ដោយៈបាយ័ន/សៀមរាប: ក្នុងដំណើរទស្សនកិច្ចចុះតាមដាន ត្រួតពិនិត្យការអនុវត្តគម្រោងរួមគ្នា រវាងរាជរដ្ឋាភិបាលកម្ពុជាជាមួយអង្គការសហប្រជាជាតិ សម្រាប់គាំទ្រ និងលើកកម្ពស់ជីវភាព និងសុខភាព ប្រជាពលរដ្ឋជាទេសន្តរប្រវេសន៍ ក្នុងដំណាក់កាលជំងឺកូវីដ-១៩ ដោយមានការចូលរួមពីលោកស្រី ជូ ប៊ុនអេង រដ្ឋលេខាធិការក្រសួងមហាផ្ទៃ និងជាអនុប្រធានអចិន្ត្រៃយ៍នៃគណៈកម្មាធិការជាតិប្រយុទ្ធប្រឆាំងអំពើជួញដូរមនុស្ស និងលោកស្រី យូ សុភា អភិបាលរងខេត្តសៀមរាប ថ្នាក់ដឹកនាំអគ្គរងនៃលេខាធិការដ្ឋាន គ.ជ.ប.ជ។ នេះបើតាមការបញ្ជាក់អោយដឹងពីរដ្ឋបាលខេត្តសៀមរាប នាថ្ងៃទី២០ ខែមករា ឆ្នាំ២០២១នេះ។
លោកស្រី យូ សុភា អភិបាលរងខេត្តសៀមរាប ថ្នាក់ដឹកនាំអគ្គរងនៃលេខាធិការដ្ឋាន គ.ជ.ប.ជ បាននិយាយថា នៅក្នុងដំណើរទស្សនកិច្ចនេះ ប្រតិភូបានចុះពិនិត្យ និងជួបសំណេះសំណាលជាមួយថ្នាក់ដឹកនាំរដ្ឋបាលស្រុក ឃុំ មន្ត្រីអនុវត្តគម្រោង និងក្រុមគោលដៅដែលទទួលផលពីគម្រោង ដើម្បីសិក្សាស្វែងយល់ ពីលទ្ធផលនៃការអនុវត្តផែនការ និងបញ្ហាប្រឈមនានាដែលអាជ្ញាធរមូលដ្ឋាន និងប្រជាពលរដ្ឋដែលជាទេសន្តរប្រវេសន៍ ជួបប្រទះ ព្រមទាំងទទួលយកនៅសំណូមពរ ដែលមន្ត្រីអ្នកអនុវត្ត និងប្រជាពលរដ្ឋលើកឡើង។
ទន្ទឹមនឹងនេះ លោកស្រី ជូ ប៊ុនអេង បានបញ្ជាក់ថា អាជ្ញាធរដែនដីត្រូវតាមដាន និងយកចិត្តទុកដាក់ពីបញ្ហាសំណូមពរនានា ដែលពលករដ្ឋបានស្នើ និងបានលើកទឹកចិត្តឱ្យប្រជាពលរដ្ឋទាំងអស់គ្នាត្រូវបង្កើនការផលិតផ្នែកកសិកម្ម ការចិញ្ចឹមសត្វជាដើម ដើម្បីដោះស្រាយបញ្ហាជីវភាព ពិសេសនៅក្នុងដំណាក់កាលដែលប្រទេសកំពុងតែកើតមានជំងឺកូវីដ-១៩នេះ។
លោកស្រីបានបញ្ជាក់ថា រាជរដ្ឋាភិបាល បានធ្វើការស្វះស្វែងគៀងគររកជំនួយឧបត្ថម្ភបន្ថែម ទៀតសម្រាប់ទ្រទ្រង់ដល់ផែនការអភិវឌ្ឍការងារ និងជំនាញបច្ចេកទេសផ្សេងៗ ទៅដល់បងប្អូនប្រជាពលរដ្ឋ ដែលជាផ្នែកដ៏សំខាន់ និងជាតម្រូវការចាំំបាច់ចំពោះមុខ ក្នុងការទប់ស្កាត់ការវិលត្រឡប់ទៅស្វែងរកការងារធ្វើនៅក្រៅប្រទេសដោយខុសច្បាប់ និងនៅក្នុងដំណាក់ជំងឺកូវីដ-១៩នេះ។ បន្ថែមពីនោះ លោកស្រីបានជំរុញឱ្យប្រជាពលរដ្ឋ ពិសេសពលករដែលទើបចំណូលស្រុក ទៅចុះឈ្មោះរកការងារធ្វើនៅមន្ទីរការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈខេត្ត (មជ្ឈមណ្ឌលការងារខេត្តសៀមរាប) ដែលជាយន្តការរបស់រាជរដ្ឋបាលកម្ពុជាក្នុងការដោះស្រាយបញ្ហាចំពោះមុខរបស់ប្រជាពលរដ្ឋ។
ក្នុងដំណើរទស្សនកិច្ចខាងលើ គណៈ:ប្រតិភូបានធ្វើទស្សនកិច្ចនៅមណ្ឌលសុខភាពសំបួរ និងគ្រួសារពលករមានផ្ទៃពោះ ដែលទទួលបានការគាំទ្រផ្នែកសុខភាពសម្រាប់ត្រៀមមុន និងក្រោយសម្រាលកូន ដែលអនុវត្តគម្រោងដោយអង្គការរ៉ាក់ ទទួលបានការគាំទ្រពីអង្គការ UNFPA , គ្រួសារពលករដាំបន្លែ ០១គ្រួសារ ចិញ្ចឹមមាន់ ០១គ្រួសារ និងប្រកបរបរអាជីវកម្មខ្នាតតូច ០១គ្រួសារ ដែលអនុវត្តគម្រោងដោយអង្គការទស្សនពិភពលោក មានការគាំទ្រដោយអង្គការ IOM ក្នុងចំណោមអ្នកទទួលផលពីគម្រោងសរុប ចំនួន ៨៨ គ្រួសារនៅស្រុកក្រឡាញ់។ បន្ថែមពីនោះប្រិតិភូបានបន្តដំណើរទស្សនកិច្ចក្រុមការងារផ្សព្វផ្សាយអំពីការចិញ្ចឹមកូនបែបវិជ្ជមាន ដែលអនុវត្តដោយអង្គការ UNICEF នៅឃុំសសរស្តម្ភ ស្រុកពួក៕