ដោយ:ចាន់តូ/ភ្នំពេញ: បុរសពីរនាក់បានដាច់ជើងស្តាំម្នាក់ម្ខាង និងម្នាក់ទៀតរងរបួសស្រាល បន្ទាប់ពីជិះម៉ូតូឌុបគ្នាតាមផ្លូវសុខៗត្រូវរថយន្តដឹកឥដ្ឋមកពីក្រោយបុកពេញទំហឹងអូសប្រហែល ៣០ម៉ែត្រ កាលពីវេលាម៉ោង ៩និង២០នាទីយប់ថ្ងៃអង្គារ ទី១៩ ខែមករា ឆ្នាំ២០២១ ត្រង់ចំណុចមុខរោងចក្របោះពុម្ព ឈុន ឌីង ព្រីងធីង ខូអិលធីឌី ស្ថិតតាមបណ្ដោយផ្លូវវិមានឈ្នះឈ្នះ ក្នុងភូមិត្រពាំងទា សង្កាត់ត្រពាំងក្រសាំង ខណ្ឌពោធិ៍សែនជ័យ ។
ជនរងគ្រោះទាំង៣នាក់ (ប្រុសទាំងអស់) មាន ទី១ មានឈ្មោះ លុច្យ អាយុជាង៣០ឆ្នាំ , ទី២មានឈ្មោះ ត្រា អាយុ៣០ជាង។ ទាំងពីរនាក់រងរបួសដាច់ជើងស្តាំដូចគ្នា។ ឯជនរងគ្រោះទី៣មានឈ្មោះ បុប្ផា រងរបួសស្រាល។ អ្នកទាំង៣ ប្រកបមុខរបរជាងសំណង់ ស្នាក់នៅភូមិកំរៀង សង្កាត់កំបូល ខណ្ឌកំបូល រាជធានីភ្នំពេញ។
ដោយជិះម៉ូតូម៉ាកឌ្រីមសង់ ពណ៌ខ្មៅ ស៊េរីឆ្នាំ២០១៣ បានដាច់ស្លាកលេខបាត់។ ចំណែក រថយន្តដឹកឥដ្ឋ ម៉ាក ហ៊ីយ៉ាន់ដាយ ពណ៌ស ពាក់ស្លាកលេខ ព្រះសីហនុ 3A.5931 ប្រភេទដឹកទំនិញធុនធំ។
តាមប្រភពពីកន្លែងកើតហេតុបានឲ្យដឹងថាដំបូងបុរស៣នាក់ខាងលើ ជិះម៉ូតូឌុបគ្នាតាមបណ្ដោយផ្លូវវិមានឈ្នះឈ្នះទិសដៅពីជើងមកត្បូងសុខៗ ស្រាប់តែមានរថយន្តម៉ាកហ៊ីយ៉ាន់ដាយ ៧,៦តោនដឹកឥដ្ឋពេញមកពីក្រោយបុកពេញទំហឹងអូស ប្រហែល ៣០ម៉ែត្រ។ ម៉ូតូរបស់ជនរងគ្រោះខ្ទេចស្ទើតែទាំងស្រុង ហើយអ្នកបើក រថយន្តបានបើកទ្វារចុះរត់បាត់ស្រមោល។
ក្រោយពីកើតហេតុសមត្ថកិច្ចជំនាញចរាចរណ៍បានចុះមកវាស់វែង យករថយន្តនិងម៉ូតូទៅរក្សាទុកនៅការិយាល័យចរាចរណ៍ផ្លូវគោកនៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញរង់ចាំដោះស្រាយគ្នានៅពេលក្រោយ៕