ស របស់​យើង គាត់​ក៏បាន​ដើរ​ស្វែង រក​អន្ទាក់ និង​ដោះចេញ និង​បំផ្លាញ​អន្ទាក់​ចោល ដើម្បី​សង្គ្រោះ​ជីវិត សត្វព្រៃ​ទៀតផង​”​។ ព្រម​ជាមួយគ្នានេះ លោក​រដ្ឋលេខាធិការ ក្រសួងបរិស្ថាន បានលើកឡើង​ថាៈ ដើម្បី​បញ្ឈប់​ការ​បរបាញ់​សត្វ បញ្ឈប់​ការដាក់​អន្ទាក់​ចាប់​សត្វ សូម​បងប្អូន​ប្រជាពលរដ្ឋ កុំ​បរិភោគ​សាច់សត្វ កុំ​ជួញដូរ​សត្វ​ព្រែ និង​កុំ​ជឿ​លើ​ជំនឿ​ថា បរិភោគ​សាច់សត្វ ឈាម ឬ​យក ឆ្អឹង​សត្វព្រៃ ទៅធ្វើ​ឱសថ​ប៉ូវ​កម្លាំង ឬ​ជំនួយ​ដល់​សុខភាព តែ​វា​អាច​នឹង​ធ្វើឱ្យ​បងប្អូន ប្រឈមមុខ នឹង​គ្រោះថ្នាក់​ទៅវិញ ដោយសារតែ អាចមាន​មេរោគ​ផ្សេងៗ តាមរយៈ​សត្វ​ទាំងនេះ​វិញ​”​។​

អន្ទាក់​ប្រមាណ ៥ ម៉ឺន ត្រូវបាន​ដោះចេញ ពី​តំបន់ការពារធម្មជាតិ នៅក្នុង​ប្រទេស​កម្ពុជា ក្នុង​ឆ្នាំ​២០២០

​ដោយឡែក លោក កែវ សុភ​គ៌ ប្រធាន​មន្ទីរ​ខេត្តមណ្ឌលគិរី បានឱ្យដឹងថាៈ ក្រុម​ជនល្មើស តែង​រាយ​អន្ទាក់ របស់​ពួកគេ តាម​តាម​តំបន់​មាត់ទឹក និង​កន្លែង​ផ្លូវ របស់​សត្វ​ដើរ ហើយ​ពួកគេ បានសម្លាប់​សត្វព្រៃ​ទាំងនេះ ដើម្បី​ជួញដូរ ក៏ដូចជា ធ្វើ​ម្ហូបអាហារ ប្រចាំ​គ្រួសារ​របស់​ពួកគេ​។​

​ប្រធាន​មន្ទីរ​ខេត្តមណ្ឌលគិរី​រូបនេះ បានបញ្ជាក់​បន្ថែមថាៈ ” មន្ត្រី​ឧ​ទ្យា​នុ​រក្ស​របស់​យើង តែងតែ​ចុះ​ល្បាត​ជាប់​ជាប្រចាំ ក្នុងនេះ យើង​បាន​ចាប់​ជនល្មើស ដើម្បី​អប់រំ​កែប្រែ​ខ្លួន និង​មួយចំនួនទៀត ដែលជា​បទល្មើស​ធ្ងន់ធ្ងរ ត្រូវបាន​បញ្ជូន ទៅ​តុលាការ ដើម្បី​ផ្តន្ទាទោស​តាមច្បាប់ “​។​

​គួរ​បញ្ជាក់ថា បើតាម​របាយការណ៍ របស់​អង្គការ​មូលនិធិ​សាកល សម្រាប់​ធម្មជាតិ (WWF) បានឱ្យដឹងថាៈ នៅក្នុង​ដែនជម្រកសត្វព្រៃ ភ្នំ​ព្រេច និង ដែនជម្រកសត្វព្រៃ ស្រែ​ពក ក្នុង​ខេត្តមណ្ឌលគិរី ដែល​ដែនជម្រកសត្វព្រៃ​ទាំង ពីរ​នេះ ជា​តំបន់ការពារធម្មជាតិ ក្នុងចំណោម​តំបន់ ការពារ​ផ្សេងទៀត នៃ​តំបន់​ព្រៃ​ទេសភាព ខ្ពង់រាប​ភាគ ខាងកើត ដោយ​គ្របដណ្តប់ លើ​ផ្ទៃដី សរុប​ចំនួន ២៧,៤៦០ គ​.​ម ក្នុង​ខេត្តរតនគិរី មណ្ឌលគិរី និង​ក្រចេះ​។ ដែន​ជម្រក សត្វព្រៃ​ទាំងពីរ​នេះ ជាទី​ជម្រក​របស់​សត្វ ដែល​កំពុង​ទទួលរង​ការគំរាមកំហែង ជា​សកល​ជាច្រើន​ប្រភេទ រាប់បញ្ចូល​ទាំង ប្រភេទ​រងគ្រោះថ្នាក់ ជិត​ផុត​ពូជ រួមមាន​ដូចជា សត្វ​ទន្សោង សត្វ​ដំរី​អាស៊ី សត្វ​ក្រពើ​ភ្នំ ដែលមាន​ចំនួន សេសសល់​ចុងក្រោយ នៅក្នុង​ប្រទេស សត្វ​ខ្លារខិន ដែលជា​ចំនួន នៅ​សេសសល់ ចុងក្រោយ សម្រាប់​តំបន់​ឥណ្ឌូចិន និង​ពពួកសត្វ​ស្លាប ដូចជា សត្វ​ត្រ​យ៉ង សត្វ​ត្មាត និង​សត្វ​ក្ងោក​បៃតង ព្រមទាំង​សត្វព្រៃ សំខាន់ៗ​ផ្សេងទៀត រាប់បញ្ចូល ទាំង​សត្វ​រមាំង សត្វ​ខ្ទីង សត្វ​ឈ្លូស សត្វ​ប្រើស និង​ពពួកសត្វ​ស្វា ជាដើម​៕/V

អន្ទាក់​ប្រមាណ ៥ ម៉ឺន ត្រូវបាន​ដោះចេញ ពី​តំបន់ការពារធម្មជាតិ នៅក្នុង​ប្រទេស​កម្ពុជា ក្នុង​ឆ្នាំ​២០២០

អន្ទាក់​ប្រមាណ ៥ ម៉ឺន ត្រូវបាន​ដោះចេញ ពី​តំបន់ការពារធម្មជាតិ នៅក្នុង​ប្រទេស​កម្ពុជា ក្នុង​ឆ្នាំ​២០២០

ទីតាំងផ្សាយពាណិជ្ជកម្ម

- Advertisment -

Most Popular