ដោយៈ ជា សីហៈ/ភ្នំពេញៈ កម្ពុជាគួរតែពិចារណា លើការអភិវឌ្ឍ ផែនទីនៃការផ្លាស់ប្តូរ ឧស្សាហកម្ម សម្រាប់វិស័យសំខាន់ៗ ដើម្បីជួយដល់ការផ្លាស់ប្តូរទៅរកបដិវត្តឧស្សាហកម្ម ទី៤ (4IR) ជាមួយនឹងការវិនិយោគគ្រប់គ្រាន់ ក្នុងការពង្រឹងជំនាញសម្រាប់ការងារថ្មី និង ការងារដែលត្រូវផ្លាស់ប្តូរ — នេះបើតាមការសិក្សាថ្មីមួយដោយធនាគារអភិវឌ្ឍន៍អាស៊ី (ADB)។
ការរកឃើញខាងលើជាអនុសាសន៍មួយក្នុងចំណោមអនុសាសន៍ចំនួន៦ដែលបានមកពីការសិក្សា របស់ធនាគារអភិវឌ្ឍន៍អាស៊ី អំពីការទាញអត្ថប្រយោជន៍ពីឧស្សាហកម្ម ៤.០ តាមរយៈការអភិវឌ្ឍជំនាញ នៅកម្ពុជា។ វាជាផ្នែកមួយនៃការសិក្សាដែលផ្តោតលើប្រទេស ចំនួនបួននៃប្រជាជាតិអាស៊ានដែលរួមមាន កម្ពុជា ឥណ្ឌូណេស៊ី ហ្វីលីពីន និងវៀតណាម។
ការសិក្សានេះពិនិត្យទៅលើ ឧស្សាហកម្មកាត់ដេរសម្លៀកបំពាក់ និងទេសចរណ៍នៅកម្ពុជា ព្រោះ វិស័យទាំងពីរមានសារៈសំខាន់សម្រាប់កំណើន ការងារ ភាពប្រកួតប្រជែងអន្តរជាតិ និង 4IR ។ វារកឃើញ ថា បច្ចេកវិទ្យា 4IR នឹងលុបបំបាត់ការងារនៅក្នុងឧស្សាហកម្ម កាត់ដេរនិងទេសចរណ៍ ប៉ុន្តែការបាត់បង់ នេះ នឹងត្រូវជំនួសដោយការកើនឡើងនូវ តម្រូវការដែលនាំមកដោយផលិតភាពខ្ពស់ជាងមុន ដែលវាអាច បង្កើតកំណើនការងារ ៣៩%សម្រាប់ឧស្សាហកម្មកាត់ដេរ និង ២%សម្រាប់វិស័យទេសចរណ៍ ។
ខណៈដែលរដ្ឋាភិបាល និងឧស្សាហកម្មចង់លើកកម្ពស់ជំនាញ 4IR ការស្ទង់មតិលើ និយោជក នៅក្នុងឧស្សាហកម្មទាំងពីរបង្ហាញពីការយល់ដឹងមានកម្រិតលើបច្ចេកវិទ្យា 4IR ។ ឧទាហរណ៍មានតែ ២៨% នៃនិយោជករោងចក្រកាត់ដេរនិង ៣៥%នៃនិយោជកក្នុង ទេសចរណ៍ ដែលត្រូវបានស្ទង់មតិ បាន ឯកភាពឬឯកភាពទាំងស្រុងនៅពេលសួរថាតើ ពួកគេមានការយល់ដឹងល្អអំពីបច្ចេកវិទ្យា 4IR និងអំពីការ ពាក់ព័ន្ធនៃបច្ចេកវិទ្យានេះ ដល់ក្រុមហ៊ុនរបស់ពួកគេដែរឬទេ។ និយោជកនៅក្នុងប្រទេសកម្ពុជាបង្ហាញការយល់ដឹង ទាបជាងអំពី 4IR បើប្រៀបធៀបនឹងនយោជក ដែលបានធ្វើការស្ទង់មតិ នៅក្នុងប្រទេស ឥណ្ឌូនេស៊ី ហ្វីលីពីន និងវៀតណាម។
ទោះបីជាលទ្ធផលនៃការបង្កើតការងារជាទូទៅវិជ្ជមាន ក្នុងវិស័យទាំងពីរក៏ដោយ ការសិក្សា នេះ ព្រមានថាមិនមានការធានាថាកម្មករដែលការងារខ្លួនត្រូវបានផ្លាស់ប្តូរអាចទៅរក ការងារដែលបានបង្កើតថ្មី ដោយងាយនោះទេ បើគ្មានការវិនិយោគគ្រប់គ្រាន់និងទាន់ពេល វេលាក្នុងការអភិវឌ្ឍជំនាញ។ ការផ្លាស់ប្តូរ ការងារក៏ទំនងជាជះឥទ្ធិពលដល់ស្ត្រី ដែលមានប្រហែល ៨១% ក្នុងឧស្សាហកម្មផលិតសម្លៀកបំពាក់នៅ កម្ពុជា។
លោកស្រី ស៊ុនីយ៉ា ដូរ៉ានី ចាម៉ាល់ ( Sunniya Durrani-Jamal) នាយិកាប្រចាំប្រទេស ធនាគារអភិវឌ្ឍន៍អាស៊ី នៅកម្ពុជា បានមានប្រសាសន៍ថា “ខណៈដែល 4IR អាចនាំដល់ បំរែបំរួលការងារ និងជំនាញ នៅប្រទេសកម្ពុជា យើង ត្រូវតែដោះស្រាយផលប៉ះពាល់ ដែលនឹងមានលើស្ត្រី។ យើងត្រូវតែបង្កើនចំណេះដឹងអំពីបច្ចេកវិទ្យា 4IR និងអត្ថប្រយោជន៍ របស់វា ជួយសហគ្រាស រួមទាំងសហគ្រាសធុនតូចនិងមធ្យម ដើម្បីអាចទទួលយក បច្ចេកវិជ្ជាជឿនលឿននេះ និងផ្តល់ការគាំទ្រដល់ការបណ្តុះបណ្តាល ពង្រឹងជំនាញ និងបង្កើតជំនាញ រួមទាំងតាមរយៈការលើកទឹកចិត្ត ដោយការអនុគ្រោះពន្ធ ដើម្បីធានា ថាគ្មាននរណាម្នាក់ មិនត្រូវបាន គិតគូរដល់។”
ការសិក្សាអំពាវនាវឱ្យមានវិធីសាស្ត្រថ្មីៗ ដើម្បីពង្រឹងបរិយាប័ន្ន និងកិច្ចគាំពារសង្គមសម្រាប់ កម្មករទើបចូលបម្រើការងារ កម្មករដែលប្រឈមនឹងហានិភ័យ ដោយមានការផ្លាស់ប្តូរ ក្នុងការងារ និងកម្មករដែលត្រូវការជំនាញបន្ថែម។
ការសិក្សានេះលើកទឹកចិត្តឱ្យប្រទេសកម្ពុជា អភិវឌ្ឍកម្មវិធីអប់រំ និងបណ្តុះបណ្តាល បច្ចេកទេស និងវិជ្ជាជីវៈ (TVET) ដោយផ្តោតលើការទទួលស្គាល់ 4IR ក្នុងវិស័យផលិតកម្ម សម្លៀកបំពាក់ និង ទេសចរណ៍ និងផ្តោតលើកម្មវិធីវិញ្ញាបនប័ត្រជំនាញប្រកបដោយភាព បត់បែន ដែលអាចទទួលស្គាល់ ការបំពេញជំនាញ ក្រៅប្រពន្ធ័អប់រំប្រពៃណី។
ការសិក្សាក៏អំពាវនាវផងដែរ ឱ្យអនុវត្តគម្រោងលើកទឹកចិត្តសម្រាប់ក្រុមហ៊ុន ដើម្បីបណ្តុះ បណ្តាល និយោជិករបស់ពួកគេអំពី 4IR ដែលអាចត្រូវបានជួយដោយមូលនិធិអភិវឌ្ឍន៍ ជំនាញកម្ពុជា។ នៅក្នុង វិស័យទេសចរណ៍ អ្នកបង្កើតគោលនយោបាយត្រូវបានជំរុញឱ្យ លើកទឹកចិត្តការរីកចម្រើន នៃការអភិវឌ្ឍ កម្មវិធីស្មាតហ្វូនដើម្បីកសាងការត្រៀមខ្លួន សម្រាប់ 4IR ធានាការបណ្តុះបណ្តាលជំនាញទំនាក់ទំនង និងសង្គមព្រមទាំងជំរុញឱ្យ មានកិច្ចសហការកាន់តែខ្លាំងរវាងស្ថាប័នបណ្តុះបណ្តាលនិងនិយោជក។
និយោជកដែលបានស្ទង់មតិ នៅក្នុងផលិតកម្មសម្លៀកបំពាក់ (៩០%) និងទេសចរណ៍ (៧៩%) បានរាយការណ៍ថានិស្សិតបញ្ចប់ការសិក្សា ដែលបានជួលមកធ្វើការក្នុងឆ្នាំកន្លងមក មិនបានត្រៀម លក្ខណៈ គ្រប់គ្រាន់សម្រាប់មុខតំណែងការងារដំបូងរបស់ពួកគេទេ។ នេះផ្ទុយពីការយល់ឃើញរបស់ ស្ថាប័នបណ្តុះបណ្តាល ដែលបានបង្ហាញថាស្ទើរតែ ៦០% នៃនិស្សិតបញ្ចប់ការសិក្សាត្រូវបានត្រៀម លក្ខណៈគ្រប់គ្រាន់សម្រាប់ការងារ៕/PC