ដោយៈ គ្រញូង/បាត់ដំបងៈ លោក ងួន រតនៈ អភិបាលខេត្តបាត់ដំបង បានទទួលជួបជាមួយលោក W.Patrick Murphy ឯកអគ្គរដ្ឋទូតសហរដ្ឋអាមេរិក ប្រចាំកម្ពុជា និងលោក Alberto Petralia មន្ត្រីជំនួយការផ្នែកអភិវឌ្ឍន៍ នៅថ្ងៃទី១៩ ខែមករា ឆ្នាំ២០២១ នៅបន្ទប់ទទួលភ្ញៀវ B1 នៃសាលាខេត្តបាត់ដំបង ដើម្បីពិភាក្សាការងារ ស្តីអំពីកិច្ចខិតខំប្រឹងប្រែង លើកកម្ពស់ កិច្ចសហប្រតិបត្តការ រវាងរដ្ឋបាលខេត្តបាត់ដំបង និងស្ថានទូតសហរដ្ឋអាមេរិក ប្រចាំប្រទេសកម្ពុជា។
ក្នុងដំណើរមកខេត្តបាត់ដំបង លោក W.Patrick Murphy ឯកអគ្គរដ្ឋទូតសហរដ្ឋអាមេរិកប្រចាំកម្ពុជា មានគោលបំណងពង្រឹង ចំណងមិត្តភាព និងកិច្ចសហប្រតិបត្តិការ រវាងកម្ពុជា និងសហរដ្ឋអាមេរិក ជាពិសេសជាមួយខេត្តបាត់ដំបង។ ក្រៅពីនេះ និងមើលកម្មវិធីមួយចំនួន ដែលស្ថានទូតអាមេរិក បានធ្វើនៅខេត្តបាត់ដំបង កន្លងមក មានការងារពាណិជ្ចកម្ម កសិកម្ម សុខាភិបាល ការពង្រឹងសហគ្រិនភាព លើស្ត្រី និងជួបជាមួយយុវជន ។ នៅឆ្នាំ២០២០ គឺជាឆ្នាំដែលជួបការលំបាក សម្រាប់ពិភពលោក និងសម្រាប់ប្រទេសកម្ពុជា។ ដោយឡែក នៅខេត្តបាត់ដំបង ក៏មានជួបនឹងបញ្ហាមួយចំនួន ដូចជាកូវីដ-១៩ គ្រោះទឹកជំនន់ នារយៈពេលកន្លងទៅថ្មីៗនេះ និងចង់ដឹងពីដំណោះស្រាយ កន្លងមក របស់រដ្ឋបាលខេត្តបាត់ដំបង ។
ជាពិសេសបន្ត នូវកម្មវិធីរបស់អង្គការ Peace Corp និងបញ្ជូនអ្នកស្ម័គ្រចិត្ត សហរដ្ឋអាមេរិក ចុះជួយផ្នែកវិស័យអប់រំ ជាថ្មីម្តងទៀត ដោយសារប្រទេសកម្ពុជា បានទប់ស្កាត់ការរីករាលដាល ជំងឺកូវីដ-១៩ បានល្អជាងគេ ស្របពេលដែលបណ្ដាប្រទេសដទៃទៀត មិនទាន់អាចបន្តកម្មវិធី របស់អង្គការ Peace Corp នាពេលបច្ចុប្បន្ននេះ ដោយសារការឆ្លងរីករាលដាលជំងឺកូវីដ-១៩ នៅតែបន្ត នៅលើសកលលោក ៕/V-PC