ដោយ: ដេប៉ូ / មណ្ឌលគិរី: មន្ត្រីជាន់ខ្ពស់នេះក្រសួងបរិស្ថានបានជំរុញឱ្យមន្ត្រីឧទ្យានុរក្ស ត្រូវបង្កើនសតម្ថភាពក្នុងការហ្វឹកហាត់ដើម្បីធ្វើយ៉ាងណាទទួលបាននូវមេរៀននិងបទពិសោធ ក្នុងការបំពេញតួនាទីជាឆ្នាំព្រៃឱ្យកាន់តែមានប្រសិទ្ធភាពថែមទៀត។
ការបញ្ជាក់បែបនេះធ្វើឡើងដោយលោក នេត្រ ភក្ត្រា រដ្ឋលេខាធិការក្រសួង បរិស្ថាននៅចំពោះមុខមន្ត្រីឧទ្យានុរក្សបម្រើការនៅក្នុងដែនជម្រកសត្វព្រៃស្រែពក និងដែនជម្រកសត្វព្រៃភ្នំព្រេច ក្នុងខេត្តមណ្ឌលគិរីកាលពីថ្មីៗនេះ ក្នុងពិធីប្រគល់បណ្ណសរសើរមេត្រីភាពបរិស្ថាន ដល់មន្ត្រីឧទ្យានុរក្សឆ្នើមនៃដែនជម្រកសត្វទាំង ២ ។
លោករដ្ឋលេខាធិការបានថ្លែងថា “ទោះបីជាមន្ត្រីឧទ្យានុរក្សមានបទពិសោធច្រើនក្នុងការងារដើរល្បាត បង្ក្រាបបទល្មើស និងការពារនិងអភិរក្សធនធានធម្មជាតិ តែមន្ត្រីឧទ្យានុរក្សទាំងអស់ ត្រូវបន្តហ្វឹកហាត់ផ្នែកបច្ចេកទេសថ្មីៗ បន្ថែមទៀតដើម្បីបង្កើនសមត្ថភាព និងទទួលបាននូវមេរៀន និងបទពិសោធថ្មីៗបន្ថែមទៀតក្នុងគោលដៅបង្កើនប្រសិទ្ធភាព ក្នុងតួនាទីរបស់ខ្លួនជាឆ្មាំព្រៃ»។
គួរបញ្ជាក់ថាក្នុងពិធីប្រគល់បណ្ណសរសើរនេះធ្វើឡើងក្នុងក្របខណ្ឌនៃដំណើរទស្សនកិច្ចផ្នែកសារព័ត៌មានសហការរៀបចំដោយក្រសួងបរិស្ថាននិងអង្គការ WWF ដែលមានអ្នកសារព័ត៌មានជិត ៤០ នាក់មកពីជាង ២០ ស្ថាប័នចូលរួម។
លោក នេត្រ ភក្ត្រា បានថ្លែងថា មុននឹងចូលបំពេញការងារ មន្ត្រីឧទ្យានុរក្សនៃក្រសួងបរិស្ថានដែលត្រូវបានជ្រើសរើស ទទួលបាននូវការបណ្តុះបណ្តាលផ្នែកសមត្ថភាពវិជ្ជាជីវៈលើវិធីសាស្ត្រនៃការដើរល្បាត ច្បាប់បទដ្ឋានផ្សេងៗក្នុងនោះរួមមានទាំងច្បាប់នៃការប្រើប្រាស់អាវុធ ច្បាប់ស្តីពីតំបន់ការពារធម្មជាតិ និងក្រមសីលធម៌វិជ្ជាជីវៈរបស់ខ្លួន និងវិធីសាស្ត្រពាក់ព័ន្ធផ្សេងទៀត។
លោក នេត្រ ភក្ត្រា បានគូសបញ្ជាក់ថា ការបន្តហ្វឹកហាត់ ពង្រឹងសមត្ថភាព គឺជាការចាំបាច់បំផុត ព្រោះការងារជាឆ្មាំព្រៃរបស់មន្ត្រីឧទ្យានុរក្សគឺប្រឈមមុខច្រើនក្នុងនោះ ក្រុមជនល្មើសធនធានធម្មជាតិខ្លះមានប្រើប្រាស់អាវុធទាំងអាវុធពិតនិងអាវុធកែច្នៃ រួមទាំងគ្រោះថ្នាក់ជាយថាហេតុបង្កឡើងដោយអន្ទាក់គ្រប់ប្រភេទ ដែលត្រូវជនខិលខូចដាក់នៅក្នុងព្រៃ ដើម្បីចាប់សត្វព្រៃដោយខុសច្បាប់។
នៅក្នុងដែនជម្រកសត្វព្រៃស្រែពកនិងដែនជម្រកសត្វព្រៃភ្នំព្រេច ក្រោមការគាំទ្របច្ចេកទេសរបស់អង្គការ WWF មន្ត្រីឧទ្យានុរក្សបានទទួលការហ្វឹកហាត់នូវវិធីសាស្ត្រថ្មីៗបន្ថែមទៀតរួមនឹងវិធីសាស្ត្រនៃការពង្រឹង កាយសម្បទារបស់មន្ត្រីឧទ្យានុរក្សផងដែរ។ មន្ត្រីឧទ្យានុរក្សឆ្នើមចំនួន ០៦ រូបទទួលបានប័ណ្ណសរសើរមេត្រីភាពពីក្រសួងបរិស្ថានក្នុងនោះរួមមានមន្ត្រីឧទ្យានុរក្ស ០៣ រូប បំពេញការងារ ក្នុង ដែនជម្រកសត្វព្រៃ ស្រែ ពក និង ៣ រូប ទៀត បំពេញ ការងារ យ៉ាងសកម្ម ក្នុង ដែនជម្រកសត្វព្រៃ ភ្នំ ព្រេច នៃ ខេត្តមណ្ឌលគិរី ។ មន្ត្រីឧទ្យានុរក្សដែលក្រសួងបរិស្ថានបានចាត់ទុកថាជាឆ្មាំការពារព្រៃឈើ និងជាអ្នកនៅជួរមុខដើម្បីអភិរក្សធនធានធម្មជាតិ។
ជាមួយគ្នានេះលោក នេត្រ ភក្ត្រា ដែលបានប្រគល់បណ្ណសរសើរមេត្រីភាពបរិស្ថានដោយផ្ទាល់ដល់មន្ត្រីឧទ្យានុរក្សនៅស្នាក់ការត្រពាំងធ្មៀរនៃដែនជម្រកសត្វព្រៃស្រែពក បានបញ្ជាក់ដែរថា ប័ណ្ណសរសើរមេត្រីភាពបរិស្ថាននេះគឺជា សក្ខីភាពបញ្ជាក់ពីការលះបង់ កម្លាំងកាយ កម្លាំងចិត្ត ដ៏ មោះមុត ក្នុងការ បំពេញការងារ ការពារ ធនធានធម្មជាតិ នៅ កម្ពុជា ។
ទន្ទឹមជាមួយគ្នានេះ លោករដ្ឋលេខាធិការ ក៏បានថ្លែងលើកទឹកចិត្តដល់មន្ត្រីឧទ្យានុរក្សបន្តបំពេញការងារប្រកបដោយការទទួលខុសត្រូវនិងបន្តបង្កើនសមត្ថភាពវិជ្ជាជីវៈរបស់ខ្លួន។
ក្រៅពីទទួលបានប័ណ្ណសរសើរពីក្រសួងបរិស្ថានមន្ត្រីឧទ្យានុរក្សទាំងអស់ ក្នុងដែនជម្រកសត្វព្រៃស្រែពក និងដែនជម្រកសត្វព្រៃភ្នំព្រេច ក៏ទទួលបានលិខិតសរសើរពីអង្គការ WWF ដែលជាដៃគូសហការរបស់ក្រសួងបរិស្ថានផងដែរ។
លោក សេង ទៀក ប្រធានអង្គការ WWF កម្ពុជា បានថ្លែងថា ក្នុងនាមជាដៃគូយុទ្ធសាស្ត្រយូរអង្វែងចាប់តាំងពីឆ្នាំ ១៩៩៨ មក ជាមួយក្រសួងបរិស្ថានលើការគាំទ្រការគ្រប់គ្រងដែនជម្រកសត្វព្រៃស្រែពក និងភ្នំព្រេចផ្តោតពិសេសការគាំទ្រលើការកសាងសមត្តភាពមន្ត្រីឧទ្យានុរក្ស ការរៀបចំយុទ្ធសាស្ត្រនិងការពង្រឹងអនុវត្តច្បាប់ ខ្ញុំបាទសូមធ្វើការកោតសរសើរនិងវាយតម្លៃខ្ពស់ ចំពោះសមិត្តផលជាច្រើនដែលទទូលបានចេញពីការអនុវត្តច្បាប់របស់មន្ត្រីឧទ្យានុរក្សនៃដែនជម្រកសត្វព្រៃទាំងពីរ ចាប់ពីឆ្នាំ២០១៣-២០២០ ក្នុងនោះ ឧទ្យានុរក្សប្រមូលអន្ទាក់បានសរុបចំនួន ២៤,៧៩៨អន្ទាក់ និងអន្ទាក់ឆក់ ១,០៩២៥ម៉ែត្រ រណាយន្ត១,៧៥២គ្រឿង ឈេី២៦,៤៨៦មែ៉ត្រគីបនិងការទន្ទ្រានដីព្រៃខុសច្បាប់ ២៣,៨៩៨ហិតា ចេញលិខិតព្រមាន ១,៥៩៧ករណី និងចាប់បានជនប្រព្រឹត្ត ១២៣នាក់ បញ្ជូនទៅតុលាការ ។
លោក សេង ទៀក បានថ្លែងថា អង្គការ WWF ក៏សូមចូលរួមប្រគល់ជូនជាលិខិតសរសើរសម្រាប់ការងារជូនដល់មន្ត្រីឧទ្យានុរក្សគ្រប់ៗគ្នាទាំងអស់មកពីដែនជម្រកទាំងពីរ ដើម្បីផ្តល់ការគាំទ្រនិងការលើកទឹកចិត្តដល់មន្ត្រីជួរមុខរបស់យើងដែលមានឆន្ទៈមោះមុត ការសន្យានិងការលះបង់ខ្ពស់ ចូលរួមការពារធនធានធម្មជាតិនិងសត្វព្រៃដែលជាបតិកភ័ណ្ឌជាតិមានជីវិតសម្រាប់កូនចៅជំនាន់ក្រោយ៕