Home ព័ត៌មានសំខាន់ៗ ដែន​ជម្រក​ស្រ...

ដែន​ជម្រក​ស្រែ​ពក គឺជា​ព្រៃរបោះ​ដ៏​ធំជាងគេ សម្រាប់​សត្វព្រៃ រស់នៅក្នុងប្រទេស​កម្ពុជា​

ដោយៈ ដេប៉ូ / មណ្ឌលគិរីៈ យើង​ត្រូវ​រួមគ្នា​ការពារ​ទីជម្រក របស់​សត្វព្រៃ ប្រភព​អាហារ និង​ប្រភពទឹក​របស់​សត្វព្រៃ ព្រោះ​កត្តា​ទាំង ៣ នេះ គឺជា​ភាពចាំបាច់ សម្រាប់​ជីវិត​សត្វព្រៃ ហើយ​ដែន​ជម្រក​ស្រែ​ពក គឺជា​ព្រៃរបោះ​ដ៏​ធំជាងគេ​។ នេះ​ជាការ​លើកឡើង របស់លោក នេត្រ ភក្ត្រា មន្ត្រី​នាំពាក្យ និង​ជា​រដ្ឋលេខាធិការ ក្រសួងបរិស្ថាន​។​

​បញ្ជាក់​នៅក្នុង ដំណើរ​ទស្សនកិច្ច​សិក្សា នៅ​ដែនជម្រកសត្វព្រៃ​ស្រែ​ពក និង​ភ្នំ​ព្រេច ខេត្តមណ្ឌលគិរី ដែល​រៀបចំ ដោយ​ក្រសួងបរិស្ថាន និង​អង្គការ WWF កាលពី​ថ្មីៗ​មកនេះ លោក នេត្រ ភក្ត្រា មន្ត្រី​នាំពាក្យ និង​ជា​រដ្ឋលេខាធិការ ក្រសួងបរិស្ថាន បាន​មានប្រសាសន៍ ថាៈ ព្រៃរបោះ គឺ​ព្រៃ​ដែលមាន​ដើមឈើ មិនធំ​ទេ ហើយ​វា​មាន​ស្មៅ​។ ព្រៃរបោះ​គឺមាន​តម្លៃ ខាង​ផ្នែក​អភិរក្ស និង​ការធានា នូវ​ប្រព័ន្ធ​អេកូឡូស៊ី​។​

​លោក​រដ្ឋលេខាធិការ ក្រសួងបរិស្ថាន បាន​ថ្លែងថាៈ ដើម្បី​ជីវិត​សត្វព្រៃ​រស់ គឺ​ត្រូវមាន​កត្តា បី​សំខាន់ ទី​១) ទីជម្រក ទី​២) ចំណីអាហារ និង​ទី​៣) ប្រភពទឹក​។ យើង​ត្រូវ​រួមគ្នា ការពារ ទីជម្រក​របស់​សត្វព្រៃ ប្រភព​អាហារ និង​ប្រភពទឹក របស់​សត្វព្រៃ ព្រោះ​កត្តា​ទាំង ៣ នេះ គឺជា​ភាពចាំបាច់ សម្រាប់​ជីវិត​សត្វព្រៃ​។ រដ្ឋលេខាធិការ ក្រសួងបរិស្ថាន​បាន​មានប្រសាសន៍ ថាៈ ” ទីជម្រក ចំណីអាហារ និង​ប្រភពទឹក ជា​កត្តាចាំបាច់ សម្រាប់​ទ្រទ្រង់​ជីវិត​សត្វព្រៃ​” ។​

​ពាក់ព័ន្ធ​ក្នុង​រឿងនេះ លោក នេត្រ ភក្ត្រា បាន​ពន្យល់ថាៈ ” ព្រៃរបោះ វា​មានតម្លៃ​ខាង​ផ្នែក ខាង​ជីវៈចម្រុះ ដែល​យើង​ចាំបាច់​ត្រូវការពារ ។ កិច្ចការពារ​នេះ គឺ​ដើម្បី​ការពារ​ដល់​ជម្រក របស់​សត្វព្រៃ ហើយ​បើ​ព្រៃ​ទាំងនេះ បាត់បង់​នោះ សត្វ​ទាំងអស់ វា​ក៏​នឹង​បាត់បង់​ផងដែរ ” ។​

​គួរ​បញ្ជាក់ថា ព្រៃរបោះ ឬ​ហៅថា ព្រៃ​ល្បោះ គឺជា​ព្រៃ ដែលមាន​ដើមឈើ​តូចៗ ឬ​ធំ​ល្មម ហើយ​ដុះ​រង្វើល ឃ្លាតៗ​ពីគ្នា​។ តាមពិត ព្រៃ​ប្រភេទ​នេះ ផ្តល់​ផល ប្រយោជន៍​យ៉ាងច្រើន ដល់​ពពួកសត្វ​ក្រចកជើង​ចំ​ពាម ឬ សត្វ​ប្រភេទ​ដទៃទៀត អាស្រ័យ​រស់នៅ​។​

​ដោយឡែក លោក សេង​ទៀក ប្រធាន​អង្គការ WWF បានឱ្យដឹងថាៈ ព្រៃរបោះ​បើទោះបី យើង​មើលឃើញ ដើមឈើ​តូចៗ និង​ធំ​ល្មមៗ ដុះ​ឃ្លាត​ពីគ្នា​នេះ តាមពិត មាន​អាយុកាល រាប់សិប​ឆ្នាំ មកហើយ និង​បើ​គិតពី​អាយុ គឺ​វា​បង្កើត​មនុស្ស​យើង ៣​ទៅ​៤ តំណ​មកហើយ​។ ដើមឈើ​ទាំងនេះ មាន​ប្រព័ន្ធ​អេកូឡូស៊ី ដែល​បង្ក​ឱ្យ​សត្វ​ងាយ​រស់នៅ​។​

​ព្រម​ជាមួយគ្នានេះ លោក​បានធ្វើ​ការពន្យល់​ដែរ​ថាៈ ចំពោះ​ព្រៃ​ពាក់កណ្តាល​ស្រោង​វិញ គឺមាន​សណ្ឋាន​ស្តុក គឺ​ច្រើន​ដុះ​ដើម​ស្រឡៅ គគីរ ដើម​ជ័រទឹក​ជាដើម​។ លក្ខណៈ​នេះហើយ ទើប​គេ​ហៅថា ជា​ប្រភេទ​ព្រៃ​ពាក់កណ្តាល​ស្រោង​។​

​លោក​បាន​និយាយថាៈ ព្រៃរបោះ នៅលើ​ពិភពលោក មាន​ចំនួន​មិន​ច្រើន​ឡើយ​។​សម្រាប់ ព្រៃរបោះ ដែល​នៅ​សេសសល់​ច្រើន គឺ​នៅ​ភាគ​ខាងកើត ប្រទេស​កម្ពុជា ក្រៅពីនេះ គេ​ឃើញ​នៅ​ខេត្តព្រះវិហារ កំពង់ធំ និង​មួយចំនួន ដល់​ប្រទេស​ថៃ​។ ចំណែក​នៅ​ខាង កើត​វិញ មួយចំនួន មាន​ទៅដល់​វៀតណាម​។​

​លោក សេង​ទៀក ប្រធាន​អង្គការ WWF បានបញ្ជាក់​បន្ថែមថាៈ ” ព្រៃរបោះ​នៅ​កម្ពុជា មាន​ច្រើនជាងគេ​។ សត្វ​មួយចំនួន វា​ចូលចិត្ត​រស់នៅក្នុង​ព្រៃរ​បោះ និង​មួយចំនួនទៀត ចូលចិត្ត​រស់នៅ ក្នុងព្រៃ​្រ​ស្រោង និង​មួយចំនួនទៀត រស់នៅ​ពាក់កណ្តាល​ស្រោង ” ។​

​លោក​បាន​ពន្យល់​ជុំវិញ​បញ្ហា​នេះ​ថាៈ សត្វព្រៃ ដែល​អាច​រស់នៅ​ក្នុងព្រៃ​របោះ​បាន ត្រូវមាន​លក្ខខណ្ឌ ៣ យ៉ាងសំខាន់ៗ​គឺៈ ទី​១ ម្ហូប​ដូចជា​ស្មៅ សម្រាប់​សត្វ ជើង​ចំ​ពាម , ទី​២ គឺ​បញ្ហា​ទឹក ក្នុងនេះ​មាន​ទឹកទន្លេ ត្រពាំង អូរ និង​ទី​៣ គឺ​ទីជម្រក ស្ងប់ស្ងៀម ដែលមាន​អន្ទាក់ គ្មាន​កាប់បំផ្លាញ​ព្រៃឈើ​។ បើ​ក្នុងករណី​លក្ខខណ្ឌ ទាំង​៣​យ៉ាងនេះ មិនត្រូវ​បាន​រំខាន ណាមួយ​ទេ គឺ​សត្វ​ពពួក​ក្រចកជើង​ចំ​ពាម នឹងមាន​កំណើន​ឡើង ជា​មធ្យម​ប្រមាណ ៣៥ ភាគរយ​។ ប្រធាន​អង្គការ WWF​បានបញ្ជាក់​បន្ថែមថាៈ ” បើសិន​គ្មាន​លក្ខខណ្ឌ ការ​គំរាម កំហែង​ណាមួយ​ទេ ដូចខាងលើ​នេះ គឺ​សត្វ​មាន​កំណើន​លឿន​ណាស់ “​។​

​ពាក់ព័ន្ធ​ទៅនឹង​ការអភិរក្ស និង ក៏ដូចជា កិច្ចការពារ​សត្វព្រៃ​នេះដែរ លោក​បាន​លើក ឡើង​ថាៈ បើ​យើង​មានលទ្ធភាព អាចធ្វើ​របង​ហ៊ុមព័ទ្ធ ក្នុង​ទំហំ​ណាមួយ​ហើយ​លក្ខខណ្ឌ ទាំងអស់ អាចធ្វើ​បាន ក្នុង​តំបន់​ស្នូល នៃ​ទឹកដី​ព្រៃ​ទេសភាព​ខ្ពង់រាប ខាងកើត​នេះ លោក​ជឿជាក់ថា សត្វព្រៃ នឹង​កើន​ចំនួន​ឡើង​។ ម្យ៉ាង​វា​នឹង​ក្លាយ ទីកន្លែង​ជម្រក​សុវត្ថិភាព របស់​ពពួកសត្វ រស់នៅ​។ បន្ទាប់មក ពេលដែល​យើង បង្កាត់​ពូជ​សត្វ​បាន​ចំនួន​សត្វ​ច្រើន ហើយ យើង​អាច​នឹង​ដកហូត ចំនួន សត្វ​ណាមួយ ទៅ​លែង​នៅ​កន្លែង​ផ្សេង ដែល​វិធី​នេះ នឹង​ជួយ​ឱ្យ​កំណើន​សត្វ ក្នុងប្រទេស​យើង កើនឡើង និង​មិន​ផុត​ពូជ​ផង​។​

​លោក សេង​ទៀក បាន​មានប្រសាសន៍​ដែរ​ថាៈ វិធី​នេះ នឹង​ជួយ​ឱ្យ​សត្វ​កម្រៗ ក្នុង​លោក ដោយ​ក្នុងនេះ ដូចជា​រមាំង​ជាដើម អាច​បង្កើន​កំណើត កាន់តែ​ច្រើនឡើង​។ សត្វ​រមាំង ច្រើន​រស់នៅ​ជា​ក្រុម ចាប់ពី ៤ ទៅ ៧ ក្បាល​ឡើងទៅ​។ ក្រៅពីនេះ ដូចជា​សត្វ​ប្រើស ខ្លា ដែល​នៅសល់​ចំនួន​តិចតួច យើង​យក​វា​មក​បញ្ចូល ក្នុង​តំបន់​ជម្រក​សុវត្ថិភាព​នោះ គឺអាច​បង្កាត់​ពូជ បាន​ច្រើន ដោយ​ក្នុងនោះ យើង​នឹង​ការពារ​វា ឱ្យបាន​មាំទាំ ដែល​វិធី​នេះ អាចជួយ​ឱ្យ​សត្វ កាន់តែ​សំបូរ​ឡើង ។ ព្រៃរបោះ ជាទី​ជម្រក​រស់នៅ របស់​សត្វព្រៃ ដែលមាន​ស្នែង ដូចជា រមាំង ប្រើស ឈ្លូស​។ ក្នុងករណី​មាន​វត្តមាន​សត្វព្រៃ ប្រភេទ​នេះ រស់នៅ ធ្វើឱ្យ​វត្តមាន​ប្រភេទ​សត្វ ស៊ីសាច់ ដូចជា​ខ្លា ខ្លារខិន ក៏​កើតមាន​ដែរ​។ ប្រព័ន្ធ​អេកូ ឡូ​ស៊ី ព្រៃរបោះ​នេះ គឺ​ជួយ​អភិរក្ស ដល់​សត្វព្រៃ​។ ក្រៅពីនេះ ក៏មាន​ទេសភាព​ស្អាត ដែល​ជាទី​ទាក់ទាញ​ភ្ញៀ់​វ​ទេសចរ​។​

​លោក​បាន​បញ្ជាក់ថាៈ សម្រាប់​អ្នក​មិនបាន​ស្គាល់ ពី​តម្លៃ​ព្រៃរបោះ គឺ​តែង​ចាត់ទុកថា អត់​បានការ​អ្វី​ទេ ប៉ុន្តែ​តាមពិត ព្រៃរបោះ មាន​ដើរតួនាទី យ៉ាងសំខាន់​ណាស់​សម្រាប់ សត្វព្រៃ ហើយ​កាលណា មាន​សត្វព្រៃ​យើង ក៏​អាចបង្កើត​វិស័យ​ទេសចរណ៍​ទៀតផង​។​

​ទោះបីយ៉ាងណា លោក​បានលើកឡើង​ដែរ​ថា ចំពោះ​ជម្រក​សុវត្ថិភាព របស់​សត្វព្រៃ ក្នុងការ​ធ្វើ​របង​ហ៊ុមព័ទ្ធ​នេះ គឺ​ពេលបច្ចុប្បន្ន យើង​មិនទាន់​មានលទ្ធភាព​ធ្វើបាន​នៅ ឡើយ​ទេ​។​

​ទាក់ទិន​ក្នុង​រឿង​ព្រៃរបោះ​នេះដែរ លោក នេត្រ​ភក្ត្រា បានរ​បញ្ជាក់​បន្ថែមថាៈ នៅ​តំបន់​ព្រៃ របោះ ក្នុង​ដែនជម្រកសត្វព្រៃ ស្រែ​ពក និង​ក្នុង​ដែនជម្រកសត្វព្រៃ ភ្នំ​ព្រេច​ខេត្តមណ្ឌលគិរី នេះ បើ​យើង​ធ្វើការ​អភិរក្ស សត្វ​បាន​ដូចជា ការធ្វើ​របង​ការពារ ឬ​មិនមាន​ឱ្យ​ការ​បរបាញ់​សត្វ ពី​សំណាក់​ជនខិលខូច បាន​នោះ វា​នឹង​ក្លាយជា​កន្លែង តំបន់​ទេសចរណ៍ យ៉ាង​គួរ​ជាទី ទាក់ទាញ នៅ​ថ្ងៃ​ខាងមុខ​។​

​លោក​រដ្ឋលេខាធិការ បាន​រំលឹកថាៈ ” នៅទីនេះ តើ​មាន​មនុស្ស​ប៉ុន្មាន​នាក់ បាន​ស្គា​ល់វា តាមពិត ទីនេះ ទេសភាព​ស្អាត​ណាស់ និង​បើ​យើង មានការ​បង្កើន ចំនួន​សត្វ​ច្រើន នៅទីនេះ ខ្ញុំ​ជឿជាក់ថា វា​នឹង​ក្លាយជា​តំបន់​ទេសចរណ៍ យ៉ាង​មាន​សក្តានុពល ជាក់​ជាពុំខាន ” ។​

​គួរបញ្ជាក់​ថាៈ នៅក្នុង​ដែនជម្រកសត្វព្រៃ ភ្នំ​ព្រេច និង ដែនជម្រកសត្វព្រៃ ស្រែ​ពក ក្នុង​ខេត្ត មណ្ឌលគិរី ដែល​ដែនជម្រកសត្វព្រៃ​ទាំង ពីរ​នេះ ជា​តំបន់​ការពារ ធម្មជាតិ ក្នុងចំណោម​តំបន់ ការពារ​ផ្សេងទៀត នៃ​តំបន់​ព្រៃ​ទេសភាព ខ្ពង់រាប​ភាគ​ខាងកើត ដោយ​គ្របដណ្តប់​លើ​ផ្ទៃដី សរុប ចំនួន ២៧,៤៦០ គីឡូម៉ែត្រ ។ ដែន​ជម្រក សត្វព្រៃ​ទាំងពីរ​នេះ ជាទី​ជម្រក​របស់​សត្វ ដែល​កំពុង​ទទួលរង ការគំរាមកំហែង ជាស​កល ជាច្រើន​ប្រភេទ រាប់បញ្ចូល​ទាំង ប្រភេទ​រងគ្រោះថ្នាក់ ជិត​ផុត​ពូជ រួមមាន​ដូចជា សត្វ​ទន្សោង សត្វ​ដំរី​អាស៊ី សត្វ​ក្រពើ​ភ្នំ ដែលមាន​ចំនួន សេសសល់ ចុងក្រោយ នៅក្នុង​ប្រទេស សត្វ​ខ្លារខិន ដែលជា​ចំនួន នៅ​សេសសល់ ចុងក្រោយ សម្រាប់​តំបន់​ឥណ្ឌូចិន និង​ពពួកសត្វ​ស្លាប ដូចជា សត្វ​ត្រ​យ៉ង សត្វ​ត្មាត និង​សត្វ​ក្ងោក​បៃតង ព្រមទាំង​សត្វព្រៃ​សំខាន់ៗ ផ្សេងទៀត​រាប់បញ្ចូល​ទាំង សត្វ​រមាំង សត្វ ខ្ទីង សត្វ​ឈ្លូស សត្វ​ប្រើស និង​ពពួកសត្វ​ស្វា ជាដើម​៕/V​-PC

ទីតាំងផ្សាយពាណិជ្ជកម្ម

- Advertisment -

Most Popular