ដោយៈម៉េងឆៃ / ភ្នំពេញៈ ក្រុមម៉ូតូឌុប និងម៉ូតូកង់បី ចំនួន ១៣នាក់ ដែលបានឈប់យាន្តជំនិះ ទៅបន្ទោរបង់ នៅតាមដើមឈើ តាមសួនច្បារ តាមទីសាធារណៈ ត្រូវបានអភិបាលខណ្ឌដូនពេញ ចាត់ឲ្យកម្លាំងប្រជាការពារខណ្ឌដូនពេញ អញ្ជើញពួកគាត់ មកធ្វើការអប់រំណែនាំនៅសាលាខណ្ឌដូនពេនិងឲ្យបាញ់លាងសំអាតកន្លែងដែលពួកគាត់បន្ទោរបង់រួចទើបអនុញ្ញាតឲ្យត្រឡប់ទៅវិញ។
ចំណាត់ការនេះបានធ្វើឡើង កាលពីថ្ងៃទី១៩ ខែមករាម្សិលមិញ។ ការបន្ទោរបង់ ឈរបាញ់នោមដូច្នេះត្រូវបានអាជ្ញាធរ លើកឡើងថា នាំឲ្យបាត់បង់សណ្តាប់ធ្នាប់ របៀបរៀបរយ និង បង្កអោយមានក្លិនឆ្អេះឆ្អាប ដល់អ្នកធ្វើដំណើរទៀតផង។
(រូបថតហ្វេស៊ុក)
អាជ្ញាធរខណ្ឌដូនពេញ ក៏បានលើកជាសំណូមពរដល់បងប្អូនប្រជាពលរដ្ឋទាំងអស់ សូមកុំយកគំរូតាមបុរសៗទាំង ១៣នាក់នេះ និងសូមរកកន្លែងបន្ទោរបង់ ឲ្យបានត្រឹមត្រូវ នៅបន្ទប់ទឹកសាធារណៈ ឬឯកជន ដែលនៅជិតព្រោះទង្វើបែបនេះ បង្កភាពអនាធិបតេយ្យ បាត់សណ្តាប់ធ្នាប់ អនាម័យ និងប៉ះពាល់ដល់សុខភាពសាធារណៈជនយ៉ាងខ្លាំង។
នេះអាចចាត់ទុកថាជាចំណាត់ការជាក់ស្តែងនិងដំបូងមួយ។ជាការពិតហើយ ការបន្ទោរបង់តាមផ្លូវ តាមរបងសាលារៀន របងវត្ត គល់ឈើនិងគុម្ពផ្កាជាដើមគឺពិតជាមិនសមគួរទាល់តែសោះឡើយ។តែបើរាន់ខ្លាំងហើយក៏គេមិនអាចទប់នោមបានដែរ។ប៉ុន្តែអ្នករាន់នោមទាំងនោះ គួរតែរកកន្លែងសមគួតាមបន្ទប់ទឹកសាធារណៈ ពិសេសបន្ទប់ទឹក នៅតាមការ៉ាស់សាំង ហើយបើថា គ្មានបន្ទប់ទឹកទេ ក៏គួរតែរកកន្លែងសមគួរឲ្យឆ្ងាយពីភ្នែកអ្នកដំណើរផង។
ទន្ទឹមនឹងការប្រកាន់ឥរិយាបថឲ្យសមគួររបស់ក្រុមអ្នកនិយមបន្ទោរបង់តាមទីសាធារណៈនេះ អាជ្ញាធរក៏គួរតែរៀបចំបន្ទប់ទឹកសាធារណៈ ឲ្យបានច្រើន ដាក់ពង្រាយតាមទីសាធារណៈ និងនៅតាមផ្លូវ ពិសេសនៅក្នុងខណ្ឌដូនពេញ នៅជួរមាត់ទន្លេ។
(រូបថតហ្វេស៊ុក)
នៅមាត់ទន្លេមុខព្រះបរមរាជវាំង យូរខែឆ្នាំ បន្តដល់ពេលនេះ ក្លិនឆ្អេះទឹកនោម ក្លិនលាមក បក់ភាយៗ បើសិនជាយើងដើរលំហែកាយនៅមាត់ទន្លេ ដើម្បីស្រូបខ្យល់អាកាស។ អាជ្ញាធរសមត្ថកិច្ចយើង ខំប្រឹងហើយ ក្នុងការបាញ់ទឹកលាងសម្អាត តែនៅតែមានកន្លែងខ្លះ ជះក្លិនឆ្អេះទឹកនោម និងលាមក ដោយសារតែការបន្ទោរបង់ពាសវាលពាសកាល។
ករណីបន្ទោរបង់តាមទីសាធារណៈនេះ ក៏មិនខុសពីការបោះចោលសំរាមដែរ។ បើសិនជាតាមផ្លូវ និងតាមសួនច្បារនានា មានធុងសំរាម នោះប្រជាជនខ្មែរយើង ក៏មិនថ្នាក់ដល់ មិនយកសំរាមទៅបោះចោលនៅក្នុងធុងសំរាមនោះទេ។ តែកន្លងមកដោយសារតែមិនមានធុង សំរាម ហើយបើមានធុងសំរាមនៅសួនច្បារមាត់ទន្លេម្តុំមុខវាំងទៀត ក៏ធុងសំរាមទាំងនោះ ពេញដោយសំរាម ហៀរហូរដែរ ទើបមនុស្សមួយចំនួនទទួលទានកន្លែងណា ចោលសំរាមកន្លែងនោះ។
ជាសរុប ក្នុងរឿងបន្ទោរបង់តាមទីសាធារណៈ តាមផ្លូវ បាញ់ដាក់កង់ឡានកង់ម៉ូតូ ជញ្ជាំង គល់ឈើ លើសួនច្បារ ជាដើមនេះ មិនមែនជារឿងថ្មីនៅភ្នំពេញយើងទេ។សព្វថ្ងៃរាជធានីភ្នំពេញ មានបន្ទប់ទឹកសាធារណៈជាច្រើនដូចជា នៅសួនច្បារមុខវត្តបទុមវត្ដី និងនៅសួនច្បារជ្រោយចង្វា ត្រើយម្ខាងជាដើម។ តែបន្ទប់ទឹកចល័តតូចៗ ដែលមានពិធីបុណ្យទាន ទើបបញ្ចេញមកប្រើនោះ គួរតែត្រូវបានដាក់ពង្រាយ តាមផ្លូវ និងតាមសួនច្បារជាច្រើនទៀត រួមទាំងនៅមាត់ទន្លេ។
ជាពលរដ្ឋនៃប្រទេសដែលពោរពេញទៅដោយមោទនភាព មានកិត្តិយស សេចក្តីថ្លៃថ្នូរ យើងគួរតែចាប់ផ្តើមកែប្រែទម្លាប់មិនល្អដែលមិនយកចិត្តទុកដាក់ចំពោះអនាម័យ ចំពោះវិន័យ …មកជាពលរដ្ឋដែលរួមគ្នាលើកតម្កើងមុខមាត់ប្រទេសជាតិតាមរយៈសកម្មភាពចាប់ពីបន្តិចបន្តួចរបស់ខ្លួនម្នាក់ៗឡើងទៅ៕សរន
(រូបថតហ្វេស៊ុក)
(រូបថតហ្វេស៊ុក)