ដោយ:រ៉ាម៉ន/ភ្នំពេញ: លោកឃួង ស្រេង អភិបាលរាជធានីភ្នំពេញ បានបញ្ជាក់នាព្រឹកថ្ងៃទី២០ ខែមករា ឆ្នាំ២០២១នេះ នៅក្នុងកិច្ចប្រជុំមួយ ជាមួយនឹងអាជ្ញាធរនៅខណ្ឌទាំង១៤នៅសាលារាជធានីភ្នំពេញថា រដ្ឋបាលរាជធានីភ្នំពេញគ្រោងនឹងទិញរថយន្តសម្រាប់បូមលូចំនួន១៨គ្រឿងបន្ថែមទៀតដើម្បីជំរុញឲ្យការស្តារលូនៅក្នុងរាជធានីភ្នំពេញដំណើរការទៅបានរលូន និងលឿនទៅតាមការគ្រោងទុក ដើម្បីឲ្យប្រពន្ធលូទាំងនោះអាចរំដោះទឹកបាននារដូវវស្សាខាងមុខនេះ។
ក្នុងកិច្ចប្រជុំនោះ លោកឃួង ស្រេង បានមានប្រសាសន៍ថា ការស្ដារលូដោយដៃមកដល់សម័យនេះ គឺវាហួសពេលហើយ។ ដូច្នេះ រដ្ឋបាលរាជធានីភ្នំពេញនឹងទិញរថយន្តសម្រាប់បូមលូចំនួន១៨គ្រឿងបន្ថែមទៀត ដើម្បីទ្រសភាពការណ៍នៃការស្តារលូនេះឱ្យបានល្អ លឿន ពិសេសយើងត្រូវធ្វើឲ្យបានទាន់ពេលនៅក្នុងរដូវប្រាំងនេះ។ មានន័យថា ពេលភ្លៀងធ្លាក់មកដល់ប្រព័ន្ធលូយើងអាចហូរបានស្រួលរំដោះការលិចលង់បានតែម្តង។
ពាក់ព័ន្ធការងារជួសជុលផ្លូវដែលទទួលរងការខូចខាតដោយជំនន់ទឹកភ្លៀងកាលពីឆ្នាំ២០២០កន្លងទៅនោះ លោកឃួង ស្រេង អភិបាលរាជធានីភ្នំពេញបានបញ្ជាក់ថា រដ្ឋបាលរាជធានីភ្នំពេញបាននឹងកំពុងជួសជុលផ្លូវចំនួន៣៨ខ្សែនៅក្នុងរាជធានីភ្នំពេញ ហើយការងារនេះ ពិតជាបានទទួលនូវការរីករាយនិងសាទរយ៉ាងពេញទំហឹងពីសំណាក់បងប្អូនប្រជាពលរដ្ឋនៅក្នុងរាជធានីភ្នំពេញ ដោយលោកបានជំរុញ និងណែនាំដល់អាជ្ញាធរខណ្ឌទាំង១៤ បើមានការដ្ឋាននៅក្នុងមូលដ្ឋានរបស់ខ្លួន អាជ្ញាធរខណ្ឌនោះ ត្រូវបញ្ចេញកម្លាំងចុះដល់ទីតាំងការដ្ឋានការពារការដ្ឋានទាំងនោះ ដើម្បីបង្កលក្ខណៈងាយស្រួលទៅដល់ក្រុមហ៊ុន ដែលកំពុងស្ថាបនា ជៀសវាងមានបញ្ហាប្រឈមកើតឡើងសំដៅធ្វើយ៉ាងណាឱ្យការដ្ឋានអនុវត្តការងារនេះបានល្អ និងទាន់ពេលវេលាទៅតាមគម្រោងដែលបានគ្រោងទុក៕