ដោយ:រ៉ាម៉ន/ភ្នំពេញ: លោកឃួង ស្រេង អភិបាលរាជធានីភ្នំពេញបានធ្វើការណែនាំឱ្យអាជ្ញាធរខណ្ឌទាំង១៤ និងកម្លាំងមានសមត្ថកិច្ចពាក់ព័ន្ធទាំងអស់ អនុវត្តឱ្យតឹងរឹងបំផុត ចំពោះយានយន្តដែលបំពាក់ស៊ីម៉ាំងខ្លាំងរំខានទៅដល់បងប្អូនប្រជាពលរដ្ឋនៅក្នុងរាជធានីភ្នំពេញ ខណៈដែលក្រសួងក្រសួងមហាផ្ទៃ បានចេញសេចក្តី ណែ នាំមួយជុំវិញបញ្ហានេះ ដើម្បីឱ្យអាជ្ញាធរមានសមត្ថកិច្ចទាំងអស់អនុវត្តឲ្យបានម៉ឺងម៉ាត់ និងមិនមានការលើក លែង។
ការណែនាំបែបនេះ របស់លោកឃួង ស្រេង អភិបាលរាជធានីភ្នំពេញបានធ្វើឡើងក្នុងកិច្ចប្រជុំមួយ នៅព្រឹកថ្ងៃទី២០ ខែមករា នេះនៅសាលារាជធានីភ្នំពេញ ដោយមានវត្តមានចូលរួមពីអាជ្ញាធរខណ្ឌទាំង១៤ និងកម្លាំងមានសមត្ថកិច្ចផងដែរ។
ក្នុងឱកាសនោះលោកឃួង ស្រេង បានមានប្រសាសន៍លើកថា មិនថាម៉ូតូឬរថយន្តនោះទេ គឺឱ្យតែមានសំឡេងរំខានខុសពីធម្មតាត្រូវតែឃាត់ណែនាំអប់រំ និងឱ្យពួកគាត់ដោះដូរមកជាបំពង់ស៊ីម៉ាំងធម្មតាវិញ ទើបអនុញ្ញាតឲ្យពួកគាត់ត្រឡប់ទៅវិញបាន។
ដើម្បីអនុវត្តការងារនេះឲ្យបានជោគជ័យ អាជ្ញាធរខណ្ឌ១៤ និងមានឧបករណ៍វាស់ សំឡេងក្នុង១ខណ្ឌមាន២ទៅ៣គ្រឿង ដើម្បីឱ្យអាជ្ញាធរ និងកម្លាំងមានសមត្ថកិច្ចរបស់ខណ្ឌនីមួយៗមានលទ្ធភាពក្នុងការឃាត់ វាស់សំលេងយានយន្តទាំងនោះ។
ជាមួយគ្នានោះ លោកឧត្ដមសេនីយ៍ សុង លី ស្នងការរងនគរបាលរាជធានីភ្នំពេញបានលើកឡើងផងដែរថា អនុវត្តទៅតាមការណែនាំនៃវិធានការឃាត់យានយន្តពាក់ស៊ីម៉ាំងលើនេះ ក្នុងការអនុវត្តជាលើកទីមួយ កម្លាំងមានសមត្ថកិច្ចប៉ូលីសនៃស្នងការនគរបាលរាជធានីភ្នំពេញ បានធ្វើការឃាត់យានយន្ត បានចំនួន៦០គ្រឿង និងបានធ្វើបច្ចុប្បន្នភាពបានចំនួន៤០គ្រឿង ប៉ុន្តែ បើទោះបីជាមានការណែនាំថា ឱ្យអប់រំនឹងប្ដូរស៊ីម៉ាំងមកជាធម្មតាវិញឱ្យពួកគាត់ត្រឡប់ទៅគេហដ្ឋានវិញនោះ គឺយានយន្តដែលបានឃាត់ទុក មិនទាន់អនុញ្ញតឱ្យពួកគាត់ត្រឡប់ទៅវិញអស់នៅឡើយទេ ដោយសារតែម៉ូតូមួយចំនួនមិនទាន់មានស៊ីម៉ាំងដើម្បីធ្វើការផ្លាស់ប្ដូរ។
ពាក់ព័ន្ធនឹងបញ្ហានេះលោកឃួង ស្រេង បានបញ្ជាក់ផងដែរថា រាជធានីភ្នំពេញមិនមែនសម្រាប់តែអ្នកមានទេ តែទីក្រុងភ្នំពេញ ដាច់ខាតត្រូវតែមានសណ្ដាប់ធ្នាប់ មានភាពស៊ីវីល័យ។ ដូច្នេះ អាជ្ញាធរទាំងអស់ត្រូវមានវិធានការជុំវិញរ៉ឺម៉កដឹកសំពីងសំពោង គឺមិនអនុញ្ញាតឲ្យពួកគាត់ដឹកជញ្ជូនចូលមកកណ្ដាលរាជធានីនោះទេ ។ ជាជំហានទី១ ចំពោះរ៉ឺម៉កម៉ូតូដឹកសំពីងសំពោងនេះ អាជ្ញាធរត្រូវឃាត់ ដើម្បីធ្វើកិច្ចសន្យាអប់រំជាលើកទីមួយ ទើបអនុញ្ញាតឱ្យពួកគាត់ត្រឡប់ទៅវិញ។ តែបើមានជាលើកទី២ យើងត្រូវតែធ្វើការឃាត់ពួកគាត់ទុក ។ ការអនុវត្តការងារនេះគឺ ដើម្បីធ្វើយ៉ាងណាឱ្យរាជធានីភ្នំពេញរបស់យើងកាន់តែមានសោភ័ណភាពមានសណ្ដាប់ធ្នាប់សាកសមជាទីក្រុងដែលមានភាពស៊ីវិល័យ៕