Home ព័ត៌មានសំខាន់ៗ ​សម្តេច​តេ​ជោ...

​សម្តេច​តេ​ជោ ហ៊ុន សែន ឯកភាព​ឲ្យ​មានការ​​សើរើ​និង​ដកហូត​ដីចម្ការស្រល់​របស់​រដ្ឋ​នៅ​ខេត្តមណ្ឌលគិរី​ត្រឡប់មកវិញ​

ដោយៈ​តារា​រិ​ទ្ធ​/​ភ្នំពេញ​៖ សម្តេច​អគ្គមហាសេនាបតី​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា​បាន​ឯកភាព​ឱ្យមាន​ការសើរើ​និង​ដកហូត​មកវិញ​នូវ​ការទន្ទ្រាន យកទៅ​កាន់ កាប់​ជា​កម្មសិទ្ធិ​ផ្ទាល់ខ្លួន​លើដី​មួយចំនួន​ដែលជា​ដី​ត្រូវបានធ្វើ​សម្បទាន​សេដ្ឋកិច្ច​សម្រាប់​ដាំ​ដើម​ស្រល់​នៅក្នុង​ស្រុក​អូររាំង និង ក្រុង​សែន​មនោ​រម្យ​ខេត្ត​មណ្ឌល គិរី ។ ការឯកភាព​នេះ​ធ្វើឡើង​នៅលើ​នៅលើ​លិខិត​ស្នើសុំ​របស់លោក វេ​ង សាខុន រដ្ឋមន្ត្រី​ក្រសួងកសិកម្ម រុក្ខាប្រមាញ់​និង​នេសាទកាលពី​ថ្ងៃទី​១៣ ខែមករា ឆ្នាំ​២០២១​។​

​នៅក្នុង​លិខិត​សំណើ​ដាក់ជូន​សម្តេច​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​នៅ​ថ្ងៃទី​២០​ខែមករា​ឆ្នាំ​២០២១ លោក វេ​ង សាខុន បាន​រៀបរាប់ថា​៖ផ្ទៃដី​ដែល​រាជរដ្ឋាភិបាល​អនុញ្ញាត ឱ្យ​ក្រុមហ៊ុន វូ​ជី​សាន និង ក្រុមហ៊ុន ហួរ លីង វិនិយោគ​ ដាំ​ដើម​ស្រល់​ស្ថិតនៅ​ក្នុងស្រុក​អូររាំង​និង​ក្រុង​សែន​មនោ​រម្យ​ខេត្តមណ្ឌលគិរី​នោះ​ត្រូវបាន​រំលោភ​កាន់កាប់​ខុសច្បាប់​ជា ហូរហែ​យ៉ាង​អនាធិបតេយ្យ​អស់​ជាច្រើន​ពាន់​ហិកតា​តាមរយៈ​ការរំលោភ​ទន្ទ្រាន​យក​កាន់កាប់​ពី​ជន​មួយក្រុម​តូច​បំពាន​សិទ្ធិ​ស្របច្បាប់​ដោយ​គ្មាន​ខ្លាចរអែង​ច្បាប់​និង​ក្រុមហ៊ុន វិនិយោគ​។​

​លិខិត​លោក វេ​ង សាខុន បាន​បន្ថែមថា​ដី​ដែល​គេ​រំលោភ​កាន់កាប់​នេះ​ទីតាំង​ខ្លះ​មានការ​បញ្ជាក់​ទិញ​-​លក់​ដី​ពី​បុគ្គល​ម្នាក់​ទៅ​បុគ្គល​ម្នាក់​របស់​អាជ្ញាធរ​មូល​ដ្ឋា​ន​កន្លែង​ខ្លះទៀត មាន​ទាំង​បណ្ណ​សម្គាល់​សិទ្ធិ​កាន់កាប់​អចលនវត្ថុ​ទៀតផង​។ ជាមួយគ្នានេះ​ផ្ទៃដី​ព្រៃ​ធម្មជាតិ​ដែល​បាន​រក្សាទុក​ការពារ​តាម​ជ្រលង​ដងអូរ​ក្នុង​តំបន់​សម្បទាន​ដី​សេដ្ឋ កិច្ច​របស់​ក្រុម ហ៊ុន​ទាំងពីរ​នេះ​ក៏ត្រូវ​ទទួលរង​ការកាប់​រានទន្ទ្រាន​យក​ធ្វើជា​កម្មសិទ្ធិ​ខុសច្បាប់​ផងដែរ​។ ក្រៅពី​ព្រៃ​ស្រល់​និង​ព្រៃ​ធម្មជាតិ​នៅក្នុង​ក្រុមហ៊ុន​ដី​សម្បទាន​សេដ្ឋកិច្ច​ទាំងពីរ​ខាងលើក៏មាន​ការកាប់​រាន ដុត ឈូសឆាយ ​និង​ហ៊ុមព័ទ្ធ​វាត​យក​ធ្វើជា​កម្មសិទ្ធិ​ខុសច្បាប់​នូវ​ដីចម្ការ​ឈើ​ស្រល់​របស់​រដ្ឋ​និង​ដីចម្ការ​ឈើ​ស្រល់​ដែល ព្រះករុណា ព្រះបាទ​សម្ដេចព្រះ បរម នាថ នរោត្តម សីហមុនី ព្រះមហាក្សត្រ​នៃ​ព្រះរាជាណាចក្រ​កម្ពុជា​បាន​យាង​ដាំ​ក្នុង​ពិធី​រុក្ខទិវា​ជាតិ​ឆ្នាំ​២០០៥​ផងដែរ​។​

​ជាមួយ​ការរៀបរាប់​ពី​សកម្មភាព​ទន្ទ្រាន​យក​ដី​របស់​រដ្ឋ​ធ្វើជា​កម្មសិទ្ធិឯកជន​នេះ​លោក វេ​ង សាខុន បានស្នើ​ទៅកាន់​សម្តេច​តេ​ជោ ហ៊ុន សែន ចំនួន​៤​ចំណុច​ដើម្បី​បង្ការ​និង​ទប់ ស្កាត់​ការរីក​រាលដាល​នៃ​ការរំលោភ​កាន់កាប់​ដី​រដ្ឋ​ដែល​កើតឡើង​ដដែលៗ​ទៀត ។ ក៏ដូចជា​ការពារ​ផលប្រយោជន៍​ស្របច្បាប់​របស់​អ្នកវិនិយោគ រួមមាន​៖

១៖ រដ្ឋបាលខេត្ត​ត្រូវ​ចេញ​លិខិតនិរាករណ៍​លិខិត​ទាំងឡាយណា​ដែល​ចេញ​ដោយ​អាជ្ញាធរ​ភូមិ ឃុំ ស្រុក ខេត្ត​មាន​ភាពមិន​ស្របតាម​នីតិវិធី​ពេញលេញ​កន្លងមក​និង​ត្រូវ​ចេញ ដីកា​ដកហូត​ដី​ទាំងនេះ​មកជា​សម្បត្តិ​រដ្ឋ​វិញ​។​

២៖ រដ្ឋបាលខេត្ត​ត្រូវ​សហការ​ជាមួយ​ក្រសួងកសិកម្ម រុក្ខាប្រមាញ់​និង​នេសាទ ពិនិត្យ​លើ​៖​ចំណាត់ការ​ផ្លូវច្បាប់​ចំពោះ​បុគ្គល​ដែល​ពាក់ព័ន្ធ​នឹង​ការរៀបចំ​ឯកសារ​ក្លែងក្លាយ​,​ចំណាត់​ការ​ផ្លូវច្បាប់​ចំពោះ​បុគ្គល​ដែល​រឹងទទឹង​ឬ​ពុំ​ព្រម​អនុ វត្ត​ស្រប​គា​ម​វិធាន​នានា​ដែល​អាជ្ញាធរ​ដាក់ចេញ​កន្លង​មក​និង​នៅ​ជា​ធរមាន​,​ ចំណាត់ការ​ផ្លូវច្បាប់​លើ​អ្នកចេញ    ​វិ​ញ្ញាប​នប​ត្រ​សម្គាល់​ម្ចាស់​អចលនវត្ថុ​មិន​ប្រក្រតី​លើដី​ស្ថិតក្នុង​ដែន​សមត្ថកិច្ច​ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និង​នេ សាទ​,ចំណាត់ការ​ផ្លូវច្បាប់​លើ​រាល់​ការ​បំប្លែង​ដី​រដ្ឋ​នៅក្នុង​ដែន​សមត្ថកិច្ច​ក្រសួងកសិកម្ម រុក្ខាប្រមាញ់​និង​នេសាទ​មកជា​ដី​កម្មសិទ្ធិឯកជន​មិនមាន​ប្រក្រតីភាព​ដោយ​មិនបាន​សុំ​ការសម្រេច​ពី​ប្រមុខ​រាជរដ្ឋាភិបាល​តាមរ​យៈ​ក្រសួ ងកសិកម្ម ។​

៣៖រដ្ឋបាលខេត្ត​ត្រូវ​រៀបចំ​ផែនការ​សកម្មភាព​ដើម្បី​បើក​យុទ្ធនាការ​បោសសំអាត​ទ្រង់ទ្រាយ​ធំ​លើ​ការរំលោភ​ទន្ទ្រា នហ៊ុមព័ទ្ធ​យក​ដី​រដ្ឋ​ខុសច្បាប់​តាម​គ្រប់​រូបភាព​ដោយមាន​កិច្ចសហការ​គាំទ្រ​ចូលរួម​ពី​កម្លាំងចម្រុះ​ថ្នាក់ជាតិ​។​

៤៖ ក្រសួងកសិកម្មរុក្ខាប្រមាញ់​និង​នេសាទ​ត្រូវ​ពិនិត្យ​លទ្ធភាព​អាច​ស្នើ​ធ្វើ​និយ័តកម្ម​ឬ​ប្តឹងទៅ​តុលាការ​មោឃភាព​ចំពោះ​វិញ្ញាបនបត្រ​សម្គាល់​អចលនវត្ថុ​ដែល​មិនបាន​បំពេញនីតិវិធី​ពេញលេញ​នៅ​ជា​ធរមាន ​។

សម្តេច​តេ​ជោ ហ៊ុន សែន បាន​ចារ​ឯកភាព​លើសំណើ​ទាំង​៤​ របស់លោក វ៉េង សាខុន រដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខា ប្រម៉ាញ់ និង នេសាទ  ។​

​ក្នុង​របាយការណ៍​រប​ស់លោក​រដ្ឋមន្ត្រីក្រសួង​កសិកម្ម រុក្ខា​ប្រ​ម៉ាញ់​និង​នេសាទមិនបាន​បញ្ជាក់​ពី​ផ្ទៃដី​ចំការ​ស្រល់​ដែល ​ត្រូវបាន​រំលោភបំពាន​នោះ​មាន​ចំនួន​ប៉ុន្មាន​ហិច​តា​នោះទេ ។ ប៉ុន្តែសូមរំលឹក​ជូន​ផងដែរ​ថា​រាជរដ្ឋាភិបាល​កម្ពុ​ជា កា​លពី​ថ្ងៃទី​៥ ខែឧសភាឆ្នាំ​២០១០បានអនុញ្ញាត​ឲ្យ​ក្រុមហ៊ុន ហួរ លីង នូវ​ដី​សម្បទាន​សេដ្ឋកិច្ច​លើ​ផ្ទៃ​ចំនួន​៧.៧៧៣​ហិកតា​នៅ​ស្រុក​អូររាំង ស្រុក​សែន​មនោ​រម្យ ខេត្ត​មណ្ឌល​គី​រី សម្រាប់​ដាំ​ដើម​ស្រល់ ។​ចំណែក​ក្រុមហ៊ុន វូ​ជីន​សាន ក្រ សួងកសិកម្ម រុក្ខាប្រមាញ់និងនេសាទ​យល់ព្រម​ផ្តល់​ដី​សម្បទានដែលមាន​ផ្ទៃក្រឡា​សរុប​ចំនួន​មួយ​ម៉ឺន (១០,០០០) ហិកតា​ដែលមាន​ទីតាំង​ស្ថិតនៅ​ក្នុងស្រុក​អូររាំងនិង​ក្រុង​សែន​មនោរម្យ ខេត្ត​មណ្ឌល​គី​រី ជូនទៅក្រុមហ៊ុន WuZhiShan L.S Group Co., Ltd កាន់កាប់​ប្រើប្រាស់​សម្រាប់ធ្វើ​វិនិ យោគ​ដាំ​ដើម​ស្រល់​និង​បង្កើត​រោង​ក្រ​កែច្នៃ​ក្នុង​វេលា ៧០ ឆ្នាំ ។​

​គួររំលឹកថា សម្តេច​ក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រី​ក្រសួងមហាផ្ទៃ​កាលពី​ថ្ងៃទី ២២ កក្កដា ឆ្នាំ ២០២០​បានចេញ​សេចក្តីសម្រេច​ស្តីពី​«​ការបង្កើត​ក្រុមការងារ​អន្តរក្រសួង​ដើម្បី​ចុះ​សិក្សា​ស្រាវជ្រាវ​លើ​ករណី​ការកាប់​រានទន្ទ្រាន​កាន់កាប់​ដីព្រៃ​ខុសច្បាប់​ក្នុង​តំបន់ការពារធម្មជាតិ​ក្នុង​ខេត្តមណ្ឌលគិរី​» ។ សេចក្ដីសម្រេច​បង្កើត​ក្រុមការងារ​អន្តរក្រសួង​នេះ​សម្តេច​ក្រឡាហោម ស ខេង បាន​យោងតាម​ចំណារ​របស់​សម្តេច​អគ្គមហាសេនាបតី​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា​ចុះ​ថ្ងៃទី​ថ្ងៃទី ៨ កក្កដា ២០២០​។​

​តាម​សេចក្ដីសម្រេច​នេះ​សម្តេច​ក្រឡាហោម ស ខេង បាន​ចាត់តាំង​ឲ្យ​លោក អង មង្គល រដ្ឋលេខាធិការ​ក្រសួងមហាផ្ទៃ​ធ្វើជា​ប្រធាន​ក្រុមការងារ​អន្តរក្រសួង​ដើម្បី​ចុះ​សិក្សា​ស្រាវជ្រាវ​លើ​ករណី​ការកាប់​រានទន្ទ្រាន​កាន់កាប់​ដីព្រៃ​ខុសច្បាប់​ក្នុង​ខេត្តមណ្ឌលគិរី​។​

​បន្ទាប់មក​ថ្ងៃទី ៣០ ខែសីហា ២០២០​សម្តេច ស ខេង បានដាក់​លិខិត​ទៅ​សម្តេច​តេ​ជោ ហ៊ុន សែន ដើម្បី​ពិនិត្យ​និង​សម្រេច​លើ​លទ្ធផល​របស់​ក្រុមការងារ​អន្តរក្រសួង​ចំពោះ ការចុះ​សិក្សា​ស្រាវជ្រាវ​ករណី​កាប់​រានទន្ទ្រាន​កាន់កាប់​ដីព្រៃ​ខុសច្បាប់​ក្នុង​តំបន់ការពារធម្មជាតិ​ក្នុង​ខេត្តមណ្ឌលគិរី​ដោយបាន​ស្នើសុំ​សម្រួល​ភារកិច្ច​អភិបាលខេត្ដ​មណ្ឌលគិរី និង​បញ្ចប់​មុខតំណែង​មន្ដ្រី​ចំនួន​៩​រូប​ទៀត​។​

​លិខិត​នោះ​បញ្ជាក់ថា​៖ «​បន្ទាប់ពី​បាន​ស្ដាប់​របាយការណ៍​ក្រុមការងារ​ស្រាវជ្រាវ​អង្គប្រជុំ​យល់ឃើញថា​ឯកឧត្ដម ស្វាយ សំ​អ៊ាង ពុំមាន​កំហុស​ធ្ងន់ធ្ងរ​ដូច​ការចោទប្រកាន់​នោះទេ ហើយ​សូម​គោរព​ស្នើសុំ​សម្ដេច​[​ហ៊ុន សែន​] រក្សាទុក​ឯកឧត្ដម ស្វាយ សំ​អ៊ាង ជា​អភិបាលខេត្ដ​ដដែល​ហើយ​ធ្វើការ​អប់រំ​ណែនាំ​ឲ្យ​ខិតខំ​បំពេញ​តួនាទី​ភារកិច្ច​តាម​សិទ្ធិអំណាច​ដែល​បានប្រគល់​ឲ្យ​បាន​ត្រឹមត្រូវ​» ។ ចំពោះ​ករណី​សំណើសុំ​បញ្ចប់​តំណែង​លោក ណ​យ ស្រូ​ន សមាជិក​ព្រឹទ្ធសភា​ភូមិភាគ​៨ អង្គប្រជុំ​យល់ឃើញថា​លោក ណ​យ ស្រូ​ន​បាន ប្រើប្រាស់​តួនាទី​អំណាច​និង​ឥទ្ធិពល​របស់ខ្លួន​ជា​សមាជិក​ព្រឹទ្ធសភា​ធ្វើការ​ណែនាំ​ដល់​មន្ដ្រី​មូលដ្ឋាន​ឲ្យ​ចុះហត្ថលេខា​លើ​ឯកសារ​ដីធ្លី​ដែល​ពុំ​ស្របច្បាប់​។​ផ្អែកលើ​មូលដ្ឋាន​នេះ អង្គប្រជុំ​គោរព​ស្នើសុំ​សម្ដេច​វិបុល​សេនា​ភក្ដី សាយ ឈុំ [​ប្រធានព្រឹទ្ធសភា​] ដើម្បី​ធ្វើការ​អប់រំ​ណែនាំ​ឯកឧត្ដម ណ​យ ស្រូ​ន ។​

​នៅក្នុង​លិខិត​របស់​សម្តេច ស ខេង បង្ហាញ​ទៀតថា​លោក ស៊ិន វណ្ណ​វុ​ឌ្ឍ អភិបាលស្រុក​កោះ​ញែក​,​លោក សុក សេ​រ៉ា នាយករង​រដ្ឋបាល​ខេត្ដ​មណ្ឌលគិរី​ត្រូវបាន​ក្រសួង​មហាផ្ទៃ​ស្នើសុំ​សម្រួល​ភារកិច្ច​ដោយ​ឲ្យ​មក​បម្រើ​ការងារ​នៅ​ក្រសួងមហាផ្ទៃ​វិញ​។​ឯ លោក សៀក មុន្នី អភិបាលស្រុក​អូររាំង​ត្រូវបាន​ស្នើសុំ​ឲ្យ​ធ្វើការ​អប់រំ​ណែនាំ​ឲ្យ​បំពេញ​តួនាទី​ភារ កិច្ច​ត្រឹមត្រូវ​តាមច្បាប់ ។ ក្រៅពីនេះ​លោក ពឿ​ប ពេ មេឃុំ​ស្រែ​ព្រះ​នៃ​ស្រុក​កែវ​សីមា​,​លោកស្រី ថ្វា​ន់ ត្រែ​ល មេឃុំ​សែន​មនោ​រម្យ​នៃ​ស្រុក​អូររាំង​និង​លោក ប៊ុត សំ​អ៊ែ​ល មេឃុំ​ស្រែ​ខ្ទុ​ម​នៃ​ស្រុក​កែវ​សីមា​ត្រូវបាន​ក្រសួងមហាផ្ទៃ​ស្នើសុំ​ដាក់ទណ្ឌកម្ម​វិន័យ​តាមច្បាប់​ស្ដីពី​ការគ្រប់គ្រង​រដ្ឋបាល​ឃុំ សង្កាត់​។​

​ក្រុម​អ្ន​វិភាគ​បាន​លើកឡើងថា​ការកាប់បំផ្លាញ​ព្រៃឈើ​និង​ការទន្ទ្រាន​យក​ដី​រដ្ឋ​ក្នុង​ខេត្ដ​មណ្ឌលគិរី​នេះ​មិនអាច​កើតឡើង​ដោយ​គ្មាន​ការចូលរួម​ពី​ថ្នាក់ដឹកនាំ​ខេត្ដ​នោះទេ​។​ហើយ ដីចំការ​ស្រល់​របស់​រដ្ឋ​នៅក្នុង​ខេត្តមណ្ឌលគិរី មិនមែន​មនុស្ស​ធម្មតា​នោះទេ​។ ប្រជាជន​សាមញ្ញ​បាន​ត្រឹម​ស៊ីឈ្នួល​កាប់​រាន​ឲ្យ​គេ​តែប៉ុណ្ណោះ អ្នក​ដែលជា​ម្ចាស់​កម្មសិទ្ធិ​ដិ​ធ្លី​នៅ ទីនោះ​សុទ្ធតែជា​មន្ត្រី និង អ្នកមានអំណាចមាន​លុយ ។ មហាចន​ពិតជា​មានការ​អបអរ​សាទរ​ចំពោះ​ចំណារ​ឯកភាព​របស់​ប្រមុខ​រាជរដ្ឋាភិបាល​ឲ្យ​មានការ​សើរើ​និង​ដកហូត ត្រឡប់មកវិញ​ដីចំការ​ស្រល់​របស់​រដ្ឋ​នៅក្នុង​ខេត្តមណ្ឌលគិរី ៕

ទីតាំងផ្សាយពាណិជ្ជកម្ម

- Advertisment -

Most Popular