ដោយ: ពៅនិមល/ភ្នំពេញ: អគ្គនាយក នៃធនាគារអភិវឌ្ឍន៍ជនបទ និងកសិកម្ម (ARDB) បានឱ្យដឹងថា គិតត្រឹមបំណាច់ឆ្នាំ២០២០ ធនាគារបានផ្តល់ឥណទានដល់វិស័យស្រូវអង្ករ ចំនួន១៥១លានដុល្លារ ក្នុងនោះឥណទានប្រមាណ ៧៥លានដុល្លារសម្រាប់គាំទ្រដល់ការ ប្រមូលទិញស្រូវពីប្រជាកសិករ។
លោក កៅ ថាច អគ្គនាយកធនាគារនេះ បានប្រាប់រស្មីកម្ពុជានៅរសៀលថ្ងៃទី២០ ខែមករា ឆ្នាំ២០២១ថា ឥណទានប្រមាណ៧៥លានសម្រាប់គាំទ្រដល់ការប្រមូលទិញស្រូវ ពីប្រជាកសិករនេះ បានផ្តល់ដល់រោងម៉ាស៊ីនកិនស្រូវ និងក្រុមហ៊ុនកែច្នៃអង្ករនាំចេញ ចំនួន៥០ ស្ថិតក្នុងខេត្ត-ក្រុងចំនួន១១។
លោកបានបន្តថា ចំពោះការសងត្រឡប់មកវិញរបស់អតិថិជន លោកបានឱ្យដឹងថា មានភាពទៀងទាត់ ដោយហេតុថា គោលបំណងនៃឥណទាននេះ ផ្តល់ហិរញ្ញប្បទានដល់ បណ្តារោងម៉ាស៊ីន ដើម្បីឱ្យពួកគាត់មានលទ្ធភាពប្រមូលទិញស្រូវស្តុកទុកបម្រើឱ្យការនាំ ចេញអង្ករ និងជួយរក្សាស្ថេរភាពថ្លៃស្រូវ ជូនប្រជាកសិករនារដូវប្រមូលផលធំៗ ហេតុនេះ នៅពេលចប់រដូវប្រមូលផល រោងម៉ាស៊ីននឹងបន្តកិនស្រូវមានក្នុងស្តុក និងកែច្នៃអង្ករ ផ្គត់ផ្គង់ឱ្យក្រុមហ៊ុននាំចេញ ដើម្បីប្រមូលប្រាក់សងមកធនាគារអភិវឌ្ឍន៍ជនបទ និងកសិកម្ម វិញ។
លោកបន្តទៀតថា ក្នុងឆ្នាំកន្លងទៅ រដ្ឋាភិបាលកម្ពុជាបានផ្តល់មូលនិធិបន្ថែមចំនួន៣០លាន ដុល្លារ សម្រាប់គាំទ្រដល់វិស័យស្រូវអង្ករ ដែលជាកិច្ចអន្តរាគមន៍ ដ៏សំខាន់ក្នុងការរក្សា ថ្លៃស្រូវ ក្រោយពេលដែលកសិករដាំដុះស្រូវឡើងវិញបន្ទាប់ពីរងផលប៉ះពាល់ដោយសារ គ្រោះទឹកជំនន់ជាក់ស្តែងថ្លៃស្រូវ ដែលប្រជាកសិករប្រមូលផលចាប់តាំងពីខែវិច្ឆិកា ឆ្នាំ២០២០ រហូតមកដល់បច្ចុប្បន្ននេះ មានតម្លៃស្ថេរភាពល្អ និងប្រភេទស្រូវខ្លះមានតម្លៃ ខ្ពស់ជាងឆ្នាំមុន។ លើសពីនេះ ក៏បានជួយបង្កើនដល់ការនាំចេញអង្ករផងដែរ។
យោងតាមរបាយការណ៍របស់ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានបញ្ជាក់ថា ការប្រមូលផលស្រូវក្នុងឆ្នាំ២០២០ បានបរិមាណផលសរុបចំនួន ១០.៩៣៥.៦១៨តោន។ ក្នុងនោះ ការនាំអង្ករចេញទៅកាន់ទីផ្សារអន្តរជាតិមានចំនួនជិត ៦៩០.៨២៩តោន កើនចំនួន ១១,៤០ភាគរយ ធៀបនឹងឆ្នាំ២០១៩៕/PC