Home ព័ត៌មានជាតិ នយោបាយ ​សម្តេច​ក្រឡា...

​សម្តេច​ក្រឡាហោម សម្ពោធ​អគារសិក្សា តម្លៃ​ជាង ៥០ ម៉ឺន​ដុល្លារ និង​ប្រគល់​សញ្ញាបត្រ ដល់​និស្សិត

​ដោយៈ គ្រញូង / បាត់ដំបងៈ នា​ព្រឹក​ថ្ងៃទី​២០ ខែមករា ឆ្នាំ​២០២១ សម្តេច​ក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រី​ក្រសួងមហាផ្ទៃ និង​លោកជំទាវ ញ៉ែម សា​ខន ស ខេង បាន​អញ្ជើញ​សម្ពោធ​អគារសិក្សា​សម្តេច ជា ស៊ីម និង​លោកជំទាវ ញ៉ែម សឿន ជា ស៊ីម ក្រុង​បាត់ដំបង ព្រមទាំង​សមិទ្ធផល​នានា ក្នុង​សាលា សរុប តម្លៃ ៥០៥.២៣៧ ដុល្លារ និង​ប្រគល់​សញ្ញាបត្រ ដល់​និស្សិត​សាកលវិទ្យាល័យ​បាត់ដំបង​។​

ពិធីកាត់​ខ្សែបូ​សម្ពោធ​សាលា​បឋម​

​លោក ងួន រតនៈ អភិបាលខេត្ត​បាត់ដំបង បាន​អាន​របាយការណ៍ សាងសង់​សាលា ដែលមាន​ការងារ ៣ យ៉ាង​: ទី​១ ការងារ​ជួសជុល​កែលម្អ អគារសិក្សា​សម្តេច ជា ស៊ីម ១​ខ្នង ២​ជាន់ ស្មើ​១៦​បន្ទប់ រួមមាន​ដូរ​ដំបូល​ថ្មី កម្រាល លាប​ពណ៌ ក្នុង​ក្រៅ ជួសជុល​បង្គន់​អនាម័យ បំពាក់​បណ្តាញ​អគ្គិសនី​ថ្មី បំពាក់​អំពូល កង្ហារ ក្តារខៀន​ថ្មី និង​ជួសជុល​តុ​កៅអី រៀបចំ​លូបង្ហូរទឹក​ចេញ កន្លែង​លាងដៃ ចាក់សាប​ទីធ្លា ក្នុង​និង​ក្រៅ​សាលា រៀប​សួនច្បារ ជួសជុល​របង ជួសជុល​ទីចាត់ការ និង​សាលប្រជុំ​ចំនួន ២ បន្ទប់ រួមមាន ដូរ​ដំបូល​ថ្មី ដូរ​កម្រាល ដូរ​ទ្វារ​បង្អួច លាបថ្នាំ ក្នុង​ក្រៅ រៀប​បន្ទប់​នាយក បន្ទប់​សុខភាព បង្គន់​អនាម័យ បំពាក់​ម៉ាស៊ីនត្រជាក់ LCD Projector និង​សម្ភារ​មួយចំនួន សរុប​ថវិកា​ជួសជុល កែលម្អ​នេះ ចំណាយ​អស់ ២៤១.៩០៨ ដុល្លារ​។​

ពិធីសម្ពោធ​អគារសិក្សា តម្លៃ​ជាង ៥០ ម៉ឺន​ដុល្លារ និង​ប្រគល់​សញ្ញាបត្រ ដល់​និស្សិត

​លោក​អភិបាលខេត្ត បាន​បន្តថាៈ ការងារ​ទី​២ គឺ​សាងសង់​ខ្លោង​ទ្វារធំ មាន​ទទឹង ១៥,៦​ម៉ែត្រ កម្ពស់​៦,១០​ម៉ែត្រ និង​អង្កត់ផ្ចិត​សសរ​ធំ ០,៨០ ម៉ែត្រ អស់​ថវិកា ចំនួន​២៦. ០០០​ដុល្លារ និង​ការងារ​ទី​៣ ការសាងសង់​អគារសិក្សា​ថ្មី​១​ខ្នង ២​ជាន់ ស្មើ ១០​បន្ទប់ ជណ្តើរ​ឡើង​កណ្តាល មាន​បង្គន់​អនាម័យ សងខាង និង​បំពាក់ តុ​សិស្ស គ្រូ ក្តារខៀន បំពាក់​អំពូល និង​កង្ហារ​គ្រប់គ្រាន់​ចំណាយ​អស់​ថវិកា ២១៦,៦៧៤ ដុល្លារ​។ សាងសង់​ប្រព័ន្ធ​បង្ហូរទឹក ចាក់សាប​ទីធ្លា រៀប​សួនច្បារ និង​ជួសជុល​របង ខាងក្រោយ ចំណាយ​អស់​ថវិកា ២០.៦៥៥ ដុល្លារ​។ សរុប​ថវិកា​ចំណាយ​សម្រាប់​ជួសជុល កែលម្អ និង​សាងសង់​អគារសិក្សា​ថ្មី ចំនួន​
៥០៥.២៣៧ ដុល្លារ ដែល​ថវិកា​ទាំងអស់នេះ បានមកពី​ថវិកា​ផ្ទាល់ របស់លោក ស សុខា និង​លោកស្រី ព្រម​
​ទាំង​ការចូលរួម​ពី សប្បុរសជន ក្នុង​និង​ក្រៅ​ខេត្ត​។​

-សម្តេច​ក្រឡាហោម​មានមតិ​សំណេះសំណាល​

​ក្នុងឱកាស​នោះ សម្តេច​ក្រឡាហោម ស ខេង បាន​មានប្រសាសន៍ថាៈ នៅក្នុង​បរិវេណ សាលាបឋមសិក្សា​សម្តេច ជា ស៊ីម ដ៍​ស្រស់ស្អាត មាន​សួនច្បារ និង​ទីធ្លា​មុខ​សាលា ចាក់​បេតុង​យ៉ាង​ស្អាត ដើម្បី​ទុក​ជូន​លោកគ្រូ អ្នកគ្រូ សិស្សានុសិស្ស បាន​លំហែកាយ សម្រាក ឬ​ធ្វើ​កម្មវិធី​ផ្សេងៗ​។ សម្តេច​បាន​ថ្លែង អំណរគុណ និង​កោតសរសើរ ចំពោះ​គំនិត​ផ្តួចផ្តើម ជួសជុល​សាលាបឋមសិក្សា សម្តេច ជា ស៊ីម ចាស់ មាន​២​ជាន់ ១៦​បន្ទប់ ដែល​ចាស់​ទ្រុឌទ្រោម​
​និង​សាងសង់​ថ្មី ១០ បន្ទប់ ព្រមទាំង​សមិទ្ធផល​នានា​ដឹកនាំ និង​សម្របសម្រួល​ដោយ​លោក ស សុខា រដ្ឋលេខាធិការ ក្រសួង​អប់រំ យុវជន និង​កីឡា និង​លោកស្រី​
​កែ សួន​សុ​ភី ព្រមទាំង​មានការ​ចូលរួម ពី​សប្បុរសជន និង​ក្រុមការងារ ចំណាយ​ថវិកា អស់​ជាង ៥០ ម៉ឺន​ដុល្លារ ជា​ថវិកា​មួយ​មិនតិច​ទេ​។ ប៉ុន្តែ​យើង​គិតថា មិនជា​ថ្លៃ​ប៉ុន្មាន​ទេ ដោយសារ​យើង នឹង​ប្រមូលបាន ផលប្រយោជន៍ ត្រឡប់មកវិញ​យ៉ាងច្រើន នៅពេល​អនាគត តាមរយៈ​លោកគ្រូ អ្នកគ្រូ តាម​
​រយៈ​ក្មួយៗ សិស្សានុសិស្ស និង​តាមរយៈ​អាណាព្យាបាល​ទាំងអស់ ដើម្បី​រួមគ្នា​ធ្វើ​ឲ្យ​សាលារៀន​មួយ​នេះ ទាញ​បាន​ផលប្រយោជន៍ សម្រាប់​សង្គម​របស់​យើង​
​សម្រាប់​ជាតិ​យើង ហើយ​សាលា​នេះ មាន​សោភ័ណ​ភាពសមរម្យ និង​ជា​គំរូ​មួយ សម្រាប់​សាលាបឋមសិក្សា​នានា ទូទាំង​ខេត្តបាត់ដំបង​។​

ពិធីសម្ពោធ​អគារសិក្សា តម្លៃ​ជាង ៥០ ម៉ឺន​ដុល្លារ និង​ប្រគល់​សញ្ញាបត្រ ដល់​និស្សិត

​បន្ទាប់ពី​បញ្ចប់​ពិធី​សម្ពោធ សាលាបឋមសិក្សា​សម្តេច ជា ស៊ីម រួចមក សម្តេច​ក្រឡាហោម ស ខេង បាន​អញ្ជើញ​ជា​អធិបតីភាព ក្នុង​ពិធី​ប្រគល់​សញ្ញាបត្រ ដល់​និស្សិត​ជ័យលាភី ថ្នាក់​បរិញ្ញាបត្រ បរិញ្ញាបត្ររង និង​ថ្នាក់​បរិញ្ញាបត្រ​ជាន់ខ្ពស់ នៃ​សាកលវិទ្យាល័យ​បាត់ដំបង ចំនួន​ជាង ១​ពាន់​នាក់ ដែល​បានបញ្ចប់ ការសិក្សា​ឆ្នាំ ២០១៩- ២០២០ កន្លងមក​៕/V.mara

 

ទីតាំងផ្សាយពាណិជ្ជកម្ម

- Advertisment -

Most Popular