ដោយ: សរិទ្ធ / កណ្ដាល: ជនសង្ស័យម្នាក់ត្រូវបាននគរបាលឃាត់ខ្លួន ដោយសារដាល់ស្ត្រីម្នាក់បណ្តាលឲ្យរងរបួស កាលពីល្ងាចថ្ងៃទី១៩ ខែមករា ឆ្នាំ២០២១ នៅភូមិព្រែកក្របៅទី៣ ឃុំព្រែកអំពិល ស្រុកខ្សាច់កណ្តាល ខេត្តកណ្ដាល។
មន្ត្រីនគរបាលស្រុកខ្សាច់កណ្ដាលបានឲ្យដឹងថា ជនសង្ស័យឈ្មោះ ស៊ុក គឹមសៀង ភេទប្រុស អាយុ២៨ឆ្នាំ មុខរបរមិនពិតប្រាកដ មានទីលំនៅភូមិឃុំកើតហេតុ។ ចំណែក ជនរងគ្រោះឈ្មោះ យ៉ាត សំអុន ភេទស្រី អាយុ៤៨ឆ្នាំ មុខរបរលក់ខោអាវ មានទីលំនៅភូមិ ឃុំកើតហេតុ។
ប្រភពដដែលបន្តថា កន្លងមកជនរងគ្រោះមានជំងឺលើសឈាម ហើយកាលពីថ្ងៃទី១៣ ខែមករា ឆ្នាំ២០២១ ជនរងគ្រោះត្រូវក្រុមគ្រួសារយកទៅសម្រាកព្យាបាលជំងឺនៅមន្ទីរពេទ្យវិសាលសុខ រាជធានីភ្នំពេញ។ រហូតមកដល់ថ្ងៃទី១៦ ខែមករា ឆ្នាំ២០២១ ទើបជនរងគ្រោះចេញពីមន្ទីរពេទ្យមកផ្ទះវិញ។ លុះមកដល់រសៀលថ្ងៃទី១៩ ខែមករា ឆ្នាំ២០២១ ជនរងគ្រោះបានដើរទៅកន្លែងប្តីរបស់ខ្លួនផឹកស៊ីជាមួយមិត្តភក្តិ នៅដីចំការស្វាយរហូតដល់ល្ងាចថ្ងៃដដែល ជនរងគ្រោះបានដើរត្រឡប់មកផ្ទះវិញតែម្នាក់ឯង។ ពេលដើរតាមផ្លូវមកដល់មុខផ្ទះឈ្មោះ ហួន ហ៊ឺន ស្រាប់តែជនសង្ស័យដើរមកពីក្រោយស្ទុះមកវាយជនរងគ្រោះ១ដៃ ចំគុម្ពត្រចៀកខាងស្តាំ បណ្តាលឲ្យដួលលើផ្លូវ ហើយជនសង្ស័យបានវាយជនរងគ្រោះ៥ដៃបន្ថែមទៀតចំក្បាលនិងចំខ្នង។ ភ្លាមនោះឈ្មោះ ស៊ុក វ៉ា ជាឪពុករបស់ជនសង្ស័យបានចូលមកជួយចាប់ឃាត់ ហើយជនរងគ្រោះបានក្រោករត់ទៅផ្ទះ។ បន្ទាប់មកជនសង្ស័យបានរត់ដេញតាមវាយជនរងគ្រោះទៀតតែត្រូវឈ្មោះ ស៊ុក វ៉ា ចាប់ឃាត់ទៀត។ ក្រោយមកជនរងគ្រោះដើរមកដល់ផ្ទះ មានអាការៈមិនស្រួលខ្លួនដោយសារជំងឺលើសឈាម ទើបក្រុមគ្រួសារបញ្ជូនទៅព្យាបាលនៅមន្ទីរពេទ្យវិសាលសុខ រាជធានីភ្នំពេញ។
ចំណែកជនសង្ស័យ ត្រូវបានកម្លាំងប៉ុស្តិ៍នគរបាលព្រែកអំពិល ឃាត់ខ្លួនបញ្ជូនមកអធិការដ្ឋាននគរបាលស្រុកខ្សាច់កណ្តាល ដើម្បីអនុវត្តតាមនីតិវិធី៕