ប្រែសម្រួល : កញ្ញាដាលីស ៖ បារាំងបានរាយការណ៍ករណីកូវីដថ្មីៗចំនួន ២៣.៦០៨ កាលពីថ្ងៃអង្គារទី១៩មករា គឺកើនឡើងពីចំនួន ៣.៧៣៦ ករណីកាលពីថ្ងៃចន្ទខណៈការចូលបន្ទប់សង្គ្រោះបន្ទាន់បន្តកើនឡើង។
រដ្ឋមន្ត្រីក្រសួងសុខាភិបាលលោកអូលីវីយ៉េ វ៉េរ៉ង់ និយាយមុននេះថា វីរុសកូរ៉ូណាកំពុងឆ្លងរាលដាលក្នុងកម្រិតគួរឱ្យព្រួយបារម្ភ ប៉ុន្តែមិននិយាយអំពីការបិទប្រទេសជាលើកទី៣នោះទេ។
បម្រាមគោចរនៅទូទាំងប្រទេសត្រូវបានកំណត់នៅម៉ោង៦ ល្ងាចចាប់ពីថ្ងៃសៅរ៍សប្តាហ៍មុន ហើយអាជ្ញាធរនិយាយថា បម្រាមនឹងស្ថិតនៅនឹងកន្លែងយ៉ាងហោចណាស់កន្លះខែ។
ទិន្នន័យរបស់ក្រសួងសុខាភិបាលក៏បានបង្ហាញផងដែរថា មនុស្សចំនួន ៦៥៦ នាក់បានស្លាប់ដោយសារវីរុសកូរ៉ូណានៅក្នុងមន្ទីរពេទ្យកាលពីថ្ងៃអង្គារ គឺកើនឡើងពី៤០៣ នាក់កាលពីថ្ងៃចន្ទដែលធ្វើឱ្យចំនួនអ្នកស្លាប់សរុបកើនដល់ ៧១.៣៤២ នាក់ ជាចំនួនខ្ពស់បំផុតទី ៧ នៅលើពិភពលោក។
ករណីឆ្លងសរុបនៅបារាំងកំពុងកើនជិតដល់ ៣ លាននាក់ ដែលជាចំនួនខ្ពស់បំផុតទី ៦ ក្នុងពិភពលោក។
ក្រសួងសុខាភិបាលក៏និយាយផងដែរថា ចំនួនប្រជាជនដែលទទួលវ៉ាក់សាំងបានកើនឡើងដល់ ៥៨៥.៦៦៤ នាក់ពីចំនួន ៤៧៩.៨៧៣ នាក់ គិតត្រឹមថ្ងៃចន្ទ៕
កាលពីថ្ងៃអង្គារ បារាំងកត់ត្រាករណីកូវីដចំនួន ២៣.៦០៨។ក្នុងរូបបុគ្គលិកពេទ្យព្យាបាលអ្នកជំងឺកូវីដ១៩នៅក្នុងបន្ទប់់សង្រ្គោះបន្ទាន់នៅក្រុង ឡឺ ម៉ង់ស៍កាលពីថ្ងៃ១៨មករា