Home ព័ត៌មានសំខាន់ៗ មន្ទីរ​កសិកម្...

មន្ទីរ​កសិកម្ម​កោះកុង កំពុង​ជំរុញ​ទឹកចិត្ត​ដល់​កសិករ ដាំ​ដុះ​វិលជុំ ខណៈ​មាន​តម្រូវការ​ខ្ពស់​

ដោយៈ សុ​ផានី​តា / កោះកុងៈ ប្រធាន​មន្ទីរ​កសិកម្ម ខេត្តកោះកុង បាន​ជំរុញ​លើកទឹកចិត្ត ដល់​ប្រជាកសិករ អោយចូល​រួម​ដាំ​ដុះ​បន្លែ​វិលជុំ ឱ្យបាន​ច្រើន ព្រោះ​វា​ងាយ​ឆាប់​ទទួលផល និង​មាន​តម្រូវការ​ចាំបាច់ នៅលើ​ទីផ្សារ ពេលបច្ចុប្បន្ន​។​

​ក្នុងន័យ​កៀងគរ​ប្រជាកសិករ អោយមក​ចាប់អារម្មណ៍ លើ​វិស័យ​កសិកម្ម​ការទទួលប្រាក់ ចំណូល អំឡុងពេល​ការរីក​រាលដាល​ជំងឺ​កូ​វីដ និង​កាត់បន្ថយ ការធ្វើ​ចំណាកស្រុក​នោះ មន្ទីរ​កសិកម្ម រុក្ខាប្រមាញ់ និង​នេសាទ​ខេត្តកោះកុង សហការ​ជាមួយ​ក្រុម​កា​ងារ​កម្មវិធី អា​ស្ប៉ា​ញ កំពុង​ផ្តោតលើ​ការយកចិត្ត ទុកដាក់​ខ្ពស់ ពី​ការបណ្តុះបណ្តាល​បច្ចេកទេស កសិកម្ម​បែប​ថ្មី​។​

​លោក អ៊ី ម៉េង​លាង ប្រធាន​មន្ទីរ​កសិកម្ម រុក្ខាប្រមាញ់ និង​នេសាទ​ខេត្តកោះកុង បានឱ្យដឹង​កាលពី​ថ្ងៃទី​១៩ ខែមករា ២០២១​ថាៈ កម្មវិធី​បណ្តុំ​កសិកម្ម ហៅ​កាត់​ថា អា​ស្ប៉ា​ញ ដាក់ឱ្យអនុវត្ត​ជិត ១​ឆ្នាំ​មកហើយ នៅតាម​បណ្តា​ក្រុង​ស្រុក​គោលដៅ ចំនួន​៦​ក្នុង​ខេត្តកោះកុង ដែលមាន​ប្រជាកសិករ ជិត ៥០០ នាក់ ជា​សមាជិក កំពុងមាន​ផ្នត់គំនិត ដាំ​ដុះ​បន្លែបង្ការ ស្វែង​ប្រាក់ចំណូល គ្រប់​រដូវ​កាល​។​

​លោក ម៉េង​លាង បាន​បន្ថែមថាៈ សព្វថ្ងៃនេះ ប្រជាកសិករ អនុវត្ត​កម្មវិធី​អា​ស្ប៉ា​យ បែង​ចែកជា​បណ្តុំ​កសិកម្ម ចំនួន ១៤ បណ្តុំ​ឯណោះ គ្របដណ្តប់​លើ​ផ្ទៃដី​ដាំ​ដុះ​ជាច្រើន ហិកតា ក្នុងនោះ​មាន​ជា​បណ្តុំ​បន្លែ ដាំ​ណាំ​ស្វាយ​ច​ន្ធី ចេក ចិញ្ចឹម​ត្រី និង​សត្វ ផ្សេងៗ​ទៀត តាម​ស្ថានភាព​ជាក់ស្តែង នៃ​ជីវជាតិ​ដី​ក្រុង​ស្រុក ដែល​អំណោយផល​ខាង​ផ្នែក​កសិកម្ម នីមួយៗ​។​

​តាម​ការវាយតម្លៃ​រប​ស់ ប្រធាន​មន្ទីរ​កសិកម្ម​ខេត្ត បណ្តុំ​កសិកម្ម​ដែល​ទទួលបាន​ជោគជ័យ ច្រើនជាងគេ​នោះ គឺ​ការដាំដុះ​បន្លែ​ត្រសក់ទ្រើង ដែល​វា​ផ្ដល់​ទិន្នផល​លឿន​លើសពី​ការ ស្មាន​ទុក ធ្វើឱ្យ​កសិករ ជា​សមាជិក​រីករាយ នឹង​ទទួលបាន​ប្រាក់ចំណូល ប្រចាំថ្ងៃ​។

​លោក​ក៏​លើកទឹកចិត្ត​ដល់​ប្រជាកសិករ​ដែរ​ថាៈ ក្រៅតែពី​បន្លែ​ត្រសក់ទ្រើង ពលរដ្ឋ ក៏​អាច​ដាំ​ដុះ​បាន នូវ​ដំណាំ​វិលជុំ​ទៀតផង រួមមានៈ ត្រប់ ស្ពៃ ត្រកួន ពោត​បារាំង និង​ល្ពៅ ជាដើម ព្រោះ​ប្រភេទ​បន្លែ​ទាំងនេះ កំពុងមាន​តម្រូវការ​ចាំបាច់ នៅលើ​ទីផ្សារ​ជៀសវាង កកស្ទះ ពី​អ្នក​ដែល​បញ្ជា​ទិញ​។​

​លោក ម៉ៅ សុខន និង​ភរិយា ជា​កសិករ​គំរូ តំណាងឱ្យ​សមាជិក​ផ្សេងទៀត ចំនួន​៣០​នាក់ នៅ​ភូមិ​១ សង្កាត់​ស្មាច់មានជ័យ ក្រុង​ខេមរភូមិន្ទ បាន​ថ្លែងថាៈ បច្ចុប្បន្ន​គាត់​នឹង​កំពុង ដាំ​ត្រសក់ទ្រើង លើ​ទំហំ​ដី ១.០០០ ម៉ែត្រការ៉េ ហើយ​មកដល់ពេលនេះ​ប្រមូល​ផល​បាន រយៈពេល ១​សប្តាហ៍ ក្នុង​១​ថ្ងៃ បាន ៥០ គីឡូក្រាម​។​

​លោក សុខន បាន​អះអាងថា់ ចំពោះ​តម្លៃ​វិញ គឺ​លក់រាយ​បាន ៤.០០០ រៀល និង​បោះ​ដុំ​បាន ២.៥០០ រៀល ក្នុង​មួយ​គីឡូក្រាម​។ ក្រៅពីនេះ គាត់​ក៏មាន​ដាំ​ល្ពៅ យក​ត្រួយ ត្រកួន ពោត​បារាំង និង ននោង ក្នុង​ដីចំការ​ក្បែរ​គ្នា មួយកន្លែង​ទៀត ហើយ​បញ្ហា​ដែល​គាត់ ជួបប្រទះ​មួយចំនួន​ដែរ ដូចជា ខ្យល់​ខ្លាំងពេក នាំអោយ​ត្រសក់ ពិបាក​តោង​សំណាញ់​ទ្រើង ដង្កូវ​មូ​ស្លឹក ចៃ ដែល​ធ្វើអោយ​ត្រសក់​គាត់​រួម​ដៃ​។​

​កសិករ ដដែល បានបញ្ជាក់​ថាៈ ដោយ​ត្រសក់ កំពុង​ប្រមូល​ផល គាត់​មិនបាន​ប្រើ​ថ្នាំ​អ្វី​ឡើយ គឺ​ព្យាយាម​ចាប់​ដង្កូវ ដោយ​ដៃ​ជាប្រចាំ​ថ្ងៃ​រហូត ។ ចំពោះ​បញ្ហា​ខ្យល់ គាត់​ប្រើ​សំណាញ់​បាំង និង​ធ្វើ​បង្គង​ពី​បន្ទះ​ឫស្សី​បន្ថែម តាម​រង​នីមួយៗ​។​

​ទោះ​មាន​បញ្ហា​ប្រឈម​ខ្លះ​ក៏ដោយ ក៏​កសិករ​រូបនេះ នៅតែ​មើលឃើញថាៈ ការអនុវត្ត បច្ចេកទេស​ថ្មី​នេះ មាន​ភាពងាយស្រួល ប្រើ​ពលកម្ម​តិច សន្សំសំចៃ​ទឹក និង​ទទួលបាន ផល​ច្រើន​ជាមុន ហើយ​គាត់​មាន​ផែនការ ពង្រីក​ការដាំដុះ តាម​បច្ចេកទេស​នេះ លើ​ផ្ទៃដី ៩០០ ម៉ែត្រការ៉េ​បន្ថែមទៀត​៕/V​-PC

ទីតាំងផ្សាយពាណិជ្ជកម្ម

- Advertisment -

Most Popular