Home ព័ត៌មានសំខាន់ៗ ចិនបង្ហើបគម្រ...

ចិនបង្ហើបគម្រោងវិនិយោគមួយចំនួននៅកម្ពុជាពាក់ព័ន្ធវិស័យកសិកម្ម

ដោយ: ពៅនិមល/ភ្នំពេញ: នៅទីស្តីការក្រសួង កាលពីព្រឹកថ្ងៃទី២០ ខែមករា ឆ្នាំ២០២១នេះ លោក វេង សាខុន រដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានទទួលជួបប្រតិភូអញ្ជើញមកពីក្រុមហ៊ុន Khmer Holding Group ដែលដឹកនាំដោយលោក ឆាវ អ៊ីនទ័រ ដើម្បីសម្តែងការគួរសម និងរាយការណ៍អំពីវឌ្ឍនភាពនៃការអនុវត្តគម្រោងវិនិយោគនៅក្នុងប្រទេស។

នៅក្នុងជំនួបនោះ លោក ឆាវ អ៊ីនទ័រ បានរៀបរាប់អំពីគម្រោងថា គ្រោងនឹងដាំដុះរុក្ខជាតិឱសថ, បង្កើតវិទ្យាស្ថានស្រាវជ្រាវរុក្ខជាតិឱសថ ដំណាំកសិកម្ម និងផលិតជីសរីរាង្គ និងគម្រោងបង្កើតតំបន់សេដ្ឋកិច្ចពិសេសបម្រើឲ្យវិស័យកសិកម្ម ប្រមូលផ្តុំកសិផល ឃ្លាំងស្តុកត្រជាក់ កែច្នៃ និងនាំចេញ។ លោកបន្តទៀតថា បន្ទាប់ពីបានទទួលអនុសាសន៍របស់លោករដ្ឋមន្រ្តីកាលពីថ្ងៃខែសីហា ឆ្នាំ២០២០កន្លងទៅ ក្រុមការងារបានចុះសិក្សាស្រាវជ្រាវលើគុណភាពដី ប្រភពទឹក ស្ថានភាពក្សេត្របរិស្ថាន ផ្លូវគមនាគមន៍ នៅតាមបណ្តាខេត្តគោលដៅសំខាន់ៗ រួមមានខេត្តមណ្ឌលគីរី ឧត្តរមានជ័យ ស្ទឹង ត្រែង និងខេត្តកោះកុងដើម្បីជ្រើសយកជាកន្លែងបង្កើតវិទ្យាស្ថានដាំដុះ និងស្រាវជ្រាវរុក្ខជាតិឱសថ និងរោងចក្រចំរាញ់ កែច្នៃ វេចខ្ចប់ សម្រាប់នាំចេញ។ ដោយឡែក ខេត្តកំពង់ស្ពឺជ្រើសរើសរកទីតាំងបង្កើតតំបន់សេដ្ឋកិច្ចពិសេសសម្រាប់ប្រើឲ្យវិស័យកសិ-ឧស្សាហកម្ម។ បច្ចុប្បន្នទីតាំងមួយចំនួនត្រូវបានជ្រើសរើសជាអាទិភាពរួច រង់ចាំវាយតម្លៃចុងក្រោយ ហើយក៏កំពុងរៀបចំឯកសារគតិយុត្ត ដើម្បីដាក់ជូនទៅក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា (CDC) ដើម្បីពិនិត្យសម្រេច។

លោកបញ្ជាក់ទៀតថា អ្វីដែលសំខាន់ចង់ជម្រាបជូននាពេលនេះ គឺគម្រោងនេះទទួលបានកិច្ចសហការពីមជ្ឈមណ្ឌលអភិវឌ្ឍន៍ផ្លូវ និងខ្សែក្រវាត់មួយដោយមានតំណាងអញ្ជើញមកចូលរួមផងដែរ។

ជាការឆ្លើយតប លោករដ្ឋមន្រ្តី វេង សាខុន បានសម្តែងការស្វាគមន៍ចំពោះការរាយការណ៍ពីវឌ្ឍនភាពសំខាន់ៗរបស់គម្រោងទាំងនេះ ស្របពេលដែលពិភពលោក ក៏ដូចជាកម្ពុជាកំពុងតែប្រឈមនឹងការរីករាលដាលជំងឺឆ្លងកូវីដ១៩ និងបានវាយតម្លៃខ្ពស់ចំពោះភាគីជំនួបដែលបានខិតខំប្រឹងប្រែងរៀបចំគម្រោងវិនិយោគទាំងអស់នេះ។

លោកបានមានប្រសាសន៍ថា គម្រោងវិនិយោគដែលជាជំនួយរបស់រដ្ឋាភិបាលចិន ពិតជាមានសារសំខាន់ក្នុងការលើកកម្ពស់ចំណងសាមគ្គីភាព មិត្តភាព និងកិច្ចសហប្រតិបត្តិការរវាងប្រទេស និងប្រជាជនទាំងពីរឲ្យកាន់តែស៊ីជម្រៅ រឹងមាំ គ្រប់ជ្រុងជ្រយ និងស្ថិតស្ថិរយូអង្វែងថែមទៀត។ លោកលើកឡើងបន្តថា រដ្ឋាភិបាល ក៏ដូចជាក្រសួងកសិកម្ម សូមស្វាគមន៍ គាំទ្រ និងសហការពេញទំហឹងដើម្បីរួមចំណែកអភិវឌ្ឍន៍រុក្ខជាតិឱសថ និងវិស័យកសិកម្មនាពេលអនាគត ខណៈកសិកម្មកម្ពុជាមានសក្តានុពល តែនៅខ្វះវិនិយោគិនក្នុង និងក្រៅប្រទេស ដើម្បីប្រើប្រាស់សក្តានុពលដែលយើងមានឲ្យអស់លទ្ធភាព សំដៅលើកស្ទួយផលិតភាពផលិតកម្ម ប្រកួតប្រជែក កែច្នៃ និងនាំចេញឆ្លើយតបតាមតម្រូវការទីផ្សារគឺស្តង់ដារផលិត ធានាបរិមាណផ្គត់ផ្គង់ គុណភាព សុវត្ថិភាព និងការប្រកួតប្រជែងតម្លៃ។

លោករដ្ឋមន្រ្តី បន្ថែមថា ដើម្បីឲ្យគម្រោងនេះអនុវត្តទៅរលូន និងជោគជ័យ លោកបានជូនយោបល់ថា តារយ:លោកស្រីប្រធានមជ្ឈមណ្ឌលអភិវឌ្ឍន៍ខ្សែក្រវាត់ និងផ្លូវគួររៀបចំសំណើ ផែនការអភិវឌ្ឍន៍គម្រោងឲ្យបានត្រឹមត្រូវ និងជាផ្លូវការ បន្ទាប់រៀបចំឯកសារចុះហត្ថលេខា (MOU) បង្កើតក្រុមការងារ រួចចាប់ផ្តើមអនុវត្តគម្រោងទៅតាមផែនការ។ ជំហានដំបូងគឺទីតាំងដីទាំងដីរបស់ឯកជន និងដីសម្បទានរបស់រដ្ឋ និងស្វែងរកដៃគូសហការ។ ចំពោះការបង្កើតវិទ្យាស្ថានស្រាវជ្រាវ គួរជ្រើសរើសយកសកលវិទ្យាល័យភូមិន្ទកសិកម្មជាជម្រើសទី១ ឬនៅខេត្តស្ទឹងត្រែងដែលជាដីរបស់ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ជាជម្រើសទី២។ ដោយឡែក តំបន់សេដ្ឋកិច្ចពិសេស គួរពិនិត្យមើលទីតាំងនៅក្នុងខេត្តកំពង់ស្ពឺ គឺជាជម្រើសដ៏ល្អ៕srn

ទីតាំងផ្សាយពាណិជ្ជកម្ម

- Advertisment -

Most Popular