ដោយៈ រ៉ា​ម៉ន / ភ្នំពេញៈ រដ្ឋបាល​រាជធានី​ភ្នំពេញ បាន​ណែនាំ​ឱ្យ​អង្គភាព​ជំនាញ​រដ្ឋបាល រាជធានី​ភ្នំពេញ និង​មន្ទីរ​សាធារណការ និង​ដឹកជញ្ជូន រាជធានី​ភ្នំពេញ ជំរុញ​ការងារ ជួសជុល​ផ្លូវ​ឡើងវិញ ក្រោយ​ទឹកជំនន់ ឆ្នាំ​២០២០ ដោយ​ធ្វើ​គ្រឹះ​ក្រោម​រួចហើយ ដំណើរការ​ចាក់​អ៊ុត​កៅស៊ូ​បេ​ទី​មមី​ណឺ ហៅថា AC ។​

​ជាក់ស្ដែង នៅពេលនេះ ក្នុង​ខណ្ឌដូនពេញ មាន​ផ្លូវ​ដែល​អ៊ុត​កៅស៊ូ ប្រភេទ AC នេះ មាន​ចំនួន ៨ ខ្សែ ក្នុងចំណោម ១៦ ខ្សែ សម្រាប់​ក្នុង​ខណ្ឌដូនពេញ ដែល​ត្រូវបាន​លោក ឃួ​ង ស្រេង អភិបាល រាជធានី​ភ្នំពេញ ដាក់​ផែន​ការឱ្យ​មន្ទីរជំនាញ អនុវត្ត​គម្រោង​ឆ្នាំ ២០២០ របស់​រដ្ឋបាល​រាជធានី​ភ្នំពេញ ដើម្បី​ជួសជុល​ផ្លូវ​ឲ្យ​បានល្អ​ប្រសើរ​។​

​កាលពី​ថ្ងៃទី​១៩ ខែមករា ឆ្នាំ​២០២១​នេះ លោក សុខ ពេញ​វុ​ធ អភិបាលខណ្ឌ​ដូនពេញ និង​មន្ត្រី​ជំនាញ បាន​អញ្ជើញ​ចុះ ត្រួតពិនិត្យ ការដ្ឋាន​ជួសជុល ផ្លូវ​អ៊ុត​កៅស៊ូ ប្រភេទ AC កម្រាស់ ០,៥ សង់​ទី​មែត្រ ចំនួន ៨ ខ្សែ ដែលជា​គម្រោង​របស់ រដ្ឋបាល​រាជធានី​ភ្នំពេញ ក្រោម​គំនិត​ផ្ដួចផ្ដើម របស់លោក ឃួ​ង ស្រេង អភិបាល​រាជធានី​ភ្នំពេញ ។ ក្នុងនោះ លោក សុខ ពេញ​វុ​ធ ក្នុងនាម​ប្រជាពលរដ្ឋ ក៏ដូចជា មន្ត្រីរាជការ​ខណ្ឌ​-​សង្កាត់ នៅ​ខណ្ឌដូនពេញ សូម​ថ្លែងអំណរគុណ​យ៉ាង​ជ្រាលជ្រៅ​បំផុត ជូន​ចំពោះ លោក ឃួ​ង ស្រេង​អភិបាល រាជធានី​ភ្នំពេញ ដែល​តែងតែ​យកចិត្តទុកដាក់ អំពី​ការងារ​អភិវឌ្ឍន៍​មូលដ្ឋាន​ក្នុង​គោល បំណង លើកកម្ពស់​ជីវភាព និង​ការរស់នៅ របស់​ប្រជាពលរដ្ឋ ឲ្យ​កាន់តែ​ល្អប្រសើរ ឡើង​ថែមទៀត ៕/V​-PC