ដោយៈ វណ្ណៈ / ព្រះសីហនុៈ កម្លាំងនគរបាល ក្រុងព្រះសីហនុ បានឃាត់ខ្លួនជនសង្ស័យ ប្រុសស្រី ចំនួនបីនាក់ នៅយប់ថ្ងៃទី១៩ ខែមករា ឆ្នាំ២០២១ នៅក្នុងភូមិ៤ សង្កាត់លេខ៤ ក្រុង-ខេត្តព្រះសីហនុ ពាក់ព័ន្ធនឹងបទល្មើសគ្រឿងញៀន។
លោកឧត្តមសេនីយ៍ទោ ជួន ណារិន្ទ ស្នងការនគរបាល ខេត្តព្រះសីហនុ បានឲ្យដឹងថាៈ ជនសង្ស័យទាំងបីនាក់នោះ រួមមានៈ ១.ឈ្មោះ ធី រ៉ាវីត ឆ្នាំកំណើត ២០០៣ , ២.ឈ្មោះ ធី រ៉ាវុធ ឆ្នាំកំណើត ១៩៩៨ យុវជនសង្ស័យពីរនាក់នេះ មានមុខរបរ មិនពិតប្រាកដ ដូចគ្នា និង៣.ឈ្មោះ ម៉ា ស្រស់ ភេទស្រី ឆ្នាំកំណើត ២០០២ មានមុខរបរ ជាអ្នកបម្រើការ ហាងខារ៉ាអូខេ ។ ពួកគេទាំងបីនាក់ មានលំនៅបច្ចុប្បន្ន ស្ថិតក្នុងក្រុម១៩ ភូមិ៤សង្កាត់ លេខ៤ ក្រុង-ខេត្តព្រះសីហនុ ។
បន្ទាប់ពីការបង្ក្រាបជនសង្ស័យទាំងនេះ អាជ្ញាធរមានសមត្ថកិច្ច បានដកហូតវត្ថុតាង រួមមានៈ ម្សៅក្រាម ពណ៌ សថ្លា សង្ស័យសារធាតុញៀន ៤១ កញ្ចប់ធំ, ទូរស័ព្ទ ៣គ្រឿង, ម៉ូតូ ២គ្រឿង, ជញ្ជីងសម្រាប់ថ្លឹងគ្រឿងញៀន១ និងថង់វេចខ្ចប់មួយចំនួន។ បច្ចុប្បន្ន ជនសង្ស័យ បានកំពុងឃាត់ខ្លួន នៅអធិការដ្ឋាននគរបាល ក្រុងព្រះសីហនុ ដើម្បីសាកសួរ និងចាត់ការតាមផ្លូវច្បាប់៕/V-PC