Home ព័ត៌មានសំខាន់ៗ ថ្មីចែស​! លោក...

ថ្មីចែស​! លោក អ៊ូ ច័ន្ទ​រ័ត្ន និង​មន្ត្រី​នៃ​អតីត​គណបក្ស​សង្គ្រោះ​ជាតិ​នឹងដាក់​ពាក្យស្នើសុំ​បង្កើត​គណបក្ស​ថ្មី​ក្នុងពេល​ឆាប់ៗ​នេះ​

ដោយៈ មុនី​រ័ត្ន​/​ភ្នំពេញៈ លោក អ៊ូ ច័ន្ទ​រ័ត្ន រួមទាំង​អតីតមន្ត្រី​ជាន់ខ្ពស់ នៃ​អតីត​គណបក្ស​សង្គ្រោះ​ជាតិ​បានសម្រេច​ចិត្ត​បង្កើត​គណបក្ស​ថ្មី មួយ ដោយ​នឹង​គ្រោង​ដាក់ពាក្យ​ស្នើសុំ​បង្កើត​ណ​បក្ស​ទៅ​ក្រសួងមហាផ្ទៃ​នាពេល​ឆាប់ៗ​ខាងមុខនេះ​។ ការបង្កើត​គណបក្ស​ថ្មី​នេះ ដោយសារតែ​អស់សង្ឃឹម​លើ​អតីត​មេដឹកនាំ​ដែល​កំពុងតែ​នៅក្រៅ​ប្រទេស​មិនអាច​វិល​ត្រឡប់មក​កម្ពុជា​វិញ​បាន​។​

លោក​អ៊ូ ច័ន្ទ​រ័ត្ន (រូបឯកសារ)

លោក​អ៊ូ ច័ន្ទ​រ័ត្ន បាន​ប្រាប់​រស្មី​កម្ពុជា​នៅ​រសៀល​ថ្ងៃទី​១៩ ខែមករា​នេះ​ថា ក្រុម​អតីតមន្ត្រី​ជាន់ខ្ពស់​នៃ​អតីត​គណបក្ស​សង្គ្រោះ​ជាតិ កំពុងតែ​ជជែក​គ្នា​សម្រេចចិត្ត​ចុងក្រោយ​ថា​តើ​នឹងត្រូវ​ដាក់ពាក្យ​ស្នើសុំ​បង្កើត​គណបក្ស​ទៅ​ក្រសួងមហាផ្ទៃ​នៅ​ថ្ងៃ​ណា​?​និង​ឈ្មោះ​គណបក្ស ពិតប្រាកដ​យកឈ្មោះ​មួយណា ? ហើយ​នៅមាន​ការជជែក​គ្នា​ជាមួយ​អតីតមន្ត្រី​ជាន់ខ្ពស់​នៃ​អតីត​គណបក្ស​សង្គ្រោះ​ជាតិ មួយចំនួន​ដែល​ជាប់​បម្រាម​ហាមឃាត់​ធ្វើ​នយោបាយ ក្នុងការ​សម្រេចចិត្ត​ចូលរួម​បង្កើត​គណបក្ស​ថ្មី ឬក៏​នៅ​បន្ត​ជាប់​បម្រាប​តទៅទៀត ពីព្រោះ​ការដែល​ជាប់​បម្រាប​នេះ​វា​ក៏​ជា​ឧបសគ្គ​ដែរ​។​

លោក​បានបញ្ជាក់​យ៉ាង​ដូច្នេះ​ថា​“​ទោះបីជា​យ៉ាងម៉េច​ក៏ដោយ​ជា​ជំហរ​គឺ​យើង​នឹងដាក់​ចូលទៅ​ក្រសួងមហាផ្ទៃ​នៅក្នុងពេល​ឆាប់ៗ​ខាងមុខនេះ​នេះ​សម្រាប់​ឈ្មោះ​គណបក្ស​គឺមាន​ពីរ​បី​ឈ្មោះ​តែ​មិនទាន់​អាច​ប្រាប់​បាន​ថា​មានឈ្មោះ​អ្វីខ្លះ​ទេ​។​ប៉ុន្តែ​នៅពេលណា​យកឈ្មោះ​ណាមួយ យើង​នឹង​ប្រកាស​ជា​ផ្លូវការ​”​។​

បើ​យោងតាម​ប្រភព​ដែល​អាច​ជឿទុកចិត្ត​បាន​ឲ្យ​ដឹងថា គណបក្ស​ដែល​គ្រោង​នឹង​បង្កើត​ថ្មី​នេះ​មាន​ឈ្មោះថា “​គណបក្ស​កែទម្រង់​ជាតិ​” ដែលមាន​រូប​សញ្ញា​ក្បាលដំរី និង​ប្រមោយ​ត្រកង​ផ្កាឈូក​បី​ទង​។

​សូមជម្រាបថា លោក អ៊ូ ច័ន្ទ​រ័ត្ន អតីត​តំណាងរាស្ត្រ នៃ​អតីត​គណបក្ស​សង្គ្រោះ​ជាតិ ទទួលបាន​នីតិសម្បទា​ឡើងវិញ​កាលពី​ថ្ងៃទី​១៩ ខែមីនា ឆ្នាំ​២០១៩​។ ក្រៅពីនេះ ក៏មាន​អតីតមន្ត្រី​ជាន់ខ្ពស់​ចំនួន ១២​រូប​ផ្សេងទៀត​ក៏​ទទួលបាន​នីតិសម្បទា​ឡើងវិញ​ដែរ​។ ក្នុងចំណោម​អ្នកទទួលបាន​នីតិសម្បទា​ឡើងវិញ​នោះ គឺមាន​លោក​ជីវ កត្តា បាន​បង្កើត​គណបក្ស​ខ្មែរ​ស្រឡាញ់​ជាតិ , លោក​រៀល ខេ​ម​រិ​ន្ទ្រ បង្កើត​គណបក្ស​ខ្មែរ​អភិរក្សនិយម​៕​សរន​

ទីតាំងផ្សាយពាណិជ្ជកម្ម

- Advertisment -

Most Popular