ដោយ ៖ ប.ជ័យ / បន្ទាយមានជ័យៈ អាវុធហត្ថក្រុងប៉ោយប៉ែត បានបញ្ជូនជនសង្ស័យម្នាក់ ទៅតុលាការ កាលពីថ្ងៃទី១៩ ខែមករា ឆ្នាំ២០២១ ពាក់ព័ន្ធពីបទ លួចម៉ូតូ នៅក្រុងប៉ោយប៉ែត ដើម្បីលក់យកលុយចាយ និងលុយទិញគ្រឿងញៀន សេព។
លោក វរសេនីយ៍ទោ នួន នីណារ៉ូ មេបញ្ជាការមូលដ្ឋាន អាវុធហត្ថក្រុងប៉ោយប៉ែត បានឱ្យដឹងថាៈ ជនរងគ្រោះ ឈ្មោះ ប៉ែន ឆៃណា ភេទប្រុស អាយុ២៥ឆ្នាំ រស់នៅភូមិប្រជា ធម្មកើត សង្កាត់ផ្សារកណ្ដាល ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ។
ជនរងគ្រោះ បានប្ដឹងថា កាលពីថ្ងៃទី១៣ ខែមករា ឆ្នាំ២០២១ វេលាម៉ោងប្រហែល ៨ ព្រឹក ប្អូនប្រុសរបស់ខ្លួន ឈ្មោះ ប៉ែន ឆៃណាម ភេទប្រុស អាយុ២០ឆ្នាំ បានខ្ចីម៉ូតូរបស់ខ្លួន ម៉ាកហុងដា ឌ្រីម ពណ៌ខ្មៅ ផលិតឆ្នាំ២០២០ ពាក់ស្លាកលេខ បន្ទាយមានជ័យ 1U-9785 ទៅដើរលេង ហើយក៏បាត់ដំណឹងរហូត ហៅទូរស័ព្ទ ក៏ស្ថិតនៅក្រៅតំបន់សេវារហូត ។ រហូតដល់ថ្ងៃទី១៨ មករា ទើបប្អូនប្រុសរបស់ខ្លួន ប្រាប់ថា ម៉ូតូត្រូវបានគេលួចបាត់ហើយ។
បន្ទាប់ពីបានទទួលដំណឹង ឈ្មោះ ប៉ែន ឆៃណា ក៏បានមកដាក់ពាក្យបណ្ដឹងនៅមូលដ្ឋាន អាវុធហត្ថ ក្រុងប៉ោយប៉ែត ក៏បានស្នើសុំដីកាតុលាការ និងចាត់តាំងកម្លាំង ចុះស្រាវជ្រាវ រហូតឈានដល់ការឃាត់ខ្លួន ជនសង្ស័យខាងលើ នៅវេលាម៉ោង ១១ និង៣០នាទី ថ្ងៃទី១៨ មករា នៅចំណុចម្ដុំសាលាពីរជាន់ (វិទ្យាល័យ ប៉ោយប៉ែត) ស្ថិតក្នុងក្រុងប៉ោយប៉ែត ព្រមទាំងដកហូតម៉ូតូ ១គ្រឿង ដូចមានភិនភាគ ក្នុងពាក្យបណ្ដឹងរួចបញ្ជូនមកមូលដ្ឋាន អាវុធហត្ថក្រុង ដើម្បីសាកសួរ។
ជនសង្ស័យ ឈ្មោះ កែវ គា ហៅ ជ្រូក អាយុ ១៧ឆ្នាំ បានឆ្លើយសារភាពថាៈ ខ្លួនពិតជាបាន លួចម៉ូតូ ខាងលើ ហើយចង់បានលុយ យកទៅចាយវាយសប្បាយ និងក៏ទិញគ្រឿងញៀន ដើម្បីសេពផងដែរ។
ដោយផ្អែកលើចម្លើយសារភាព និងមានវត្ថុតាង និងតាមរយៈធ្វើតេស្តទឹកនោមរកសារធាតុ ញៀន ដោយវិជ្ជមាន ទើបកម្លាំងជំនាញព្រហ្មទណ្ឌ អាវុធហត្ថក្រុង បានកសាងសំណុំរឿង និងបញ្ជូនជនសង្ស័យ ទៅសាលាដំបូងខេត្ត ចាត់ការតាមនីតិវិធី៕/V-PC