Home ព័ត៌មានសំខាន់ៗ ឥណ្ឌា សន្យា​ជ...

ឥណ្ឌា សន្យា​ជួយ​កម្ពុជា ច្រើន​វិស័យ និង​ជំរុញ​វិនិយោគិន​ឥណ្ឌា មក​វិនិយោគ​នៅ​កម្ពុជា​

ដោយៈ សុផល / ភ្នំពេញៈ ក្នុងឱកាស​ចូលជួប​ស​ម្តែ​ង​ការគួរសម​ជាមួយ សម្តេច​អគ្គ​មហា ពញា​ចក្រី ហេង សំរិន ប្រធានរដ្ឋសភា លោកស្រី​បណ្ឌិត ដេ​វី​យ៉ា​នី ឧ​ត្តាំ ខូ​ប្រា​ហ្គា​ដ (H.E. Mrs. Devyani Uttam Khobragade) ឯកអគ្គរដ្ឋទូត ដែល​ទើប​តែងតាំង​ថ្មី នៃ​សាធារណរដ្ឋ ឥណ្ឌា ប្រចាំ​នៅ​ព្រះរាជាណាចក្រ​កម្ពុជា បាន​ជម្រាប​សម្តេច ពី​គម្រោង​ជំនួយ និង​ការ​វិយោគ ជាច្រើន របស់​ប្រទេស​ឥណ្ឌា មក​កម្ពុជា​។ ពិសេស​លោកស្រី បាន​ប្តេជ្ញាចិត្ត​នៅក្នុង​ការពង្រឹង ពង្រីក​ចំណងមិត្តភាព កិច្ចសហប្រតិបត្តិការ ជា​ប្រពៃណី ដែលមាន​តាំងពី​យូរលង់​ណាស់ មកហើយ រវាង​ប្រទេស​ទាំងពីរ ឱ្យ​កាន់តែ​រឹងមាំ​ថែមទៀត ទាំង​នៅ​ស្ថាប័ន​នីតិប្បញ្ញត្តិ និង​នីតិប្រតិបត្តិ​។​

​នៅក្នុង​ជំនួប​សវនាកា​រ នា​ព្រឹក​ថ្ងៃទី​២០ ខែមករា ឆ្នាំ​២០២១​នេះ លោកស្រី​បណ្ឌិត ដេ​វី​យ៉ា​នី ឧ​ត្តាំ ខូ​ប្រា​ហ្គា​ដ បានលើកឡើង​ថាៈ ឥណ្ឌា មាន​គម្រោង​ចូលរួម ជួយ​ជួសជុល​អភិរក្ស ប្រាសាទព្រះវិហារ ដែលជា​បេតិកភណ្ឌ​ពិភពលោក ចូលរួម​ជំរុញ​លើកកម្ពស់​ការប្រើប្រាស់ ទឹកស្អាត នៅ​ជនបទ និង​ជួយ​ដល់​វិស័យ សុខាភិបាល ការប្រយុទ្ធប្រឆាំង​ជំងឺគ្រុនចាញ់ និង​ការកសាង​សមត្ថភាព សមាជិក សមាជិកា​សភា និង​មន្ត្រីរាជការ ជាដើម​។​

​ជាមួយគ្នានេះ លោកស្រី បាន​ប្តេជ្ញា​ថា នឹង​ខិតខំ​ជំរុញ​ដល់ អ្នកវិនិយោគ ពី​ប្រទេស​ឥណ្ឌា មក​បណ្ដាក់ទុន នៅ​កម្ពុជា ក្នុង​វិស័យ​សុខាភិបាល ជំរុញឱ្យមាន ជើងហោះហើរ​ត្រង់ រវាង​ប្រទេស​ទាំងពីរ​។

​លោកស្រី ឯកអគ្គរដ្ឋទូត បាន​ជម្រាប សម្តេច​ដែរ​ថាៈ ឥណ្ឌា នឹង​លើកកម្ពស់​ការទំនាក់ទំនង រវាង​ប្រជាជន និង​ប្រជាជន តាមបែប​ឌីជីថល នៅក្នុង​នោះ​មាន ប្រជាជន​កម្ពុជា និង​ប្រជា ជន​ឥណ្ឌា ប្រជាជន​ឥណ្ឌា និង​ប្រជាជន ក្នុង​តំបន់​អាស៊ាន ហើយ​ឥណ្ឌា នឹង​កសាង​ផ្លូវ គមនាគមន៍ ដ៏​ធំ​មកកាន់ បណ្តា​ប្រទេស សមាជិក​អាស៊ាន ផងដែរ​។​

​ឯកអគ្គរដ្ឋទូត រូបនេះ បាន​ជម្រាប សម្តេច​ប្រធានរដ្ឋសភា​ថាៈ ចំពោះ​សំណើ​របស់​សម្តេច នាយករដ្ឋមន្ត្រី ដែល​បានស្នើ​ដល់ ប្រទេស​ឥណ្ឌា ជួយ​ផ្តល់ជំនួយ មនុស្សធម៌ វ៉ាក់សាំង ការពារ​កូ​វីដ​១៩ ដល់​ប្រទេស​កម្ពុជា​នោះ លោកស្រី នឹង​រាយការណ៍​ជូន ថ្នាក់ដឹកនាំ​ឥណ្ឌា បាន​ជ្រាប និង​សម្រេច នៅក្នុង​កិច្ចការ​នេះ​។​

​សម្តេច​អគ្គ​មហា​ពញា​ចក្រី ហេង សំរិន បាន​គាំទ្រ​បេសកកម្ម​ការទូត​ថ្មី​របស់ លោកស្រី នៅ​កម្ពុជា​។ សម្តេច​បាន​លើកឡើងថា បេសកកម្ម​នេះ ពិតជា​មាន សារៈសំខាន់ ខ្លាំងណាស់ ក្នុង​ការបន្ត​រួមចំណែក លើកកម្ពស់​ទំនាក់ទំនង ចំណងមិត្តភាព និង​កិច្ចសហប្រតិបត្តិការ រវាង​ប្រទេស​យើង​ទាំងពីរ ដែលមាន​ស្រាប់ ឱ្យ​កាន់តែ​ល្អប្រសើរ ថែម​មួយកម្រិត​ថែមទៀត​។ កម្ពុជា​-​ឥណ្ឌា មាន​ទំនាក់ទំនង និង​កិច្ចសហប្រតិបត្តិការ លើ​វិស័យ​ការទូត​នេះ ជាមួយគ្នា ជា​យូរយារ​ណាស់​មកហើយ ទាំង​ផ្នែក​សិល្បៈ វប្បធម៌ និង​ជំនឿ​សាសនា​។​

​សម្តេច​ប្រធានរដ្ឋសភា បាន​មានប្រសាសន៍ថាៈ ឥណ្ឌា ជា​ប្រទេសមួយ ក្នុងចំណោម​ប្រទេស មិន​ច្រើន​ទេ ដែល​បាន​គាំទ្រ ដល់​រដ្ឋាភិបាល​កម្ពុជា នៅក្រោយ​ថ្ងៃ​រំដោះ ៧​មករា ឆ្នាំ​១៩៧៩ ខណៈ​ប្រទេស​ជាច្រើន ពិសេស​ប្រទេស​លោកខាងលិច បាន​ហ៊ុមព័ទ្ធ​សេដ្ឋកិច្ចកម្ពុជា​។

​សម្តេច​បានលើកឡើង​ថាៈ រដ្ឋសភា​កម្ពុជា មានការ​ពេញចិត្ត ដោយ​សង្កេតឃើញ ពី​វឌ្ឍនភាព នៃ​ទំនាក់ទំនង និង​កិច្ចសហប្រតិបត្តិការ​ទ្វេភាគី រវាង​ប្រទេស​យើង​ទាំងពីរ កម្ពុជា​-​ឥណ្ឌា មានការ​រីកចម្រើន ឥតឈប់ឈរ ទាំង​វិស័យ នយោបាយ ការទូត សេដ្ឋកិច្ច ពាណិជ្ជកម្ម សង្គមកិច្ច វប្បធម៌ អប់រំ សុខាភិបាល និង​ការអភិវឌ្ឍ​ធនធានមនុស្ស ។​

​ក្នុងនាម​រដ្ឋសភា​កម្ពុ​ជា សម្តេច​អគ្គ​មហា​ពញា​ចក្រី ហេង សំរិន បាន​ថ្លែងអំណរគុណ ដល់​ប្រទេស​ឥណ្ឌា ដែល​រយៈពេល​កន្លងមក​នេះ បាន​ជួយ​បណ្តុះបណ្តាល ធនធានមនុស្ស រយៈពេល​ខ្លី និង​វែង ដល់​និស្សិត និង​មន្ត្រី​កម្ពុជា ជាង​មួយ​ពាន់​នាក់ និង​សូម​ស្នើ​ឥណ្ឌា បន្ត​ជួយ​បណ្តុះបណ្តាល ជំនាញ​ផ្សេងៗ បន្ថែមទៀត​។

​សម្តេច​ប្រធានរដ្ឋសភា បាន​គូសបញ្ជាក់ថាៈ រដ្ឋសភា​កម្ពុជា សូម​អបអរសាទរ​រដ្ឋាភិបាល ប្រទេស​ទាំងពីរ ដែល​បាន​ចុះ​កិច្ចព្រមព្រៀង និង​អនុស្សរណៈ ជាមួយគ្នា​ក្នុង​កិច្ច​សហ ប្រតិបត្តិការ លើ​វិស័យ​អាទិភាព​ជាច្រើន និង​បាន​ត្រៀម​ចុះហត្ថលេខា លើ​ឯកសារ​សំខាន់ៗ ជាច្រើន​ទៀត ។

​លោកស្រី ដេ​វី​យ៉ា​នី ឧ​ត្តាំ ខូ​ប្រា​ហ្គា​ដ បាន​ស្នើសុំ​សម្តេច បន្ត​ពង្រឹងពង្រីក​កិច្ច​សហប្រតិបត្តិ ការ រវាង​សភា​ប្រទេស​ទាំងពីរ ឱ្យ​កាន់តែ​រឹងមាំ​ថែមទៀត និង​បាន​គោរព​អញ្ជើញសម្តេច ដឹកនាំ​គណៈប្រតិភូ​រដ្ឋសភា​កម្ពុ​ជា ទៅ​បំពេញ​ទស្សនកិច្ច នៅ​ប្រទេស​ឥណ្ឌា​ក្រោយពេល ជំងឺ​កូ​វីដ​១៩ ធូរស្រាល​។​

​សម្តេច​ប្រធាន បាន​ទទួលយក​សំណើ​នេះ និង​បាន​គូសបញ្ជាក់ថាៈ រដ្ឋសភា​កម្ពុជា បានធ្វើ​កិច្ចសហប្រតិបត្តិការ ជាច្រើន​ជាមួយ រដ្ឋសភា​ឥណ្ឌា នៅក្នុង​ក្របខណ្ឌ​ក្រុម​មិត្តភាព សភា​ទាំងពីរ តាមរយៈ​ការផ្លាស់ប្តូរ ទស្សនកិច្ច ការគាំទ្រ​គ្នា ទៅវិញទៅមក​នៅលើ​វេទិកា អន្តរ​សភា​នានា នៅក្នុង​តំបន់ និង​សកលលោក មាន​ជាអាទិ៍ អន្តរ​សភា​អាស៊ាន និង​សហភាព​អន្តរ​សភា​(IPU) ជាដើម​៕/V​-PC

ទីតាំងផ្សាយពាណិជ្ជកម្ម

- Advertisment -

Most Popular