ដោយៈ មុនីរ័ត្ន/ភ្នំពេញៈ លោកឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន រដ្ឋមន្ត្រីក្រសួងការបរទេស និងសហប្រតិបត្តិការ អន្តរជាតិ នៃព្រះរាជាណាចក្រកម្ពុជា នឹងអញ្ជើញចូលរួមកិច្ចប្រជុំចង្អៀតរដ្ឋមន្ត្រីការបរទេសអាស៊ាន ដែលនឹងរៀបចំឡើងនៅព្រឹកថ្ងៃទី២១ ខែមករា ឆ្នាំ២០២១ តាមប្រព័ន្ធវីដេអូ ។ ការអញ្ជើញចូលរួមនេះ គឺតបតាមការអញ្ជើញលោក ដាតូ អ៊ីរីវ៉ាន់ ពើហ៊ីន យូស៊ូហ៍ រដ្ឋមន្ត្រីការបរទេសប្រ៊ុយណេដារ៉ូសាឡឹម។ នេះបើយោងតាមសេចក្តីប្រកាសព័ត៌មានរបស់ក្រសួងការបរទេស និងសហប្រតិបត្តិការ អន្តរជាតិ នៅថ្ងៃទី២០ ខែមករានេះ។
លោកឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន រដ្ឋមន្ត្រីក្រសួងការបរទេស និងសហប្រតិបត្តិការ អន្តរជាតិ នៃព្រះរាជាណាចក្រកម្ពុជា(រូបថតឯកសារ)
ក្រសួងការបរទេសបានបន្តថាកិច្ចប្រជុំចង្អៀតរដ្ឋមន្ត្រីការបរទេសអាស៊ាននឹងពិនិត្យមើលការអនុវត្តផែនការការងារនានាដែលសម្រេចដោយថ្នាក់ដឹកនាំនៅក្នុងកិច្ចប្រជុំកំពូលអាស៊ានលើទី៣៧ ស្ដីពីការពិនិត្យមើលឡើងវិញនូវផែនការលំអិតរបស់អាស៊ានវិធីនិងមធ្យោបាយ នានាដើម្បីសម្រេចបាននូវការកសាងសហគមន៍អាស៊ានដោយផ្អែកលើបរិបទសកលលោកនាពេលបច្ចុប្បន្ននិងជំងឺរាតត្បាតជាសកលកូវីដ-១៩ និងកំណត់ទិសដៅចក្ខុវិស័យសហគមន៍អាស៊ានក្រោយឆ្នាំ២០២៥។
រដ្ឋមន្ត្រីការបរទេសអាស៊ាន ក៏នឹងពិភាក្សាផងដែរ អំពីផែនការស្តារសេដ្ឋកិច្ចអាស៊ាន ក្រោយពីជំងឺកូវីដ-១៩ ព្រមទាំងការប្រាស្រ័យទាក់ទងជាមួយនឹងសហគមន៍ពិភពលោក។
ប្រទេសប្រ៊ុយណេដារ៉ូសាឡឹម នឹងដឹកនាំដំណើរការអាស៊ាននាឆ្នាំនេះ ក្រោមមូលបទ«យើងយកចិត្តទុកដាក់, យើងត្រៀមលក្ខណៈ, យើងរីកចំរើន» ជាមួយនឹងចំណុចអាទិភាពគន្លឹះចំនួនបី ដែលផ្តោតជាសំខាន់ទៅលើ ១) ប្រកាន់ខ្ជាប់នូវវប្បធម៌យកចិត្តទុកដាក់របស់អាស៊ាន ២) ត្រៀមលក្ខណៈ និងសម្របខ្លួនសម្រាប់ពេលអនាគត និង ៣) បង្កើតឱកាសសម្រាប់កាលានុវត្តភាពរបស់ប្រជាជនអាស៊ាន៕សរន