Home ព័ត៌មានជាតិ សេដ្ឋកិច្ច លទ្ធផលកិច្ចប្...

លទ្ធផលកិច្ចប្រជុំក្រុមប្រឹក្សាបរធនបាល លើកទី ៣ នៃមូលនិធិគន្ធបុប្ផាកម្ពុជា

ដោយ:ស៊ាថាំង/ភ្នំពេញ:កាលពីថ្ងៃអង្គារ ទី ១៩ ខែ មករាលោកអគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រី ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និងជាប្រធានក្រុមប្រឹក្សាបរធនបាលនៃ “មូលនិធិគន្ធបុប្ផាកម្ពុជា” បានដឹកនាំកិច្ចប្រជុំក្រុមប្រឹក្សាបរធនបាលលើកទី ៣ នៃ “មូលនិធិគន្ធបុប្ផាកម្ពុជា” ដោយមានវត្តមានចូលរួមពីលោកម៉ម ប៊ុនហេង រដ្ឋមន្ត្រីក្រសួងសុខាភិបាល ព្រមទាំងសមាជិកក្រុមប្រឹក្សាភិបាលទាំងអស់ ដើម្បីពិនិត្យ និងពិភាក្សាលើរបៀបវារៈ សំខាន់ៗ ដូចជា

១. ប្រតិបត្តិការរបស់មន្ទីពេទ្យគន្ធបុប្ផា និងស្ថានភាពហិរញ្ញវត្ថុរបស់មូលនិធិគន្ធបុប្ផាកម្ពុជា៖គឹក្នុងឆ្នាំ ២០២០ នេះ, មន្ទីរពេទ្យគន្ធបុប្ផាបានទទួលកុមារមកពិគ្រោះ និងព្យាបាល ចំនួន ៦៣៩ ២៦៨ ករណី,ស្រ្តីមានផ្ទៃពោះទទួលបានការពិនិត្យនិងព្យាបាល ចំនួន ១៣២ ៤៤៣ ករណី, កុមារមកសម្រាកព្យាបាលចំនួន ១៣៣ ០២៦ នាក់, ជំងឺគ្រុនឈាមធ្ងន់ធ្ងរ ចំនួន ៤ ៤៨៨ នាក់, ជំងឺគ្រុនឈីក ចំនួន ១ ៤៩២ នាក់, និងវះកាត់សរុបចំនួន ២៤ ៨២២ នាក់ ។

“មូលនិធិគន្ធបុប្ផាកម្ពុជា” បានទទួលវិភាគទានសប្បុរសធម៌សរុបចំនួនប្រមាណ ៦១ ៩៨១ (ហុកសិបមួយពាន់ ប្រាំបួនរយប៉ែតសិបមួយ) លានរៀល និង ៦ ០០០ ០០០ (ប្រាំមួយលាន) ដុល្លារអាមេរិក ក្នុងនោះ៖វិភាគទានពីរាជរដ្ឋា-ភិបាលចំនួន ៤០ (សែសិប) ប៊ីលានរៀល, ការកាត់កម្រៃពីសំបុត្រចូលទស្សនាតំបន់រមណីយដ្ឋានអង្គរ ចំនួន ២ (ពីរ) លានដុល្លារអាមរិក, វិភាគទានពីកាកបាទក្រហម ចំនួន ១ (មួយ) លានដុល្លារអាមេរិក, និងថវិកាបរិច្ចាគពីសប្បុរសជនទូទៅចំនួនប្រមាណ ៧ ១៦៣ (ប្រាពីរពាន់ មួយរយហុកសិបបី) លានរៀល និង ៣ (បី) លានដុល្លារអាមេរិក ។

បើប្រៀបធៀបនឹងឆ្នាំ ២០១៩, វិភាគទានទទួលបានក្នុងឆ្នាំ ២០២០ មានការថយចុះប្រមាណ ២០% (ដោយមិនរាប់បញ្ចូលថវិកាគម្រោង H.EQUIP និងការបរិច្ចាគផ្ទាល់នៅមន្ទីរពេទ្យ) ។

បើគិតចាប់ពីថ្ងៃសម្ពោធ រហូតដល់ថ្ងៃទី ៣១ ខែ ធ្នូ ឆ្នាំ ២០២០, “មូលនិធិគន្ធបុប្ផាកម្ពុជា” បានបង្វែរថវិកាជូនមន្ទីរពេទ្យ គន្ធបុប្ផា ចំនួន ២៤ (ម្ភៃបួន) លានដុល្លារអាមេរិក និង ៨ (ប្រាំបី) ប៊ីលានរៀល ក្នុងនោះ សម្រាប់ឆ្នាំ ២០២០ ចំនួន ៤ (បួន) លានដុល្លារអាមេរិក (ថវិកាទទួលបានពីកាកបាទក្រហមកម្ពុជាចំនួន ១ លានដុល្លារអាមេរិក, ថវិកាទទួលបានពីគ្រឹះស្ថានអង្គរក្នុងត្រីមាសទី ៤ ឆ្នាំ ២០១៩ និងត្រីមាសទី ១, ២, និងទី ៣ ឆ្នាំ ២០២០ ចំនួនប្រមាណ ២ លានដុល្លារអាមេរិក, និងថវិកាចូលរួមសាងសង់ និងបំពាក់ឧបករណ៍នៅមន្ទីរពេទ្យជ័យវរ្ម័នទី ៧ (មន្ទីរគន្ធបុប្ផា ខេត្តសៀមរាប) ចំនួន ១ លានដុល្លារអាមេរិក) ។

២. ការអនុវត្តសកម្មភាពរបស់មូលនិធិគន្ធបុប្ផាកម្ពុជា៖ក្នុងរយៈពេល ១២ ខែ នៃឆ្នាំ ២០២០ កន្លងទៅនេះ, “មូលនិធិគន្ធបុប្ផាកម្ពុជា” បានអនុវត្តសកម្មភាពសំខាន់ៗ រួមមាន៖ ការកៀរគរ និងទទួលការបិរច្ចាគវិភាគទានសប្បុរសធម៌, ការទំនាក់ទំនងសាធារណៈ និងការផ្សព្វផ្សាយអំពីមន្ទីរពេទ្យ និងមូលនិធិ ។
គិតត្រឹមខែ ធ្នូ ឆ្នាំ ២០២០, “មូលនិធិគន្ធបុប្ផាកម្ពុជា” សម្រេចបានការងារសំខាន់ៗ ដូចជា បានសហការ និងដាក់ហិបមូលនិធិនៅតាមក្រុមហ៊ុន និងទីតាំងសំខាន់ៗ សរុបចំនួន ១៦៦ ហិប, បានទទួលការផ្តល់វិភាគទានសប្បុរសធម៌ដោយផ្ទាល់ជាមួយសប្បុរសជនទាំងពីក្រសួង-ស្ថាប័នរដ្ឋ និង ឯកជនជាបន្តបន្ទាប់, បានសហការ និងផលិតឃ្លីបវីដេអូខ្លីអំពីមូលនិធិគន្ធបុប្ផាកម្ពុជា និងមន្ទីរពេទ្យគន្ធបុប្ផា ចំនួន ២៤ ឃ្លីប, ទទួលបានការគាំទ្រ និងបរិច្ចាគបណ្តើៗតាមរយៈទំព័រហ្វេសប៊ុកផ្លូវការរបស់មូលនិធិ, បានរៀបចំធ្វើបច្ចុប្បន្នកម្មប្រព័ន្ធគ្រប់គ្រងទិន្នន័យមូលនិធិគន្ធបុប្ផាកម្ពុជា ដែលអាច ទាញយកទិន្នន័យសប្បុរសជន និងបង្កើតលិខិតថ្លែងអំណរគុណជាទម្រង់ឌីជីថល, បាន និងកំពុងរៀបចំធ្វើបច្ចុប្បន្ន-កម្មគេហទំព័រមូលនិធិគន្ធបុប្ផាជាមួយ និងការរចនាថ្មី, ក៏ដូចជាបានចេញសេចក្ដីប្រកាសព័ត៌មានប្រចាំខែ និងត្រីមាស ជាសាធារណៈអំពីវឌ្ឍនភាពនៃមូលនិធិគន្ធបុប្ផាកម្ពុជា ដើម្បីបង្ហាញអំពីតម្លាភាព, បាន និងកំពុងសហការជាមួយគ្រឹះស្ថានហិរញ្ញវត្ថុ និងធនាគារ និងក្រុមហ៊ុនផ្សេងៗ សរុបចំនួន ១៣ ស្ថាប័ន ដើម្បីសម្រួលការបរិច្ចាគ ក៏ដូចជាពង្រឹង និងពង្រីកការបរិច្ចាគតាមថ្នាលឌីជីថល ជាដើម ។

លោកអគ្គបណ្ឌិតសភាចារ្យ ឧបនាយករដ្ឋមន្រ្តី បានណែនាំឱ្យលេខាធិការដ្ឋាន “មូលនិធិគន្ធបុប្ផាកម្ពុជា” ខិតខំបន្ថែមទៀត ក្នុងការផ្សព្វផ្សាយដល់សាធារណជនឱ្យបានយល់ដឹងអំពីវត្តមាន និងសារៈសំខាន់នៃការបង្កើតមូលនិធិគន្ធបុប្ផាកម្ពុជានេះ ក្នុងគោលដៅកៀរគរវិភាគទានសប្បុរសធម៌ពីគ្រប់ទិសទីបន្ថែមទៀតដើម្បីបន្តរួមចំណែកទ្រទ្រង់ដល់ប្រតិបត្តិការ និងនិរន្តរភាពរបស់មន្ទីរពេទ្យគន្ធបុប្ផា និងលើកស្ទួយស្មារតី “ខ្មែរជួយខ្មែរ” ឱ្យបានកាន់តែទូលំទូលាយ ៕សរន

 

ទីតាំងផ្សាយពាណិជ្ជកម្ម

- Advertisment -

Most Popular