ប្រែសម្រួល : កញ្ញាដាលីស ៖ នៅពេលដែលលោកចូ បៃដិនឡើងកាន់អំណាចចំពេលមានបញ្ហាសន្តិសុខមិនធ្លាប់មានពីមុនមកនៅក្នុងប្រទេសមួយដែលបែកបាក់គ្នាយ៉ាងជូរចត់នោះ គាត់ពិបាកនឹងមានឱកាសរីករាយក្រេបទឹកឃ្មុំណាស់។
បុរសវ័យ ៧៨ ឆ្នាំរូបនេះកំពុងទទួលមរតកវិបត្តិភ្លោះ ដែលត្រូវការអន្តរាគមន៍ជាបន្ទាន់ដើម្បីគ្រប់គ្រងជំងឺកូវីដ១៩និងផ្តល់ជំនួយសង្គ្រោះបន្ថែមទៀតសម្រាប់ជនជាតិអាម៉េរិកដែលកំពុងតស៊ូនៅក្នុងសេដ្ឋកិច្ចដែលកំពុងដាំក្បាលចុះ។
ការស្ទង់មតិថ្មីរបស់ទូរទស្សន៍ NBC បានបង្ហាញថា អ្នកបោះឆ្នោត ៧ នាក់ក្នុងចំណោម ១០ នាក់ជឿថាប្រទេសនេះកំពុងដើរលើផ្លូវខុស និង ៧ នាក់ក្នុងចំណោម ១០ នាក់ទៀតគិតថា ៤ឆ្នាំខាងមុខនឹងនៅតែបែកបាក់ខាងនយោបាយ ហើយអ្នកបោះស្ទង់មតិភាគច្រើននិយាយថា ពួកគេព្រួយបារម្ភនិងទុទិដ្ឋិនិយមចំពោះអនាគតប្រទេសរបស់ពួកគេ។
ដូចដែលប្រធានាធិបតីដូណាល់ ត្រាំធ្លាប់បានធ្វើដូច្នោះដែរ លោកបៃដិននឹងពឹងផ្អែកលើបទបញ្ជាប្រតិបត្តិដើម្បីពន្លឿនការឆ្លើយតបរបស់លោកឱ្យបានឆាប់បំផុត។
ភ្លាមៗបន្ទាប់ពីស្បថចូលកាន់តំណែងនៅថ្ងៃពុធ (២០ មករា) លោកបៃដិនត្រូវគេរំពឹងថានឹងចុះហត្ថលេខាលើបទបញ្ជាជាច្រើនទាក់ទងនឹងជំងឺរាតត្បាត ការចាក់វ៉ាក់សាំង វិបត្តិអាកាសធាតុ វិសមភាពជាតិ និងបរិស្ថាន។ សហរដ្ឋអាម៉េរិកនឹងចូលរួមម្តងទៀតក្នុងកិច្ចព្រមព្រៀងទីក្រុងប៉ារីសឆ្នាំ ២០១៥ ស្តីពីការប្រែប្រួលអាកាសធាតុ។
នៅប៉ុន្មានថ្ងៃបន្តបន្ទាប់ លោកគ្រោងនឹងទុកជាមោឃៈនូវបំពង់បង្ហូរប្រេង Keystone XL តម្លៃរាប់ពាន់លានដុល្លារដ៏ចម្រូងចម្រាស ដែលលោកប្រធានាធិបតីត្រាំគាំទ្រ។
ក្នុងរយៈពេលខ្លី ការទប់ស្កាត់ការរីករាលដាលនៃជំងឺកូវីដនិងការស្តារការងារឡើងវិញគឺមានទំនាក់ទំនងនឹងគ្នាយ៉ាងស្មុគស្មាញ។ ជោគវាសនានៃការទប់ស្កាត់កូវីដអាចនឹងដឹងក្នុងរយៈពេល ១០០ ថ្ងៃ ព្រោះផែនការវ៉ាក់សាំងរបស់លោកបៃដិន គឺ “ចាក់ឱ្យបាន ១០០ លាននាក់ក្នុងរយៈពេល ១០០ ថ្ងៃ”។
ប៉ុន្តែគាត់ត្រូវតែពឹងផ្អែកលើសភា កន្លែងដែលគណបក្សប្រជាធិបតេយ្យមានសំឡេងភាគច្រើនស្តួចស្តើងដើម្បីអនុម័តថវិកាចំនួន ១,៩ លានលានដុល្លារដើម្បីកាត់បន្ថយនូវអ្វីដែលគាត់ហៅថា “វិបត្តិនៃទុក្ខវេទនាដ៏ជ្រាលជ្រៅរបស់មនុស្សមើលឃើញនៅនឹងភ្នែកស្តែងៗ”។
គាត់ក៏ត្រូវគ្រប់គ្រងកម្លាំងផ្សេងៗនៅក្នុងគណបក្សរបស់គាត់ដែរ។ ការសន្យារបស់លោកអំពីប្រាក់ឈ្នួលប្រចាំម៉ោងអប្បបរមា១៥ដុល្លារទូទាំងប្រទេស ដែលជាផ្នែកមួយនៃកញ្ចប់ថវិកា ១,៩ លានលានដុល្លារអាម៉េរិកត្រូវបានជំទាស់ដោយសមាជិកបក្សប្រជាធិបតេយ្យដែលមានគំនិតអភិរក្សនិយម។
វិនិយោគិននៅ Wall Street ហាក់មានសុទិដ្ឋិនិយម។ ក្រុមសេដ្ឋវិទូព្យាករណ៍ថាកំណើនសេដ្ឋកិច្ចនឹងកើនលើស ៤ ភាគរយនៅឆ្នាំនេះ។ អ្នកវិភាគជាច្រើនយល់ថា តម្រូវការនឹងកើនឡើង ដែលនឹងរួមចំណែកដល់កំណើនសេដ្ឋកិច្ចនៅក្នុងឆមាសទី ២ នៃឆ្នាំ ២០២២ ។
ប៉ុន្តែនោះអាស្រ័យលើការប្រឹងប្រែងដ៏លំបាក។ លោកស្រីបណ្ឌិត ចាណេត យែលលេន ដែលជាបេក្ខនារីតែងតាំងរបស់លោកបៃដិនសម្រាប់តំណែងរដ្ឋមន្ត្រីក្រសួងរតនាគារ បាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍នៅក្នុងសវនាការបញ្ជាក់តួនាទីរបស់លោកស្រីនៅព្រឹទ្ធសភាកាលពីថ្ងៃអង្គារយ៉ាងដូច្នេះថា “ទាំងប្រធានាធិបតីជាប់ឆ្នោតនិងរូបខ្ញុំមិនស្នើនូវកញ្ចប់ថវិកាសង្គ្រោះបែបនេះដោយគ្មានការគិតគូរអំពីបន្ទុកបំណុលរបស់ប្រទេសនោះឡើយ”។
សេចក្តីថ្លែងការណ៍នោះសរសេរថា “ប៉ុន្តែឥឡូវនេះជាមួយនឹងអត្រាការប្រាក់នៅកម្រិតទាបជាប្រវត្តិសាស្ត្រ អ្វីដែលឆ្លាតបំផុតដែលយើងអាចធ្វើបាន គឺ ធ្វើសកម្មភាពឱ្យធំ។ ក្នុងរយៈពេលវែង ខ្ញុំជឿជាក់ថាអត្ថប្រយោជន៍នឹងមានទម្ងន់ធ្ងន់ជាងការខាតបង់ ជាពិសេសប្រសិនបើយើងយកចិត្តទុកដាក់ជួយដល់ប្រជាជនដែលតស៊ូការលំបាកជាយូរយា”។
បច្ចុប្បន្ននេះមានអ្នកអត់ការងារធ្វើជិត ១០ លាននាក់។ ប្រសិនបើនៅពាក់កណ្តាលឆ្នាំនេះ សេដ្ឋកិច្ចចាប់ផ្តើមងើបឡើងវិញ វានឹងនៅតែជាការស្តារឡើងវិញជាជាងការរីកចម្រើនវិស័យការងារ ហើយការស្តារភាគច្រើនគឺនៅក្នុងឧស្សាហកម្មសេវាកម្ម ដូចជា សណ្ឋាគារនិងភោជនីយដ្ឋាន ដែលរងគ្រោះខ្លាំងសាជាថ្មីកាលពីខែធ្នូ។
ការស្តារការងារទាំងនោះឡើងវិញនឹងនាំមកនូវកត្តាដែលផ្តល់អារម្មណ៍ល្អ។ ប៉ុន្តែលោកបៃដិនត្រូវបង្កើតឱ្យមានកំណើនការងារកាន់តែស៊ីជម្រៅនិងកាន់តែទូលំទូលាយ ហើយការស្តារនោះនឹងកាន់តែយឺត។ អាជីវកម្មខ្នាតតូចមិនរំពឹងងើបឡើងវិញឆាប់រហ័សនោះឡើយ។
លោកបៃដិនមានសុទិដ្ឋិនិយមថារបៀបវារៈសំខាន់មួយគឺការដោះស្រាយវិបត្តិអាកាសធាតុ នឹងបង្កើតការងារជាង ១០ លាន ប៉ុន្តែគ្មាននរណារំពឹងថារឿងនេះនឹងកើតឡើងឆាប់ៗនោះឡើយ។ ពេលការបោះឆ្នោតពាក់កណ្តាលអាណត្តិក្នុងឆ្នាំ ២០២២ ចូលមកដល់ ក្រុមអ្នកវិភាគខ្លះនិយាយថា គណបក្សសាធារណរដ្ឋនឹងទទួលបានការគ្រប់គ្រងមកវិញនៅក្នុងសភា ហើយបន្ទាប់មកនឹងស្ថិតនៅក្នុងជំហរមួយដើម្បីបង្អាក់របៀបវារៈរបស់ប្រធានាធិបតី។
បញ្ហាមួយទៀតគឺការកាត់ក្តីនៅព្រឹទ្ធសភាលើប្រធានាធិបតីដូណាល់ ត្រាំ បន្ទាប់ពីសភាចោទប្រកាន់គាត់ពីបទញុះញង់ឱ្យមានការបះបោរលុកលុយវិមានកាពីតូលកាលពីថ្ងៃទី ៦ ខែមករា។
ការជំនុំជម្រះក្តីនេះនឹងធ្វើឱ្យបែកបាក់ប្រទេសកាន់តែជ្រាលជ្រៅ មិនធូរស្បើយនោះឡើយ។ លោកបៃដិនខ្លួនឯងក៏មិនគាំទ្រការកាត់ក្តីនេះដែរ។
កាលពីសប្តាហ៍មុននៅពេលអ្នកសារព័ត៌មានសួរថាតើការកាត់ក្តីនេះអាចរំខានដល់របៀបវារៈរបស់គាត់ដែរឬអត់ គាត់បានតបវិញថា “តើយើងអាចដោះស្រាយជាមួយការចោទប្រកាន់នេះពាក់កណ្តាលថ្ងៃ និង ពាក់កណ្តាលថ្ងៃទៀតយកមនុស្សរបស់ខ្ញុំទៅទទួលការបញ្ជាក់ពីព្រឹទ្ធសភានិងជំរុញការអនុម័តកញ្ចប់ថវិកាបានឬអត់?”។
លោកនិយាយថា “នោះជាក្តីសង្ឃឹមនិងការរំពឹងទុករបស់ខ្ញុំ”៕
លោកបៃដិនប្រឈមដោះស្រាយបញ្ហាជាច្រើនក្នុងពេលកាន់តំណែងនៅថ្ងៃពុធនេះ