ដោយៈ បូកគោ / កំ​ពតៈ ប្រជាពលរដ្ឋ ប្រមាណ​ជាង ២០ គ្រួសារ រស់នៅ​ភូមិ​អូរ​តូច សង្កាត់​អណ្តូង​ខ្មែរ ក្រុង​កំពត បាន​សុំ​កិច្ច​អន្តរាគមន៍ ពី​អាជ្ញាធរ នៅពេលដែល​អនុប្រធាន មន្ទីរ​កសិកម្ម ខេត្តកំពត មួយរូប បម្រុង​បិទផ្លូវ ដែល​ពួកគាត់ ធ្លាប់​ធ្វើដំណើរ​ឆ្លងកាត់ ជា​យូរ​មកហើយ​។​

​តំណាងឱ្យ​ប្រជាពលរដ្ឋ រស់នៅ​ភូមិ​អូរ​តូច សង្កាត់​អណ្តូង​ខ្មែរ ក្រុង​កំពត អ្នកស្រី កែម សុគន្ធា បាន​រៀបរាប់ថាៈ ផ្លូវ​ក្បែរ ចំណុច​កុងស៊ី​ចិន មួយ​ខ្សែ​នេះ ពួកគាត់​បាន​ប្រើប្រាស់​តាំងពី ក្រោយ​ឆ្នាំ ១៩៧៩ មក​។ កាលនោះ ផ្លូវ​អាចធ្វើ​ដំណើរ​បាន ប្រភេទ​កង់ និង​រទេះគោ​។ លុះដល់​ចន្លោះ​ឆ្នាំ ១៩៩០ ឆ្នាំ​២០០០ មាន​រថយន្ត​ចេញចូល ដើម្បី​ដឹកជញ្ជូន​អីវ៉ាន់​ផ្សេងៗ​។​

​តំណាង​ពលរដ្ឋ បាន​បន្តថាៈ ក្រោយមក លោក​អនុប្រធាន​មន្ទីរ​កសិកម្ម​ខេត្ត មួយរូប បាន​ទិញ​ដី នៅ​ម្តុំ​នេះ ទុក​សម្រាប់​បញ្ចុះសព សាច់ញាតិ​។ ស្រាប់តែ​នៅ​ចុងឆ្នាំ​២០២០ ក៏​ឃើញ​រថយន្ត​ដឹក​ថ្ម មកចាក់​លើផ្លូវ ហើយ​ពេល​សួរនាំ ទើប​ដឹងថា គេ​ត្រូវការ​បិទផ្លូវ ព្រោះ​ជា​ដី​កម្មសិទ្ធិ មាន​ប័ណ្ណ​ស្របច្បាប់​។​

​អ្នកស្រី កែម សុគន្ធា បានបញ្ជាក់​ថាៈ ព្រោះតែ​រឿងនេះ អ្នកភូមិ បាននាំគ្នា​ទៅ​តវ៉ា នៅ​សាលាសង្កាត់ ទើប​មាន​កិច្ចព្រមព្រៀង​ថា នឹងធ្វើ​ផ្លូវ​ថ្មី ក្បែរ​ដី​នេះ​ជំនួស​វិញ​។ បើតាម ការបង្ហាញ ផ្លូវ​ថ្មី​នេះ ប៉ះ​លើដី​លោក​អនុប្រធាន​មន្ទីរ​រូបនោះ មួយផ្នែក និង​មួយផ្នែក ប៉ះ​ដី​អ្នក​ជាប់​ព្រំប្រទល់​គ្នា​។ ដូច្នេះ​ពួកគាត់ ក៏​តម្រូវឱ្យ​ម្ចាស់​ដី ធ្វើ​ផ្លូវ​ថ្មី រួចរាល់​សិន មុននឹង​បិទផ្លូវ​ចាស់​។​

​តំណាង​ប្រជាពលរដ្ឋ បាន​ប្រាប់​ឱ្យដឹងទៀតថាៈ ក្រោយ​វិលត្រឡប់ មកពី​សាលាសង្កាត់​វិញ លោក​អនុប្រធាន​មន្ទីរ បាន​ចាក់​ថ្ម មួយ​រថយន្ត​បន្ថែម បិទផ្លូវ​ជិត​តែម្តង​។ ដោយសារ​ខាង សង្កាត់ មិន​អើពើ ពួកគាត់ បាននាំគ្នា​កាយ​ថ្ម ចេញពី​ផ្លូវ ដើម្បី​ងាយស្រួល ជិះ​កង់ ម៉ូតូ ចេញចូល ស្រាប់តែ​ភាគី​អ្នក​ចាក់​ថ្ម មក​ថត និង​គំរាម ពី​ការចាប់​ដាក់គុក ច្រវាក់​ទៀតផង​។ ដូច្នេះ ប្រជាពលរដ្ឋ ក្នុងភូមិ សំណូមពរ ចំពោះ​លោក​អភិបាលក្រុង ក៏ដូចជា​លោក​អភិបាល ខេត្ត មេត្តាជួយ​អន្តរាគមន៍ ដើម្បីឱ្យ​រថយន្ត ដឹក​សម្ភារ​ផ្សេងៗ ចូល​ភូមិ​បាន ព្រោះ​ពួកគាត់ ជាច្រើន​គ្រួសារ កំពុង​សាងសង់​ផ្ទះ ហើយ​ត្រូវ​អាក់ខាន​។​

​លោក អេង ផា​ដេ​ត ម្ចាស់​ដី​ជាប់​ព្រំ​គ្នា បាន​រៀបរាប់ថាៈ ក្រុមគ្រួសារ​លោក បាន​ទិញ​ដី នៅក្បែរ​នេះ បញ្ចុះសព​ម្តាយ ក្នុង​ឆ្នាំ​២០០៧​។ ការចេញចូល មក​សែនព្រេន គឺ​លោក​ប្រើ​ផ្លូវ ដែល​គេ​បម្រុង​បិទ​នោះ​។ ក្នុងនាម​ម្ចាស់​ដី​កម្មសិទ្ធិ លោក​មិនបាន​ដឹងថា តើ​មន្ត្រី​ជំនាញ កំណត់​កន្លែង​ធ្វើ​ផ្លូវ​នេះ ផ្អែកលើ​អ្វី​ទេ ព្រោះ​ទាំង​ប្រជាពលរដ្ឋ ក៏​អះអាងថា ទីនេះ ពី​ដើម​មក មិនមាន​ផ្លូវ​ទេ​។ ម្យ៉ាង​ក៏​មិនបាន​ពិភាក្សា ជាមួយ​លោក ក្នុងនាម​កម្មសិទ្ធិករ​ដែរ​។​

​លោក គង់ បូ មេភូមិ​អូរ​តូច បានបញ្ជាក់​ថាៈ ត្រង់​កន្លែង​ដែល​បម្រុង​បិទ​នោះ ជា​ផ្លូវ​ដែល​ប្រជា ពលរដ្ឋ បាន​ប្រើប្រាស់ ជា​យូរ​មកហើយ​។ ដោយសារ​បញ្ហា​នេះ ក៏មាន​ការសម្របសម្រួល នៅ​សាលាសង្កាត់​ថា នឹងធ្វើ​ផ្លូវ​ថ្មី លើដី​របស់​អ្នក​បិទ​នោះ​។ អាច​ម្ចាស់​ដី ជា​អ្នក​ប្រាប់​មន្ត្រី ជំនាញ ក្នុង​ការញែក​ធ្វើ​ផ្លូវ​ថ្មី ក៏​លោក​មិនដឹង​។​

​លោក​មេភូមិ បាន​បន្តថាៈ បើ​បិទផ្លូវ​ចាស់ ត្រូវតែមាន​ផ្លូវ​ថ្មី ហើយ​មិនអាច​បិទ មុន​ផ្លូវ​ថ្មី ធ្វើ​ហើយ​នោះទេ​។ លោក​មេភូមិ បាន​បន្តថាៈ រឿងនេះ មានតែ​រង់ចាំ​ការចុះវាស់វែង តាម​គំនូស ក្នុង​ប័ណ្ណកម្មសិទ្ធិ ដែល​ភាគី​ទាំងពីរ បាន​ព្រមព្រៀង​រួចហើយ​។ ប្រសិនបើ មិនមាន ការយល់ព្រម ជំនាញ ក៏​មិន​ចេញ​ប័ណ្ណកម្មសិទ្ធិ ឱ្យបាន​ដែរ​។​

​លោក ហៀន ង៉ុ​ន ដែល​រង​ការចោទប្រកាន់ ពីបទ​បម្រុង​បិទផ្លូវ បាន​បំភ្លឺថាៈ ករណី​ធ្វើ​ផ្លូវ​ថ្មី មិន​ពាក់ព័ន្ធ​លោក​ទេ គឺ​មន្ទីរ​ដែនដី ជា​អ្នក​ទុក និង​កំណត់​ទីតាំង​។ លោក​បាន​ចាក់​ថ្ម​មួយផ្នែក នៅ​លើដី​កម្មសិទ្ធិ ដោយ​ទុក​មួយផ្នែក ឱ្យ​បងប្អូន​ធ្វើដំណើរ​។ ក្រោយពេល​ជំនាញ​ចុះ​បោះ បង្គោលព្រំ​រួចរាល់ លោក​នឹង​បិទ​ទាំងស្រុង​តែម្តង ព្រោះ​ទីនេះ ពីមុនមក មិនមាន​ផ្លូវ​ទេ​។ និយាយ​រួម ពួកគាត់ មាន​ផ្លូវ​នៅ​ចុង​ភូមិ​ខាងជើង ឯការ​ជិះ​កង់ ម៉ូតូ កាត់​ដី​កម្មសិទ្ធិ​របស់លោក ជាការ​ធ្វើដំណើរ បណ្តោះអាសន្ន​ប៉ុណ្ណោះ​។

​លោក ហៀន ង៉ុ​ន បាន​បន្តថាៈ កាល​សុរិយោដី គូស​គំរូ​ប្លង់ ធ្វើ​ផ្លូវ​នោះ​លោក​មិនបាន ដឹង​ទេ​។ ពេល​បិទ​ផ្សាយ បើ​លោក​បាន មើល ក៏​ទំ​ទាស់​ដែរ ព្រោះ​ចូល​ដី​របស់លោក រហូតដល់​ពីរៗ​ម៉ែត្រ ពីរ​ជ្រុង​ឯណោះ​។​

​ពាក់ព័ន្ធ​ដំណោះស្រាយ នៅ​សាលាសង្កាត់ លោក ហៀន ង៉ុ​ន បានបញ្ជាក់​ថាៈ ដោយ​អនុវត្ត តាម​ប្លង់ គឺ​លោក​ជួយ​ផ្នែក​ផ្លូវច្បាប់ តាមរយៈ​ដាក់សំណើ ទៅ​មន្ទីរជំនាញ ឱ្យមក​វាស់វែង បោះបង្គោល​ព្រំ ហើយ​បងប្អូន នាំគ្នា​ធ្វើ​ផ្លូវ​ថ្មី​ចុះ​។ បើ​ខ្វះខាត​បន្តិចបន្តួច​លោក​ក៏​អាចជួយ តាម​លទ្ធភាព​ដែរ​។ រីឯ​ការចោទប្រកាន់ថា មានការ​គំរាមកំហែង លោក​សូម​បដិសេធ ព្រោះ​ក្រោយ​ទទួល ដំណឹង​ថា ពលរដ្ឋ នាំគ្នា​កាយ​ថ្ម លោក​ប្តឹងទៅ​អាជ្ញាធរ​ឱ្យជួយ​ចុះ ហាមឃាត់​ប៉ុណ្ណោះ​។​

​លោក បេង សំណាង ប្រធានការិយាល័យ​ភូមិបាល ក្រុង​កំពត បានបញ្ជាក់​ថាៈ មកដល់ ពេលនេះ លោក​មិនទាន់​បានទទួល លិខិតស្នើ​សុំ​ចុះ​កំណត់​ព្រំ តាម​ការលើកឡើង ខាងលើ​នោះទេ​។ អាច​ឯកសារ ទើរ​ត្រឹម​អង្គភាព ច្រកចេញចូល តែមួយ​ខេត្ត ឬ​នៅ​មន្ទីរ សុរិយោដី ក៏​មិនដឹង​។ ពេល​មាន​បញ្ជា តាមរយៈ​សំណើ​នោះ បញ្ជូន​ដល់​ការិយាល័យ លោក​នឹង​សហការ ជាមួយ​អាជ្ញាធរ ចុះ​ធ្វើ​កិច្ចការងារ​នេះហើយ​។​

​ទាក់ទិន​នឹង​ការ​រិះគន់ថា ភាគី​ពាក់ព័ន្ធ មិនបាន​ដឹង ចំពោះ​គំនូស​ប្លង់ សម្រាប់ធ្វើ​ផ្លូវ​ថ្មី លោក​ប្រធាន​ភូមិបាល បាន​បំភ្លឺថាៈ រាល់​ការវាស់វែង ឬ​សួរនាំ​លម្អិត ពី​ភាគី​ពាក់ព័ន្ធ រហូត​ឈានដល់ ដំណាក់កាល​បិទ​ផ្សាយ បើ​មិនមាន​ការចូលរួម និង​យល់ព្រម​ទេ ជំនាញ​ក៏​មិនអាច​ចេញ​ប័ណ្ណកម្មសិទ្ធិ ជូន​បានដែរ​៕/V​-PC