ប្រែសម្រួល : កញ្ញាដាលីស ៖ ក្រុមអ្នកជួយសង្គ្រោះកំពុងពុះពារកាយកម្ទេចកម្ទីបាក់បែកនៅលើកោះមួយរបស់ឥណ្ឌូនេស៊ី កន្លែងដែលរញ្ជួយដីខ្លាំងបានសម្លាប់មនុស្សយ៉ាងតិច ៩០ នាក់និងបណ្តាលឱ្យមនុស្សរាប់សិបពាន់នាក់គ្មានផ្ទះសម្បែង។
គ្រោះរញ្ជួយដីកម្រិត ៦,២ រិច្ឆទ័រកាលពីថ្ងៃសុក្រគឺជាគ្រោះមហន្តរាយមួយក្នុងចំណោមគ្រោះមហន្តរាយជាបន្តបន្ទាប់នាពេលថ្មីៗនេះ ដែលបានវាយប្រហារឥណ្ឌូណេស៊ី។
លោកប្រធានាធិបតី ចូកូ វីដូដូ ដែលបានធ្វើដំណើរទៅកាន់តំបន់រងគ្រោះដោយសារទឹកជំនន់នៅកោះប័រណេអូកាលពីថ្ងៃចន្ទបានបន្តទៅកាន់តំបន់រងគ្រោះដោយរញ្ជួយដីក្នុងខេត្តស៊ូឡាវេស៊ីខាងលិចកាលពីថ្ងៃអង្គារដើម្បីធានាដល់ប្រជាជនថា ការឆ្លើយតបរបស់រដ្ឋាភិបាលនឹងទៅដល់គ្រប់គ្នាដែលត្រូវការជំនួយ។
លោកបានសន្យាថានឹងសាងសង់អគាររដ្ឋាភិបាលដែលបានបាក់រលំនិងជួយប្រជាជនជួសជុលផ្ទះដែលខូចខាតរបស់ពួកគេ ជាមួយប្រាក់ជំនួយ៥០លានរូពី (៣.៥៥០ដុល្លារ)ក្នុងមួយគ្រួសារខណៈដែលលោកបានទៅដល់ទីក្រុងម៉ាមូជូ ដែលរងគ្រោះខ្លាំងជាងគេ។
លោកបាននិយាយនៅក្នុងសុន្ទរកថាបន្ទាប់ពីទៅសួរសុខទុក្ខជនរងគ្រោះដែលកំពុងស្នាក់នៅក្នុងជម្រកបណ្តោះអាសន្ននៅលើទីលានបាល់ទាត់ យ៉ាងដូច្នេះថា”យើងសង្ឃឹមថាជំនួយពីរដ្ឋាភិបាលកណ្តាលអាចពន្លឿនការកសាងផ្ទះដែលរលំនិងស្តារសេដ្ឋកិច្ចមូលដ្ឋានឡើងវិញ”៕
លោកវីដូដូធ្វើទស្សនកិច្ចនៅតំបន់រញ្ជួយដីកាលពីថ្ងៃអង្គារ