ដោយៈ សៅវ៉ាន់ឌី / ព្រះវិហារៈ កម្លាំងអាវុធហត្ថ និងមន្ត្រីរដ្ឋបាលព្រៃឈើ កាលពីរសៀល ថ្ងៃទី១៩ ខែមករា ឆ្នាំ២០២១ បានចុះបង្ក្រាបទីតាំងសិប្បកម្ម កែច្នៃឈើខុសច្បាប់ មួយកន្លែង ស្ថិតនៅកណ្តាល ទីរួមស្រុកឆែប ខេត្តព្រះវិហារនេះ និងបានដកហូតវត្ថុតាង ឈើចំនួន ៦ ម៉ែត្រគូប និងសម្ភារជាច្រើនទៀត។
លោក វុធ សាវី ព្រះរាជអាជ្ញារង អមសាលាដំបូង ខេត្តព្រះវិហារ បានឱ្យដឹងថាៈ លោកបាន ដឹកនាំ កម្លាំងជំនាញ និងកម្លាំងអាវុធហត្ថ ចុះបង្ក្រាបទីតាំង សិប្បកម្មកែច្នៃឈើ មួយកន្លែង ស្ថិតនៅកណ្តាលទីរួមស្រុកឆែប ក្នុងនោះ បានដកហូតវត្ថុតាង ឈើចំនួន ៦ ម៉ែត្រគូប និងសម្ភារជាច្រើនទៀត។ ចំណែកម្ចាស់ ត្រូវបានបញ្ជូនទៅចាត់ការ តាមច្បាប់។
លោកព្រះរាជអាជ្ញារង បានឱ្យដឹងទៀតថាៈ ទីតាំងសិប្បកម្មកែច្នៃឈើ ខុសច្បាប់ដែលលោក ដឹកនាំបង្ក្រាបនេះ គឺអាជ្ញាធរ មានសមត្ថកិច្ច បានអប់រំណែនាំ ជាច្រើនដងមកហើយ តែមិនព្រមស្តាប់ ពួកគាត់នៅតែប្រព្រឹត្តដដែល។ លោក វុធ សាវី បានប្តេជ្ញាចិត្តថា ត្រូវតែបង្ក្រាបរាល់សិប្បកម្ម កែច្នៃឈើ ដែលគ្មានច្បាប់អនុញ្ញាត ដើម្បីរួមចំណែក ការពារព្រៃឈើ ឱ្យនៅគង់វង្ស៕/V-PC