ដោយៈ សៅវ៉ាន់ឌី / ព្រះវិហារៈ ក្រុមហ៊ុនជប៉ុន វ៉ាយ អិន អេស (Y.N.S) បានបរិច្ចាគផ្ទៃដី ជិត ២ ម៉ឺនម៉ែត្រការ៉េ ផ្តល់ជូនអង្គភាព តំបន់ប្រតិបត្តិការសឹករង ព្រះវិហារ សម្រាប់សាងសង់ផ្ទះ ជូនអតីតយុទ្ធជន និងគ្រួសារ ដែលកំពុងប្រឈមនឹងការខ្វះដី គ្មានផ្ទះ សម្រាប់រស់នៅ សមរម្យ ស្មើមុខស្មើមាត់ ដូចគ្រួសារកងទ័ព និងប្រជាពលរដ្ឋឯទៀតៗ។
លោកឧត្តមសេនីយ៍ទោ ច័ន្ទ សុភ័ក្ត្រា មេបញ្ជាការតំបន់ប្រតិបត្តិការសឹករង ព្រះវិហារ និងជាប្រធានសមាគម អតីតយុទ្ធជនកម្ពុជាខេត្ត បានដឹកនាំមន្ត្រីក្រោមឱវាទដែលមានការ ចូលរួមពីលោក សុន ផល្លី តំណាងក្រុមហ៊ុនជប៉ុន វ៉ាយ អិន អេស (Y.N.S) ចុះពិនិត្យទីតាំង ផ្ទៃដី ដែលក្រុមហ៊ុន បានធ្វើសម្បទាន។ ដីនោះសម្រាប់សង់ផ្ទះ ជូនអតីតយុទ្ធជន និងគ្រួសារ ៣០ ឡូត៍ ដែលលាតសន្ធឹង លើផ្ទៃដីប្រមាណ ១៨.០០០ ម៉ែត្រការ៉េ ស្មើនឹងជិត ២ ហិកតា កាលពីល្ងាច ថ្ងៃទី១៩ ខែមករា ឆ្នាំ២០២១ ស្ថិតនៅភូមិអភិវឌ្ឍន៍ សង្កាត់ប៉ាលហាល ក្រុងព្រះវិហារ ខេត្តព្រះវិហារ។
លោក សុន ផល្លី តំណាងក្រុមហ៊ុនជប៉ុន វ៉ាយ អិន អេស (Y.N.S) បានបញ្ជាក់ថាៈ ដោយឃើញនូវគុណបំណាច់ របស់អតីតយុទ្ធជន ដែលបានចូលរួម ក្នុងបុព្វហេតុការពារជាតិ មាតុភូមិ និងប្រជាពលរដ្ឋ នាពេលកន្លងទៅ ក្រុមហ៊ុនស្ម័គ្រចិត្តបរិច្ចាគ ដីមួយចំនួន ជូនដល់សមាគមខេត្ត ដែលជាការរួមចំណែក ដោយស្ម័គ្រចិត្ត ក្នុងនាមប្រជាពលរដ្ឋខ្មែរ និងជាសមរភូមមិក្រោយ នៃការខិតខំប្រឹងប្រែង របស់សមាគមអតីតយុទ្ធជនកម្ពុជា៕/V-PC