Home ព័ត៌មានសំខាន់ៗ ត្រី​សម្រាប់ធ...

ត្រី​សម្រាប់ធ្វើ​ប្រហុក​ផ្អក​ចាប់បាន​ច្រើនសា​ជាថ្មី​

ដោយ​: ប​.​ខុន / ភ្នំពេញ​: ត្រី​សម្រាប់ធ្វើ​ប្រហុក​ផ្អក​ចាប់បាន​នៅតាម​គន្លង​ដាយ​ជួល​ពីរ​ដ្ឋ​នៅ​រាជធានី​ភ្នំពេញ​មាន​ចំនួន​កើនឡើង​ជាថ្មី តែមាន​បរិមាណ​មិនទាន់​ច្រើន​ទេ ដោយ​លើ​កឌុក​ម្តង​បាន​ត្រី​ភាគច្រើន​ជា​ត្រី​ស្លឹក​ឫស្សី​ពី​៥០​ទៅ​១០០​គីឡូ​ម​ក្រាម ហើយ​មួយ​គីឡូក្រាម​មាន​តំ​ម្លៃ​៣.០០០​រៀល​។​

​លោក ម៉ូត ហូ​សាន់ អ្នកធ្វើអាជីវកម្ម​នេសាទ​ជួល​គន្លង​ដាយ​ពី​រដ្ឋបាល​ជលផល​នៅតាម​ដង​ទន្លេសាប​ក្នុងភូមិ​សាស្ត្រ​រាជធានី​ភ្នំពេញ បាន​ប្រាប់​ឱ្យ​រស្មី​កម្ពុជា​ដឹង​នៅ​ថ្ងៃទី​២០​ខែមករា​ឆ្នាំ​២០២១​ថា ត្រី​សម្រាប់ធ្វើ​ប្រហុក​ផ្អក​ចាប់បាន​មានការ​កើនឡើង​នៅថ្ងៃនេះ ដោយនៅ​ពេលយប់​លើ​កឌុក​ម្តង​បាន​ត្រី​ពី​៥០​ទៅ​១០០​គីឡូក្រាម ក្នុង​មួយ​ម៉ោង តែ​នៅពេល​ថ្ងៃ​លើក​ម្តង​បាន​ត្រី​តែ​ពី​៤០​ទៅ​៥០​គីឡូក្រាម​ទេ​។​

​អ្នកធ្វើអាជីវកម្ម​នេសាទ​ខាងលើ​បញ្ជាក់ថា ត្រី​ចាប់បាន​ច្រើន​នៅពេល​យប់ ទឹកនាជ ពេល​ថ្ងៃ​បាន​តិច តែមាន​ចំនួន​កើនឡើង​នៅថ្ងៃនេះ អាច​នឹង​បាន​ច្រើន​ជាងនេះទៀត​នៅ​ថ្ងៃ​ចាស់​ខ្នើត (​ថ្ងៃទី​២០​មករា​នេះ​ត្រូវ​នឹង​ថ្ងៃ​៧​កើត​ខែមាឃ​)​។ ការចាប់​ត្រី​នៅតាម​គន្លង​ដាយ​ពេលនេះ​ដោយ​វិធី​កៀរ ព្រោះ​ទឹក​ហូរ​ខ្សោយ​ណាស់​ទៅហើយ​។​

​លោក ម៉ូត ហូ​សាន់ និយាយ​ឱ្យដឹង​ផងដែរ​ថា ត្រី​ដែល​ចាប់បាន​៧០​ភាគរយ ជា​ត្រី​ស្លឹក​ឫស្សី​ក្រៅពីនេះ​ជា​ត្រី​រាល ដែល​លក់បាន​ជាទូទៅ​ក្នុង​មួយ​គីឡូក្រាម ៣.០០០​រៀល គេ​ប្រមូល​ទិញ​សម្រាប់ធ្វើ​ប្រហុក​។ ចំណូល​បាន​ពី​ការនេសាទ​នៅ​ឆ្នាំនេះ ឃើញ​មាន​ផលចំណេញ គឺ​មិន​ខាត​ដូច​ពីរ​បី​ឆ្នាំ​កន្លងទៅ​នោះទេ​។​

​លោក ងិន ឌី នាយ​ខណ្ឌ​រដ្ឋបាល​ជល​ផលរាជ​ធានី​ភ្នំពេញ បាន​ប្រាប់​ឱ្យ​រស្មី​កម្ពុជា​ដឹង​នៅ​រសៀល​ថ្ងៃទី​២០​ខែមករា​នេះ​ថា ត្រី​ចាប់បាន​នៅតាម​គន្លង​ដាយ​ពេលនេះ លើក​ម្តង​បាន​ចំនួន​ពី​៤០​ទៅ​៥០​គីឡូក្រាម​។ ចំនួន​ត្រី​ចាប់បាន​មានការ​កើនឡើង បើ​ធៀប​ទៅនឹង​ថ្ងៃ​ម្សិលមិញ​។​

​ផល​នេសាទ​នៅតាម​គន្លង​ដាយ​ក្នុងភូមិ​សាស្ត្រ​រាជធានី​ភ្នំពេញ ដែល​ចាប់បាន​នៅក្នុង​ឆ្នាំ​២០២០​កន្លងទៅ ត្រូវបាន​លោក ងិន ឌី បញ្ជាក់ថា មាន​ចំនួន​ប្រមាណ​ជា​៦០០​តោន​។ ផល​ត្រី​ដែល​ចាប់បាន​នៅក្នុង​រដូវ​ត្រី​ប្រហុក​ផ្អក​ឆ្នាំ​២០២០-២០២១ ឃើញ​មាន​ចំនួន​ច្រើនជាង​ពីរ​បី​ឆ្នាំ​ចុង​ក្រោយនេះ​៕​

ទីតាំងផ្សាយពាណិជ្ជកម្ម

- Advertisment -

Most Popular